Connect with us

ចឹងបានចង្អៀតពន្ធនាគារ! ដោយសារនីតិវិធីជម្រះក្តីយឺតយ៉ាវ ទើបជនជាប់ចោទចំនួនជាង២ម៉ឺននាក់ កំពុងជាប់ឃុំ រង់ចាំការក្តី

ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអះអាងថា ភាពយឺតយ៉ាវ នៃនីតិវិធីក្នុងការជម្រះក្ដី បានធ្វើអោយចំនួនអ្នកជាប់ឃុំ កើនឡើងយ៉ាងច្រើន បង្កឱ្យមានផលប៉ះពាល់ដល់ការលើកកម្ពស់សុខមាលភាព និង ការផ្តល់សេវាចាំបាច់នានា នៅតាមពន្ធនាគារទូទាំងប្រទេស ។
ថ្លែងក្នុងសិក្ខាសាលា នៅថ្ងៃទី ៤ ខែធ្នូ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឲ្យដឹងផងដែរថា បច្ចុប្បន្ននេះ ពន្ធនាគារទាំង ២៨ នៅទូទាំងប្រទេសបាន ផ្ទុកអ្នកជាប់ឃុំជាង៣ម៉ឺននាក់ ហើយអ្នកជាប់ឃុំ ជាទណ្ឌិតមានប្រមាណ ៩,០០០ នាក់ ។ ក្រៅពីនោះ អ្នកដែលជាប់ឃុំ កំពុងរងចាំនីតិវិធីតុលាការមានចំនួនជាង ២ ម៉ឺននាក់។


ទន្ទឹមគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងបន្ថែមថា យុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀន ដែលកម្ពុជា បាននិងកំពុងអនុវត្តយ៉ាងសស្រាក់សស្រាំ នៅទូទាំងប្រទេស ក៏បានរួមចំណែកមួយផ្នែក ដល់ការកើនឡើង នៃចំនួនអ្នកជាប់ឃុំផងដែរ ។
ទោះយ៉ាងនា សម្តេច ស ខេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំកសាងពង្រីកបន្ថែម និង កែលម្អហេដ្ឋារចនាសម្ព័ន្ធមន្ទីរឃុំឃាំង នៅតាមបណ្ដា រាជធានី-ខេត្ត ដើម្បីបន្ធូបន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ ។ ជាមួយនេះ ក្រសួងមហាផ្ទៃ និង ស្ថាប័នពាក់ព័ន្ធ បាននឹងកំពុងយកចិត្ត ទុកដាក់រកវិធីដើម្បីបង្កើតយន្ដការពន្លឿន នីតិវិធីក្នុងការជម្រះក្ដីជនជាប់ឃុំ ។
សម្តេច ស ខេង បានសង្កត់ធ្ងន់ថា ក្រសួងពាក់ព័ន្ធ នឹងពិនិត្យមើល ក្នុងចំណោមអ្នកជាប់ឃុំ ចំនួន ២០០០០នាក់នេះ ថាតើមានមូលហេតុអ្វីខ្លះ ដែលមិនអាចជម្រុញនិតិវិធីកាត់ក្តីបាន។


គួររំលឹកថា ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងាររៀបចំខ្លឹមសារនៃកិច្ចប្រជុំពន្លឿននីតិវិធីជំនំជម្រះក្តី និង ចេញសាលក្រម ឬសាលដីកាស្ថាពរ កាលពីថ្ងៃទី ២៧ ខែវិចិ្ឆកាឆ្នាំ ២០១៨ កន្លងទៅថ្មីនេះ ។ ការពន្លឿននេះ បានធ្វើឡើង បន្ទាប់ពីមានរបាយការណ៍ចេញដោយអង្គការសិទ្ធិមនុស្ស ដែលបានលើកឡើងថា ចំនួនអ្នកជាប់ឃុំបានកើនឡើងដល់កម្រិតខ្ពស់ ដែលមិនធ្លាប់មានពីមុនមក ដោយធ្វើឲ្យមានភាពចង្អៀតណែន ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម