Connect with us

ពិតជាមិនគួរអោយជឿ! កសិដ្ឋានចម្ការចេក ទំហំ៣០០ហិកតា ត្រូវការមនុស្សតែម្នាក់ មកគ្រប់គ្រង ជាមួយនឹងបច្ចេកវិទ្យាថ្មី កសិកម្មឆ្លាតវៃ

ប្រទេសចិន ៖ កសិករនៅតំបន់ គ័ងស៊ី (Guangxi) ភាគខាងត្បូងប្រទេសចិន បានងាកមកប្រើ បច្ចេកវិទ្យាថ្មីៗសម្រាប់គ្រប់គ្រងចម្ការ និងបង្កើនភាពច្បាស់លាស់នៃការដាំដំណាំ ។ ធ្វើបែបនេះ ម្ចាស់កសិដ្ឋាន អាចកាត់បន្ថយការចំណាយទៅលើធនធានថាមពល និងកម្មករផងដែរ ។

តំបន់ គ័ងស៊ី ស្ថិតក្នុងចំណោមតំបន់ដាំចេកដ៏ធំបំផុតនៅប្រទេសចិន ។ នៅឯកសិដ្ឋានដំណាំចេកមួយ ដែលមានទំហំ៣០០ហិចតា គេត្រូវការមនុស្សត្រឹមម្នាក់ និង កម្មវិធីតែមួយប៉ុណ្ណោះនៅក្នុងទូរស័ព្ទដៃ ដើម្បីគ្រប់គ្រងកសិដ្ឋានទាំងមូល ។ វាជារឿងដែលមិនអាចធ្វើទៅរួចនោះទេ កាលពីសម័យមុន ។

លោក តឹង នីង អ្នកគ្រប់គ្រង ចម្ការចេក បានអោយដឹងថា កិច្ចការទីមួយដែលលោកធ្វើប្រចាំថ្ងៃនោះ គឺ មិនមែនដើរមកចំការនោះទេ គឺខ្ញុំឆែកមើលសារដែលមាននៅក្នុងទូរស័ព្ទដៃរបស់លោក វិញ។ ដោយគ្រាន់តែប្រើកម្មវិធីក្នុងទូរស័ព្ទ លោកអាចដឹងថា ដីនៅផ្នែកណាខ្លះ ដែលត្រូវការ អោយស្រោចទឹក ហើយដីណាខ្លះដែលត្រូវការដាក់ជី ។ លោក អាចសម្រេចកិច្ចការនេះបាន ដោយគ្រាន់តែបញ្ជាពីទូរស័ព្ទតែប៉ុណ្ណោះ! វាពិតជាងាយណាស់ ។ ដូច្នេះបើសិនជាមិនមានការអ្វីចាំបាច់ទេនោះ លោក មិនចាំបាច់ដើរមកចំការនោះទេ ។

ក្រុមដែលនៅពីក្រោយ Software នេះ បានបញ្ចូលបច្ចេកវិទ្យាទំនើបៗ និង បំពាក់ប្រព័ន្ធចាប់ចលនា ឬ Sensor ព្រមទាំងប្រព័ន្ធផ្ទុកទិន្នន័យក្នុងលំហរអាកាស ឬ Cloud ដ៏ឆ្លាតវៃ ដើម្បីធ្វើ អោយកម្មវិធីដែលគេបានសរសេរឡើងអាចយកទៅប្រើបានច្រើនកាលៈទេសៈ ។

លោក វឹន ពែវថាង ប្រធានក្រុមប្រឹក្សា ក្រុមហ៊ុន Guangxi Jiejiarun Technology Co., Ltd. បានអោយដឹងថា អ្នកប្រើ អាចមើលឃើញដោយផ្ទាល់អំពីស្ថានភាពនៃដីគ្រប់ផ្នែកតែម្ដង ដូចជាកម្រិតសើម និង សីតុណ្ហភាពនៃដីជាដើម ។ ក្រុមហ៊ុន បានបង្កើតក្បួនមួយដ៏ស្មុគស្មាញ ដើម្បីគណនាអោយដឹងថាតើដំណាំមួយណាត្រូវការសារធាតុចិញ្ចឹមប៉ុន្មាន ដូចជាធាតុនីដ្រូហ្ស៊ែន ធាតុផូរស្វ័រ ប៉ូតាស្យូម និង ធាតុផ្សេងៗទៀតដែលមានកំហាប់ទាបចំនួនប៉ុន្មានក្រាមនៅក្នុងមួយថ្ងៃ ។ បន្ទាប់មក គេអាចដាក់សារធាតុចិញ្ចឹមទៅតាមតម្រូវការជាក់ស្ដែងរបស់ដំណាំនោះ ។ បច្ចេកវិទ្យានេះ ធ្វើអោយគេអាចដាំដំណាំបានយ៉ាងច្បាស់លាស់ ដោយសន្សំសំចែថាមពល និងធនធានផ្សេងៗ។

លោក ជិន វ័យគ័ង កសិករ បានអះអាងថា គាត់ អាចសន្សំសំចៃទឹក បានដល់ទៅជាង៥០ភាគរយ និង សន្សំជី បានជាង៣០ភាគរយ ហើយក៏សន្សំលើថ្លៃពលកម្មរបស់កម្មករដែរ ។ កាលពីមុន មនុស្សម្នាក់អាចមើលការខុសត្រូវចម្ការ បានត្រឹមតែ២ហិចតាប៉ុណ្ណោះ។ តែឥឡូវ អាចកាត់បន្ថយការចំណាយបានដល់ទៅ២៦០០ដុល្លារអាមេរិកឯណោះ នៅក្នុងដីមួយហិចតា ។

សូមបញ្ជាក់ថា ចំការប្រហែល៣ម៉ឺន៣ពាន់ហិចតានៅតំបន់គ័ងស៊ី កំពុងប្រើបច្ចេកវិទ្យានេះ ។ វិធីដាំដំណាំដ៏ច្បាស់លាស់ កាត់បន្ថយការបំពុលបរិយាកាស តាមរយៈការកាត់បន្ថយពេលវេលាដែលអ្នកយាមចំការត្រូវចំណាយ សម្រាប់ដើរត្រួតពិនិត្យមើលដំណាំ និងតាមរយៈការធានាបានថា ដំណាំនីមួយៗ ទទួលបានសារធាតុចិញ្ចឹមដែលវាត្រូវការបានយ៉ាងត្រឹមត្រូវ ជាហេតុនាំអោយដំណាំនោះ មានគុណភាពកាន់តែល្អ ។

ដោយហេតុថាបច្ចេកវិទ្យាថ្មីៗកំពុងមានកសិករយកទៅប្រើទូទាំងប្រទេសចិន វិស័យកសិកម្មនៅទីនោះ នឹងទទួលបានទិន្នផលកាន់តែខ្ពស់ ដោយកាត់បន្ថយការបំពុលបរិយាកាស ព្រមទាំងសន្សំថាមពល និង ធនធានផ្សេងៗផងដែរ ៕

    

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម