Connect with us

ខេត្តបន្ទាយមានជ័យ កំពុងរងឥទ្ធិពលនៃការចរាចរគ្រឿងញៀនឆ្លងកាត់ព្រំដែន

បន្ទាយមានជ័យ ៖ អភិបាលរងខេត្តបន្ទាយមានជ័យ បានអះអាងថា ខេត្តជាប់ព្រំដែនជាមួយ ប្រទេសថៃមួយនេះ បានកំពុងរងឥទ្ធិពលនៃការចរាចរគ្រឿងញៀនឆ្លងកាត់ ដែលបង្កបញ្ហាស្មុគ្រ ស្មាញជាច្រើន ។
ការអះអាងនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍៩ខែ និង លើកទិសដៅឆ្នាំ២០១៨ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពីតំណាងគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនគ្រប់ជាន់ថ្នាក់ និងម្ចាស់ទីតាំងសេវាកំសាន្តសប្បាយ ផ្ទះសំណាក់ សណ្ឋាគារ ក្លឹបកំសាន្ត ខារ៉ាអូខេ ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យ បានអោយដឹងថា ខេត្តនេះ មិនមែនជាមូលដ្ឋាននៃការផលិតគ្រឿងញៀននោះទេ ប៉ុន្ដែ បាននឹងកំពុងទទួលរងឥទ្ធិពលនៃការចរាចរគ្រឿងញៀនឆ្លងកាត់ បង្កឲ្យមានបញ្ហាស្មុគស្មាញដល់បញ្ហាអសន្ដិសុខ សណ្ដាប់ធ្នាប់ និងការអភិវឌ្ឍន៍សង្គម ។


ទោះយ៉ាងណា អាជ្ញាធរខេត្តបន្ទាយមានជ័យ បានអនុវត្តវិធានការទាំង៥ ដោយធ្វើការអប់រំផ្ទាល់មានអ្នកចូលរួមសរុបចំនួន១០១.៥៩៣នាក់ និង បង្រ្កាបបទល្មើសគ្រឿងញៀន បាន៣២៣ករណី ដោយឃាត់ខ្លួនជនល្មើស ៩២១នាក់ (ជនជាតិបរទេស២២នាក់) និង ដកហូត បានវត្ថុតាង មួយ ចំនួន។
ថ្លែងក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងការកោតសសើរ ចំពោះអាជ្ញាធរខេត្ត និង មូលដ្ឋាន ដែលបានខិតខំបង្ការទប់ស្កាត់ និង បង្រ្កាបបទល្មើសគ្រឿងញៀន ពិសេសទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន ព្រមទាំងជម្រុញអ្នកញៀនគ្រឿងញៀន ទៅទទួលការព្យាបាលនៅតាមមណ្ឌលសុខភាព មន្ទីរបង្អែក ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ។


ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានធ្វើការស្នើរដល់គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ជម្រុញសកម្មភាពគណកម្មការសម្របសម្រួលការងារព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍គ្រប់ឃុំសង្កាត់ ដើម្បីបញ្ជូនអ្នកញៀនទៅទទួលយកការព្យាបាលនៅតាមមណ្ឌលសុខភាព ពេទ្យបង្អែក ទាំង៣០កន្លែង ។ ទន្ទឹមនេះ ត្រូវខិតខំកសាងជនបង្គោល សម្រាប់ការងារផ្សព្វផ្សាយផ្តល់ការយល់ដឹងទៅគ្រប់គោលដៅទាំងអស់ ពិសេសគោលដៅក្លឹបកំសាន្តសប្បាយ ផ្ទះសំណាក់ សណ្ឋាគារ បន្ទប់ជួល សិស្សអវត្តមានពីការសិក្សាច្រៀន ជនមិនមានមុខរបរច្បាស់លាស់ អ្នកបើកបរ និងតំបន់មិនទាន់រៀបរយ ជាដើម ។


ជាមួយនេះ ត្រូវបន្តចាត់វិធានការអនុវត្តវិធានការរដ្ឋបាល និងច្បាប់ឲ្យបានតឹងរឹង កុំឲ្យជនល្មើសឆ្លៀតឱកាសប្រព្រឹត្តបទល្មើសជ្រកក្រោមស្លាកសញ្ញាអាជីវកម្មគ្រប់ប្រភេទ ។
បើតាមរបាយការណ៍ បានឲ្យដឹងថា រយៈពេលជាង១១ខែ ក្នុងឆ្នាំ២០១៨ សមត្ថកិច្ចទូទាំងប្រទេស បានបើកប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀន ចំនួន ៧,២២៩លើក និង បានឃាត់ខ្លួនអ្នកពាក់ព័ន្ឋបានចំនួន ១៤,៤៨៨នាក់ (ស្រី១,២០០នាក់) ក្នុងនោះ ជនបរទេស ២៤២នាក់ (ស្រី៤២នាក់) ដែលមាន១៨សញ្ជាតិ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម