Connect with us

កុំភ្លេចចូលរួមដង្ហែរអដិ្ឋធាតុរបស់លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី ៥ខែធ្នូ នាក្រុងសៀមរាប

សៀមរាប ៖ អដិ្ឋធាតុរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផា នឹងត្រូវធ្វើការដង្ហែរនៅខេត្តសៀមរាប នាថ្ងៃទី៥ ខែធ្នូស្អែកនេះ ដោយគ្រោងមានការចូលរួម ពីសាធារណៈជនរាប់ពាន់នាក់ ។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប បានអោយដឹងថា អដ្ឋិធាតុ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា នឹងដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៨៖០០នាទីព្រឹក តាមប្លង់ដងផ្លូវក្នុងក្រុងសៀមរាប រួចសំដៅទៅកាន់ចេតិយនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ។


ក្នុងន័យនេះ រដ្ឋបាលខេត្ត ក៏បានអញ្ជើញសាធារណជន ចូលរួមឈរអមសងខាងផ្លូវក្នុងស្លៀកសំលៀកបំពាក់អាវស ខោខៀវ ឬ ខ្មៅ ទទួលការដង្ហែអដ្ឋិធាតុលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner ដើម្បីជាការចូលរួមសំដែងនូវទឹកចិត្តគោរពស្រឡាញ់ចំពោះការពលីគ្រប់បែបយ៉ាងស្ទើរពេញមួយជិវិតរបស់លោកជាមួយប្រជាជនកម្ពុជា ។
បើតាមរដ្ឋបាលខេត្តសៀមរាប ក៏បានអោយដឹងថា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ព្រះករុណាជាអម្ចាស់ជីវិត តម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា និងសម្តេចមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេរ នឹងយាងចូលរួមពិធីបង្ស កូលឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផានេះផងដែរ ។
គួររំលឹកថា លោកវេជ្ជបណ្ឌិត Beat Richner ជាស្ថាបនិកបង្កើតនៅមន្ទីពេទ្យគន្ធបុប្ជា និងបានជួយដល់កុមារកម្ពុជា ជាច្រើនរាប់មិនអស់។


សូមបញ្ជាក់ថា បន្ទាប់បានធ្លាក់ខ្លួនឈឺអស់ជាច្រើនខែ លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពក្នុងជន្មាយុ ៧១ឆ្នាំ នៅប្រទេសស្វីស ដែលជាប្រទេសកំណើតរបស់លោក។ បើទោះបីជាគ្មានឈាមជ័រជាខ្មែរ លោកវេជ្ជបណ្ឌិត Beat Richner បានចំណាយពេលស្ទើរតែពាក់កណ្តាលជីវិតចុងក្រោយរបស់លោក ដើម្បីកុមារកម្ពុជា ។
មរណភាពរបស់លោកវេជ្ជបណ្ឌិត Beat Richner នៅថ្ងៃទី០៩ ខែកញ្ញា បាននាំឲ្យប្រជាពលរដ្ឋខ្មែរ នឹកស្តាយស្រណោះអាឡោះ អាល័យយ៉ាងខ្លាំងចំពោះរូបលោក ក៏ដូចជាទង្វើប្រកបដោយគុណធម៌របស់លោកចំពោះកុមារកម្ពុជា ផងដែរ ។ អដ្ឋិធាតុរបស់លោក នឹងត្រូវបានយកតម្កល់នៅក្នុងចេតិយ មួយដែលបានកសាងឡើងនៅក្នុងមន្ទីរពេទ្យគន្ធបុប្ជា នាខេត្តសៀមរាប៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម