Connect with us

ស្ថាប័នជំនាញ ចាប់ផ្តើមរៀបចំប្រព័ន្ធការពារទឹកកង្វក់ និងសំណល់ មិនអោយហូរចូលសមុទ្រ នៅក្រុងព្រះសីហនុ

ព្រះសីហនុ: ក្រសួងសាធារណៈការ និងដឹកជញ្ជូន នឹងរៀបចំកែលម្អ និងពង្រីកបន្ថែមនូវសមត្ថភាពរបស់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងទីលានសម្ងួតភក់ក្នុងក្រុងព្រះសីហនុ លើផ្ទៃដីទំហំ ១៦ហិកតា ។
ការរៀបចំកែលម្អនេះ បានធ្វើឡើងបន្ទាប់ពីទទួលបានការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា តាម រយៈទីស្តីការគណៈរដ្ឋមន្រ្តី បន្ទាប់ពីក្រសួងចំនួន៤ បានចុះ ពិនិត្យ និងសិក្សារួច ព្រមទាំងបានដាក់របាយការណ៍ពីបញ្ហាប្រឈម និងដំណោះស្រាយសម្រាម ប្រព័ន្ធលូទឹកស្អុយ និងទីលាន សម្ងួតភក់ ក្នុងក្រុងព្រះសីហនុ ។ ការរៀបចំកែលម្អនេះ គឺ ដើម្បីបង្កើនសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ពី ៥ ៧០០ ម៉ែត្រគុបក្នុងមួយថ្ងៃ ឲ្យកើនដល់ ២៥ ០០០ ម៉ែត្រគុបក្នុងមួយថ្ងៃ ដោយបំពាក់ប្រព័ន្ធម៉ាស៊ីនមេកានិកស្វ័យប្រវត្តិបន្ថែម ។ ក្រសួងសាធារណៈការ និងដឹកជញ្ជូន នឹងរៀបចំផែនការ និងការចុះអនុវត្តក្នុងរយៈពេលពី ៣ ទៅ ៥ ខែ។
ទីស្តីការគណៈរដ្ឋមន្រ្តី ក៏បានណែនាំអោយគណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (ត.អ.ឆ.ក) ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងអាជ្ញាធរខេត្តព្រះសីហនុ រៀបចំស្ថានីយបូមបង្វែរទឹកកខ្វក់ កុំឲ្យហូរចូលក្នុងសមុទ្រចំនួន ៤ ទីតាំង រួមមាន ឆ្នេរឯករាជ្យ អូរសម្អាត ឆ្នេរសុខា និងឆ្នេរអូរឈើទាល ដើម្បីបូមបង្វែរទឹកកខ្វក់ទាំងអស់ពីទីតាំងទាំងនេះបញ្ជូនទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ដោយមិនឲ្យហូរចូលសមុទ្រវិញឡើយ។


ក្រៅពីនេះ ទីស្តីការគណៈរដ្ឋមន្រ្តី ក៏បានជូនដំណឹងអោយគ្រប់សណ្ឋាគារ ភោជនីយដ្ឋាន និងសំណង់ទាំងអស់ ត្រូវរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ មុននឹងបង្ហូរចូលទៅលូសាធារណៈ។ រាល់ការដ្ឋានសំណង់អគារគ្រប់ប្រភេទ ត្រូវធ្វើរបងហ៊ុំព័ទ្ធការដ្ឋានយ៉ាងតិច ២ ម៉ែត្រ ដោយរៀបចំជើងរបងអំពីបេតុងកម្ពស់យ៉ាងតិច ៨០ សង់ទីម៉ែត្រ ដើម្បីកុំឲ្យដីសំណល់រឹង និងរាវ ហៀរចេញពីការដ្ឋានទៅលើផ្លូវ ចិញ្ចើមផ្លូវ ដីចំណីឆ្នេរ ឆ្នេរសមុទ្រ ព្រែក អូរ បឹង និងទីសាធារណៈ ក្នុងគោលដៅធានាសុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ សោភ័ណភាព និងបរិស្ថាន។
គួររំលឹកថា នៅពេលថ្មីៗនេះ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ជាច្រើន បានធ្វើការរិះគន់ទៅលើបញ្ហាបរិស្ថាន នៅតាមឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ ដោយសារតែឃើញមានការបង្ហូរទឹកកង្វក់ ចូលទៅក្នុងសមុទ្រ ដែលធ្វើអោយប៉ះពាល់ដល់តំបន់ទេសចរណ៍មាត់សមុទ្រយ៉ាងខ្លាំង ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម