Connect with us

កម្ពុជា នឹងសាងសង់កំពង់ផែទេសចរណ៍នៅក្រុងព្រះសីហនុ និង កោះរ៉ុង ខេត្តព្រះសីហនុ ក្រោមជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី

ខេត្តព្រះសីហនុ ៖ កម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តកែប និង ព្រះសីហនុ ក្រោមជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងទំហំទឹកប្រាក់ ៣០លានដុល្លាអាមេរិក។
ការប្រកាសចាប់អនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ជំហានទី២នេះ បានធ្វើឡើងក្រោយកិច្ចប្រជុំ គណកម្មការអភិវឌ្ឍន៍ទេសចរណ៍ ដែលដឹកនាំដោយឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីពេលថ្មីៗនេះ ។


បើយោងតាមឯកឧត្តម ទិត ចន្ថា មានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ទេសចរណ៍ជំហានទី២នេះ រួមមាន គម្រោងកសាងកំពង់ផែទេសចរណ៍នៅក្រុងព្រះសីហនុ និង នៅកោះរ៉ុង ខេត្តព្រះសីហនុ និង គម្រោងធ្វើផ្លូវទេសចរណ៍តាមបណ្ដោយឆ្នេរសមុទ្រព្រះសីហនុ និង ផ្លូវដើរតាមមាត់សមុទ្រនៅកោះរ៉ុង ។ ក្រៅពីនេះ ក៏មានគម្រោងរៀបចំបង្កើតទីលានចាក់សំរាម និងសម្ភារសម្អាតទីក្រុងនៅខេត្តកែប និង គម្រោងបីទៀតនៅខេត្តព្រះសីហនុ រួមនឹងគម្រោងបង្កើតរោងចក្រសម្អាតទឹកកខ្វក់ ។ ជាមួយគ្នានេះ ក៏មានការអនុវត្តស្តង់ដាទេសចរណ៍អាស៊ាន នៅខេត្តតំបន់ឆ្នេរទាំងបួន ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងមានប្រព័ន្ធស្ដង់ដាសុវត្ថិភាព ។


ឯកឧត្តម ទិត ចន្ថា មានប្រសាសន៍បន្តថា ក្រសួងទេសចរណ៍ និងធនាគារ ADB បានចាប់ផ្ដើមអនុវត្តជំហានទី១បណ្ដើរៗមកហើយ នូវគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ប្រកបដោយបរិយាប័ន្ន នៅក្នុងមហាអនុតំបន់ទន្លេគង្គ (GMS) ក្នុងនោះមានគម្រោងកំពង់ផែទេសចរណ៍ នៅខេត្តកំពត គម្រោងបង្កើតប្រព័ន្ធសម្អាតទឹកកខ្វក់នៅផ្សារក្ដាម ខេត្តកែប គម្រោងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍នៅខេត្តកំពត ខេត្តកែប និងខេត្តកោះកុង ដែលគម្រោងមួយនេះ បាននិងកំពុងអនុវត្តប្រកបដោយជោគជ័យ ។
គួររលឹកថា ក្រសួងទេសចរណ៍និងស្ថាប័នពាក់ព័ន្ធ ក៏កំពុងពិភាក្សាគ្នាអំពីការរៀបចំបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ ដែលរំពឹងថា នឹងក្លាយជាផលិតផលទេសចរណ៍ថ្មី ក្នុងការជំរុញការទាក់ទាញទេសចរបរទេសបន្ថែមទៀត ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម