Connect with us

អូស្រ្តាលី នឹងតម្រង់ទិសនៃកិច្ចសហប្រតិបត្តិការ អោយស្របនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់ កម្ពុជា

ភ្នំពេញ ៖ ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា បានអះអាងថា នឹងតម្រង់ទិសនៃកិច្ចសហប្រតិបត្តិការរវាងអូស្រ្តាលីជាមួយនឹងកម្ពុជា អោយស្របទៅនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់ កម្ពុជា ។
ការអះអាងនេះ បានធ្វើឡើងខណៈដែលលោកស្រី Angela Corcoran ឯកអគ្គរាជទូតអូស្រា្តលីប្រចាំនៅកម្ពុជា បានជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី រ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
កិច្ចពិភាក្សានោះ ផ្តោតជាសំខាន់ទៅលើកិច្ចសហប្រតិបត្តិការថ្មីរបស់់ប្រទេសអូស្រ្តាលី សម្រាប់ឆ្នាំ២០១៩-២០២២ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅកម្ពុជា ក៏ដូចជាការពង្រឹងតួរនាទីរបស់ប្រទេសអូស្រ្តាលីនៅ ក្នុងតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។


លោកស្រី ឯកអគ្គរាជទូត បានទទួលស្គាល់ថា កម្ពុជាពិតជាមានការរីកចម្រើន និងផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ហើយបានបញ្ជាក់បន្ថែមថា អូស្រ្តាលី នឹងខិតខំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរ ដោយតម្រង់វិស័យនៃកិច្ចសហប្រតិបត្តិការឲ្យស្របទៅនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៏ជាតិរបស់កម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណដល់អូស្រ្តាលី ដែលបានរួមចំណែកផ្តល់ការគាំទ្រក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ។


ឯកឧត្តម បានបញ្ជាក់ថា កម្ពុជា តែងតែចាត់ទុកអូស្រ្តាលី ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយក្នុងតំបន់ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចដំណើរការនៃការកសាងសន្តិភាព នៅប្រទេស កម្ពុជា រួមនឹងការស្តារ និងអភិវឌ្ឍន៍ មកដល់បច្ចុប្បន្ន។
គួររំលឹកថា គម្រោង២ ដែលអូស្រ្តាលី កំពុងដំណើរការក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍនៅកម្ពុជា មានដូចជា៖

  1. វិស័យអភិបាលកិច្ច៖ កម្មវិធីកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្រ្តាលី ដើម្បីសេវាប្រកបដោយសមធម៏ និងនិរន្តភាព «Australia-Cambodia Cooperation for Equitable Sustainable Services-ACCESS» ក្នុងទឹកប្រាក់ហិរញ្ញប្បទានឥតសំណងប្រមាណ ២៥លានដុល្លារអូស្រ្តាលី ដែលកម្មវិធីនេះមានទិសដៅជារួមក្នុងការជួយ ដល់ប្រជាពលរដ្ឋកម្ពុជាដែលងាយរងគ្រោះ ដូចជា ជនពិការ និងស្រ្តីដែលរងគ្រោះដោយអំពើហឹង្សាជាដើម។
  2. វិស័យហេដ្ឋារចនាសម្ព័ន្ធ៖ កម្មវិធីការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ «Investing In Infra- structure-3i» ក្នុងទឹកប្រាក់ហិរញ្ញប្បទានឥតសំណងប្រមាណ ៤៥.៤លានដុល្លារអូស្រ្តាលី ដែលកម្មវិធីនេះមានទិសដៅជារួមក្នុងការការកសាង ឬការពង្រឹងបណ្តាញចែកចាយ និងតភ្ជាប់សម្រាប់ពង្រីកលទ្ធភាពផ្គត់ផ្គង់ថាមពលអគ្គិសនី និងទឹកស្អាតនៅតាមទីប្រជុំជន និងជនបទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងមានគោលដៅអភិវឌ្ឍន៍ផ្នែកឯកជនក្នុងស្រុក សម្រាប់ជំរុញអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម