Connect with us

នាយករដ្ឋមន្រ្តីកម្ពុជា ស្នើរអោយស្ថាប័នរដ្ឋ និងឯកជន បន្តទទួលយកជនពិការដែលមានសមត្ថភាពចូលបម្រើការងារ

ភ្នំពេញ ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី៣ ខែធ្នូនេះ បានចេញសារលិខិតអបអរសាទរទិវាជនទិវារជនពិការអន្តរជាតិ ៣ធ្នូ លើកទី៣៦ ឆ្នាំ២០១៨ ។
ក្នុងសារលិខិតនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានណែនាំគ្រប់ក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន បន្តលើកទឹកចិត្តដល់ជនពិការ ដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញមុខងារ និងតួនាទីទទួលខុសត្រូវ ក្នុងមុខតំណែង ឲ្យមានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង រាប់ទាំងការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការី ជាដើម។

តាមសារលិខិតសម្តេច ក៏បានលើកឡើងថា ទិវាជនពិការ ថ្ងៃ៣ធ្នូ ត្រូវប្រារព្ធឡើង ដើម្បីបង្កើនការយល់ដឹងអំពីបញ្ហាពិការភាព ដោយផ្តោតលើការបង្កលក្ខណៈងាយស្រួលដល់ជនពិការនូវលទ្ធភាពប្រើប្រាស់បាននៅតាមទីសាធារណៈ និងឯកជន ក៏ដូចជាការបំផុសឲ្យគ្រប់ក្រសួង ស្ថាប័ន និង វិស័យឯកជនអនុវត្តការជ្រើសរើសជនពិការឲ្យចូលបម្រើការងារ ការហ្វឹកហ្វឺនបផ្នែក ផ្សេងៗជាច្រើន។
បច្ចុប្បន្ន គោលនយោបាយ និងផែនការយុទ្ធសាស្ត្រសំខាន់ៗ របស់រដ្ឋាភិបាល ដោយផ្តោតលើការកាត់បន្ថយភាពក្រីក្ររបស់ជនពិការ ការផ្តល់សេវាសុខភាព សមត្ថភាព និងការការពារជនពិការ ជាដើម។ ក្នុងនោះ រដ្ឋាភិបាល បានផ្តល់កម្មសិទ្ធិដីធ្លី និងបានកសាងលំនៅដ្ឋានជូនជនពិការ ផ្តល់សេវាស្តារលទ្ធភាពពលកម្ម នៅសហគមន៍ ដើម្បីចូលរួមចំណែកជួយដល់ជនពិការក្រីក្រ លើកកម្ពស់ជីវភាព ការអប់រំ ការព្យាបាល ការស្តារលទ្ធភាពពលកម្ម កាយសម្បទា និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ ជាពិសេសម្រាប់ជនពិការគថ្លង់ និងជនពិការភ្នែកផងដែរ។

ក្រៅពីនេះ រាជរដ្ឋាភិបាល ក៏បានរៀបចំបង្កើតឲ្យមានអក្សរស្ទាប និងភាសាសញ្ញាសម្រាប់ជនពិការភ្នែក និងជនពិការគថ្លង់ ដោយបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សានៃវិស័យអប់រំផងដែរ។
បើតាមតួរលេខ បានអោយដឹងថា ចំនួនជនពិការនៅកម្ពុជា មាន ៥២៤០០០នាក់ ស្មើ ៤ភាគរយ នៃចំនួនប្រជាជនសរុប គិតត្រឹមឆ្នាំ២០១៤ ។ ប៉ុន្តែដោយសារតែការកើនឡើងនូវគ្រោះថ្នាក់ចរា ចរណ៍ រួមនឹងអាត្រានៃអ្នកជម្ងឺលើសឈាម ចំនួនជនពិការ អាចមានចំនួនច្រើនជាងនេះ បើគិតមកទល់ឆ្នាំ២០១៨ ខណៈការចុះធ្វើជំរឿន នឹងត្រូវធ្វរៀងរាល់ ៥ ទៅ ១០ឆ្នាំម្តង ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម