Connect with us

ពលរដ្ឋប្រមាណ៧ម៉ឺននាក់ ដែលសង្ស័យថាផ្ទុកមេរោគអេដស៍ បានគេចវេស មិនមកទទួលសេវាព្យាបាល

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ផ្នែកប្រយុទ្ធនឹងជម្ងឺអេដស៍ បានអះអាងថា ពលរដ្ឋខ្មែរប្រមាណ ៧ម៉ឺននាក់ ដែលសង្ស័យថា មានផ្ទុកមេរោគអេដស៍ បានគេចវេសមិនទៅរកសេវាព្យាបាល ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន អំឡុងពេលប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជម្ងឺអេដស៍ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងថា កម្ពុជាទទួលបានជោគជ័យខ្លាំង ចំពោះការងារប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ។ ប៉ុន្តែ ឯកឧត្តម នៅតែបារម្ភចំពោះអ្នកផ្ទុកមេរោគអេដស៍ ដែលមិនទៅរកសេវាព្យាបាល ដែលមជ្ឈមណ្ឌលសង្ស័យថា មានប្រមាណ ៧ ម៉ឺននាក់ ។
ឯកឧត្តម អៀង មូលី បានអោយដឹងផងដែរថា អាជ្ញាធរកំពុងស្វែងរកអ្នកមានផ្ទុកមេរោគអេដស៍ដែលមិនមកទទួលសេវាថែរក្សាសុខភាពទាំងនោះ ដែលនេះ ក៏ជាហានិភ័យមួយដែរ ព្រោះពួកគាត់អាចចម្លងទៅអ្នកឯទៀត ។

គួររំលឹកថា ប្រទេសកម្ពុជា បានកំណត់ពេលវេលានៃការលុបបំបាត់មេរោគអេដស៍ និងជំងឺ អេដស៍នេះ ត្រឹមឆ្នាំ ២០២៥ ខណៈដែលបណ្ដាប្រទេសក្នុងពិភពលោក បានកំណត់រហូតដល់ឆ្នាំ ២០៣០ ។
ប៉ុន្តែ បើតាមឯកឧត្តម អៀង មូលី បានលើកឡើងថា នៅដំណាក់កាលចុងក្រោយនេះ ការអនុវត្ដផែនការមានការលំបាកបន្ដិច ព្រោះជំនួយចំពោះការគាំពារអ្នកជំងឺអេដស៍នេះ បានធ្លាក់ចុះ ខណៈដែលកម្ពុជាត្រូវចំណាយថវិកាប្រមាណ ២០ លានដុល្លារក្នុង ១ ឆ្នាំ ដើម្បីធ្វើការងារប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការសហប្រជាជាតិ មានមនុស្សជាង ៣៦ លាននាក់ កំពុងរស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍នៅជុំវិញពិភពលោក។ ជារៀងរាល់ឆ្នាំមានមនុស្សប្រមាណ ១ លាន ៨ សែននាក់ បានកំពុងឆ្លងមេរោគអេដស៍ និង ៩ សែន ៤ ម៉ឺននាក់ បានស្លាប់ដោយសារជំងឺអេដស៍ ខណៈអ្នកជំងឺរាប់លាននាក់ក្នុងពេលបច្ចុប្បន្ន កំពុងទទួលការសង្គ្រោះជីវិតដោយឱសថប្រឆាំងមេរោគអេដស៍ ហើយក៏នៅមានមនុស្សរាប់លាននាក់ទៀតកំពុងត្រូវការការថែទាំសុខភាពរបស់ពួកគេបែបនេះដូចគ្នាដែរ ។
កាលពីឆ្នាំ ២០១៧ កម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៧២០០០ នាក់ក្នុងនោះមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណជាង ៨០ ភាគរយដែលទៅទទួលការថែទាំសុខភាព និងការព្យាបាលបានត្រឹមត្រូវ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម