Connect with us

វីវរហើយ! នៅឆ្នាំ២០១៩ ក្រសួងឧស្សាហកម្ម នឹងដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតឯកជន ដែលមិនអនុវត្តតាមផែនការអាជីវកម្ម

ភ្នំពេញ ៖ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតឯកជន ដែលមិនអនុវត្តតាមផែនការអាជីវកម្ម នឹងត្រូវដកអាជ្ញាប័ណ្ណ មិនអោយធ្វើប្រតិបត្តិការបន្តទៀតនោះទេ នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និង សិប្បកម្ម ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានធ្វើការព្រមាន បែបនេះ នៅថ្ងៃទី ៣ ខែធ្នូ ក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីកម្មវិធី « Pay As You Save» និងការបង្ហាញលទ្ធផលគម្រោងកែលម្អស្ថានីយ ទឹកស្អាតក្រុងដូនកែវ ខេត្តតាកែវ ។
បើតាម ឯកឧត្តម ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ មានក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតឯកជនជាច្រើន មិនបានពង្រីកតំបន់ចែកចាយ តាមផែនការដែលបានបង្ហាញដើម្បីទទួលបានអាជ្ញាប័ណ្ណ ពីក្រសួងនោះទេ។


ដូចនេះ ប្រសិនបើប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត មិនអាចពង្រីកបណ្ដាញចែកចាយទៅដល់តំបន់ជាច្រើន តាមផែនការ ដែលបានសន្យា ក្រសួងនឹងចាត់វិធានការដកអាជ្ញាប័ណ្ណ ចាប់ពីឆ្នាំ២០១៩ ដោយអនុញ្ញាតឲ្យប្រតិបត្តិករថ្មីៗ ជំនួសវិញ ។
ទន្ទឹមគ្នានេះ ឯកឧត្តម រដ្ឋមន្ដ្រី ក៏បានជំរុញឲ្យក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ត្រូវបំពាក់បច្ចេកវិទ្យា និង គំរូពាណិជ្ជកម្មថ្មីៗ ក្នុងការជំរុញប្រសិទ្ធភាពការគ្រប់គ្រងទឹកស្អាត ដើម្បីអាចពង្រីកតំបន់ចែកចាយ ។


បើតាមរបាយការណ៍បានឲ្យដឹងថា ក្រសួងឧស្សាហកម្ម បានផ្ដល់អាជ្ញាប័ណ្ណ ២៤០ ដល់ក្រុមហ៊ុនទឹកស្អាតឯកជន សម្រាប់ការផ្គត់ផ្គង់ទូទាំងប្រទេស។ ក្រៅពីនេះ មានសហគ្រាសទឹកស្អាតគ្រប់គ្រងដោយរដ្ឋ ១០ ផ្សេងទៀតផងដែរ ។ ប្រតិបត្តិករទាំងអស់រួមបញ្ចូលគ្នា អាចផ្គត់ផ្គង់ទឹកស្អាតប្រហែល ១ ភាគ ៣ ប៉ុណ្ណោះនៃប្រជាជនកម្ពុជា ដែលភាគច្រើននៅតំបន់ទីក្រុង ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម