Connect with us

តើការចុះបញ្ចីល្ខោនខោលខ្មែរ និងល្ខោនខុនថៃ បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិមានលក្ខណៈខុសគ្នាបែបណា?

កាលពីថ្មីៗនេះល្ខោនខោលខ្មែរដែលតំណាងដោយល្ខោនខោលវត្តស្វាយអណ្តែត ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដោយអង្គការយូណេស្កូបានទទួលការអបអរសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរ ក៏ដូចជាមជ្ឈដ្ឋានផ្សេងៗ។ ប៉ុន្តែកាលពីម្សិលមិញសម័យប្រជុំដដែលបានអនុម័តឱ្យល្ខោនដែលមានលក្ខណៈស្រដៀងដូចល្ខោនខោលខ្មែរ ហើយត្រូវប្រទេសថៃហៅថាខុននោះ ក៏ត្រូវបានចុះបញ្ចីបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិផងដែរ។ តើការចុះបញ្ចីនេះមានលក្ខណៈបែបណា បើតាមការបកស្រាយរបស់អ្នកជំនាញ?
តាមរយៈលោក ស៊ីយ៉ុន សុភារិទ្ធ ដែលជាសាស្រ្តាចារ្យនៃមហាវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានឲ្យដឹងថា៖
«ការដាក់បញ្ជូលល្ខោនខោលវត្ថស្វាយអណ្តែត គឺមានន័យថា ជាការទទួលស្គាល់ល្ខោនខោលទូទៅនៅក្នុងប្រទេសកម្ពុជា។ តាមគោលការណ៍និងលក្ខខ័ណ្ឌរបស់អង្គការយូណេស្កូ ការដាក់បញ្ជូលបេតិកភណ្ឌណាមួយ គឺត្រូវយកសហគមន៍មួយ មកជាតំណាង ហើយក្នុងស្ថានភាពល្ខោនខោលបច្ចុប្បន្ន សហគមន៍វត្តស្វាយអណ្តែត គឺសាកសមបំផុត។ ត្បិតល្ខោនខោលវត្តស្វាយអណ្តែតនៅជាប់ខ្លាំងក្នុងជំនឿ និងប្រពៃណីរបស់អ្នកស្រុក។ សូម្បីតែអ្នកតា ដូចជាលោកតាកំហែង (ហនុមាន) ដែលអ្នកស្រុកគោរពណាស់នោះ ក៏ជាតួអង្គធំមួយនៃល្ខោនខោលនោះដែរ។ ដូច្នេះ ល្ខោនខោលវត្តស្វាយអណ្តែត តំណាងល្ខោនខោលនានាក្នុងប្រទេសកម្ពុជា»។
តាមរយៈការផ្សាយលើគេហទំព័រផ្លូវការរបស់យូណេស្កូបានឱ្យដឹងថា៖ ល្ខោនខោលខ្មែរ និង ល្ខោនខុនថៃ បានចូលជាសម្បត្តិបេតិកភ័ណ្ឌអរូបីយដូចគ្នា គ្រាន់តែខុសគ្នាត្រង់ថាស្ថិតនៅក្នុងបញ្ចីរប្រភេទផ្សេងគ្នាតែបុណ្ណោះ។

« ល្ខោនខោលខ្មែរនៅក្នុង List of Intangible Cultural Heritage in Need of Urgent Safeguarding (ជាមរតកដែលត្រូវការឃុំគ្រងរក្សាយ៉ាងយកចិត្តទុកដាក់ជាបន្ទាន់ ទោះរដ្ធ រឺសហគមន៍មានកិច្ចប្រឹងប្រែងខ្លះមកហើយ និងដាស់តឿនសហគមន៍ រឺ រដ្ធ និងអន្តរជាតិឱ្យមានភាពយកចិត្តទុកដាក់)»

«រីឯល្ខោនខុនថៃនៅក្នុង Representative list of the intangible cultural heritage of humanity (ជាមរតកដែលបង្ហាញ និងលើកកំពស់ភាពចម្រុះនៃវប្បធ៌ម)»

យ៉ាងណាម៉ិញ ល្ខោនទាំងពីរនេះសុទ្ធតែទទួលស្គាល់ដោយ លក្ខណៈអន្តរជាតិដូចគ្នា ហើយមិនបានបែងចែកកម្រិតមួយណាល្អជាងមួយណាទេ។ សម្បត្តិវប្បធ៌មមិនមែនចាំបាច់ដាក់បញ្ជីឱ្យសម្រាប់ប្រទេសតែមួយគត់ទេ មានន័យថាវាអាចចែករំលែក។ សម្បត្តិខ្លះត្រូវបានចុះបញ្ជី និងចែករំលែកដោយប្រទេសជាង១០ឯណោះ។ ដូចជាល្បែងទាញព្រ័ត្រជាដើមត្រូវបានទទួលស្គាល់ថាជាសម្បត្តិវប្បធម៌របស់ប្រទេសរួមគ្នាដល់ទៅបួនរួមទាំងខ្មែរផងដែរ។

ចុងក្រោយ ចំណុចដែលអង្គការយូណេស្កូមិនបានអបអរសាទរនៅក្នុងការផ្សាយរបស់ Twitter ផ្លូវការ ដូចល្ខោនខុនប្រទេសថៃនោះដោយសារតែទម្រង់ល្ខោនខ្មែរនៅវត្តស្វាយអណ្តែត ស្ថិតក្នុងហានិភ័យ ដែលត្រូវចូលរួមរក្សាជាបន្ទាន់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម