Connect with us

ដំណើរការសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ ជួបប្រទះបញ្ហាស្មុគ្រស្មាញច្រើន

ភ្នំពេញ ៖ តំណាងក្រុមហ៊ុនទទួលបន្ទុកសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញ បានអោយ ដឹងថា ដំណើរការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ មានបញ្ហាស្មុគ្រ ស្មាញច្រើន ប៉ុន្តែបានអះអាងថា គម្រោងនេះ នៅតែអាចបញ្ចប់តាមការគ្រោងទុក ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុក នៅថ្ងៃទី ៤ ខែធ្នូ តំណាងក្រុមហ៊ុនវិនិយោគទុនអាណិកជន កម្ពុជា OCIC ក្រុមហ៊ុន បានជួបប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន និងផ្នែកពាក់ព័ន្ធនានា ដែលមានបណ្តាញកប់ នៅក្រោមដី ដូចជា ខ្សែកាប ខ្សែទូរស័ព្ទ អគ្គិសនី និង បណ្តាញចែកចាយទឹកស្អាត ជាដើម ដើម្បីឲ្យពួកគេយករើទីតាំងកប់នៅក្រោមដី មកដាក់រួមគ្នា មុនពេលក្រុមការងាររបស់ OCIC ចាប់ផ្តើមជីកដី ដាក់លូ និងកប់បណ្តាញឡើងវិញ ។
បើតាមផែនការ នៅថ្ងៃទី ១០ ខែធ្នូខាងមុខនេះ ក្រុមហ៊ុន នឹងធ្វើការកាយដីដាក់លូនៅកន្លែងត្រូវសាងសង់ នៅចំណុចរង្វង់មូលចោមចៅ។
នៅថ្ងៃម្សិលម៉ិញនេះ ក្រុមហ៊ុន ក៏បានចាប់ផ្តើមដំណើរការឈូសឆាយរង្វង់មូល បន្ទាប់បានជួបជាមួយអាជ្ញាធរ និងអ្នកពាក់ព័ន្ធ ដើម្បីជំរុញការងារនេះ ឲ្យបញ្ចប់តាមពេលកំណត់នៅចុងឆ្នាំ ២០២០ ខាងមុខ ។ បើតាមតំណាងក្រុមហ៊ុន ផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅ នឹងត្រូវសាងសង់ ២ជាន់ ដែលមាន ២ខ្សែ ដោយត្រូវជីកដី ជម្រៅរហូតដល់ ១៣ ម៉ែត្រ ។


គួររំលឹកថា ការដ្ឋានសាងសង់ស្ពានអាកាស និង ផ្លូវក្រោមដី នៅរង្វង់មូលចោមចៅ បានបើកការដ្ឋានកាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៨ ក្រោមវត្តមាន សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដេលគម្រោងនេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ក្នុងតម្លៃ ២២ លានដុល្លារ ដែលត្រូវប្រើរយៈពេល ៣០ ខែ។
ក្រោយការបើកការដ្ឋាន ក្រុមហ៊ុន បានចាប់ផ្តើមធ្វើការពង្រីកផ្លូវដើម្បី កាត់បន្ថយការកកស្ទះ ដោយបានបញ្ចប់រួចរាល់តាំងពីថ្ងៃទី ៣០ ខែតុលា ។ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមានលំ នៅឋានប្រជាពលរដ្ឋប្រមាណ១៧ ខ្នង និងស្ថានីយប្រេងឥន្ធនៈ ២កន្លែង មិនទាន់ដោះស្រាយរួចរាល់នោះទេ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម