Connect with us

ដឹងទេ តួរឯកស្រីក្នុងរឿងម្ចាស់របាំងមុខ កញ្ញា សឿន ទេព្ពី គឺជានិស្សិតពេទ្យធ្មេញឆ្នាំទី៧ និងជាប្រធាន…

ភ្នំពេញ ៖ ស្ថិតក្នុងវ័យ ២២ឆ្នាំ កញ្ញា សឿន ទេព្ពី គឺជានិស្សិតឆ្នាំទី៧ ផ្នែកទន្តបណ្ឌិត(ពេទ្យធ្មេញ) នៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត និង ជាប្រធានសមាគមនិស្សិតទន្តសាស្ត្រកម្ពុជា បានក្លាយជាតួរសម្តែងស្រីដ៏លេចធ្លោម្នាក់ក្នុងរឿង ម្ចាស់របាំងមុខ ដែលជាភាពយន្តខ្លី បានទទួលរង្វាន់ជ័យលាភីក្នុងកម្មវិធីមហោស្រពភាពយន្តខ្លីថ្នាក់ជាតិ ២០១៨ កាលពេលថ្មីៗនេះ ។
ផ្តល់សំភាសន៍ដល់ MYTV Plus កញ្ញា សឿន ទេព្ពី បានអោយដឹងថា ៖ «ការពិតសិល្បៈ គឺជាក្តីស្រមៃរបស់ខ្ញុំ ជាពិសេសផ្នែកនិពន្ធ និងដឹកនាំរឿង ។ វាពិតជាឱកាសពិសេស ដែលកាលពីដើមខែសីហា ឆ្នាំ២០១៨ នាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំឲ្យមានវគ្គបង្រៀនតែងនិពន្ធ និង ដឹកនាំរឿង ( Script writing and directing) ។»
កញ្ញា សឿន ទេព្ពី បានបន្តអោយដឹងទៀតថា កញ្ញា ក៏បានចូលរៀនវគ្គនេះ ជាមួយលោកគ្រូ Deependra Gauchan និង Matthew Robinson ។ ហើយវាជាជំហានដំបូងដែល កញ្ញា ចូលប្រឡូកក្នុងវិស័យភាពយន្ត ។


ក្រៅពីជ្រើសរើសតួរនាទីក្នុងក្រុម ជាតួរសម្តែងក្នុងរឿងខ្លីទាំងនោះ កញ្ញា ទេព្ពី ក៏បាននិពន្ធ និងដឹកនាំរឿងខ្លួនឯងផងដែរ ដែលរឿងខ្លីនោះ មានចំណងជើងថា “ក្តីសង្ឃឹម“ ។ ក្នុងនោះ គឺកញ្ញាបានសម្ដែងដោយខ្លួនឯងផ្ទាល់ផងដែរ ។
បន្ទាប់ពីបញ្ចប់វគ្គសិក្សា ដោយសារមានសម្រស់ដ៏ស្រស់ស្អាត ព្រមទាំងទេពកោសល្យសម្តែងល្អផងនោះ កញ្ញា បានចូលរួមសម្តែងចំនួន៣រឿងផ្សេងទៀត ក្នុងពេលតែមួយ ដែលរួមមាន ៖ រឿងទី1 មានចំណងជើងថា ” ម្ចាស់របាំងមុខ “ រឿងទី2 មានចំណងជើងថា “ផ្តើមស្នេហ៍លើឡានក្រុង” និង រឿងទី 3 មានចំណងជើងថា “ជម្រៅចិត្ត” ។ រឿងទាំងអស់នេះ ត្រូវបានចាក់បញ្ចាំងក្នុងការប្រកួតមហោស្រពភាពយន្តជាតិខ្នាតខ្លី ២០១៨។


ឆ្លើយទៅនឹងសំនួររបស់ MYTV Plus ថាតើនាងមានអារម្មណ៍យ៉ាងណានៅពេលបានក្លាយជាតួរសម្តែងចៃដន្យក្នុងរឿង ខ្លីទាំងនេះ? កញ្ញា បានឆ្លើយថា ៖ «ខ្ញុំមិនដែលស្រមៃថាខ្ញុំនឹងបានក្លាយជាអ្នកសម្ដែងក្នុងរយៈពេលយ៉ាងលឿននេះទេ ។ អ្វីដែលរំភើបខ្លាំង និងលើសពីអ្វីដែលរំពឹងទុក គឺ រឿងចំនួន២ ដែលខ្ញុំសម្ដែង គឺជាប់ពានរង្វាន់លេខមួយ និង លេខបី ។ ពេលដែលប្រកាសលទ្ធផល ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំង ព្រោះអត់បានរំពឹងទុកមុន ហើយវាជាការចាប់ផ្តើមក្នុងវិស័យនេះ។»
កញ្ញាទេព្ពី ក៏បានប្តេជ្ញាបន្តអាជីពសិល្បៈសម្តែង ក៏ដូចជាដឹកនាំ និងនិពន្ធមួយនេះ ហើយថែមទាំងបន្តការសិក្សារហូតបញ្ចប់បរិញ្ញាប័ត្រផ្នែកទន្តសាស្រ្តនេះផងដែរ ។
ជាចុងក្រោយ កញ្ញា ទេព្ពី បានបញ្ជាក់ថា ៖ «បើនិយាយពីការងារអនាគត ខ្ញុំយកទន្តសាស្ត្រជាជំនាញជាក់លាក់ ហើយបន្តការងារសិល្ប:ជាអ្នកនិពន្ធ និង សសេររឿងនៅពេលទំនេរ៕»

 

ដោយ៖ ព្រំ សិលា

Loading...

ពេញនិយម