Connect with us

ទីបំផុត កម្ពុជា និង ឡាវ ស្នើរសុំបារាំងផ្តល់ឯកសារទាក់ទងនឹងព្រំដែននៃប្រទេសទាំងពីរ ដើម្បីដោះស្រាយបញ្ហានៅសេសសល់

ប្រទេសឡាវ ៖ កម្ពុជា និង ឡាវ ស្នើរសុំអោយរដ្ឋាភិបាលបារាំងផ្តល់ឯកសារនានាទាក់ទងនឹង ព្រំដែននៃប្រទេសទាំងពីរ ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ ។
ការស្នើរសុំនេះ ធ្វើឡើងដោយនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ក្នុងអំឡុងពេលដែលប្រមុខនៃ រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពុងបំពេញទស្សនៈកិច្ចផ្លូវ ការណ៍នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ ។
ថ្លែងក្នុងសន្នីសីទរួមគ្នាជាមួយនឹងលោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ នៅថ្ងៃទី ៥ ខែ ធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា ក្នុងដំណើរបំពេញទស្សន ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃស្អែក ភាគីកម្ពុជា-ឡាវ នឹងពិភាក្សាគ្នាលើបញ្ហាព្រំដែន ដើម្បីពង្រៀងឯកសារផ្ញើទៅកាន់ភាគីបារាំង ពាក់ព័ន្ធបញ្ហាព្រំដែន ដែលការងារនេះ ទុកឲ្យរដ្ឋមន្ដ្រីក្រសួងការបរទេសនៃប្រទេសទាំងពីរ ជាអ្នកអនុវត្ត ។


សម្ដេច តេជោនាយករដ្ឋមន្ដ្រី បានអោយដឹងថា រដ្ឋមន្ដ្រីក្រសួងការបរទេសទាំងពីរ ត្រូវរៀបចំបែបបទបច្ចេកទេសយ៉ាងណា ឲ្យភាគីបារាំងផ្ទេរផែនទី ពីបោនខ្នាត 1/100,000 មកផែនទី UTM ខ្នាត 1/50,000 ដែលជាចំណុចត្រូវធ្វើមុនគេ ។ ចំណុចទី២ ត្រូវបន្ដស្នើសុំទៅបារាំង ផ្ដល់ឯកសារនានា ដែលទាក់ទងជាមួយបញ្ហាព្រំដែនកម្ពុជា-ឡាវ ជាពិសេស តំបន់១៦ភាគរយ ដែលនៅសេសសល់ ។
នាយករដ្ឋមន្ដ្រី នៃប្រទេសទាំងពីរ ក៏អំពាវនាវដល់ប្រធានាធិបតីបារាំង ក៏ដូចជារដ្ឋាភិបាលបារាំងបញ្ចូនឯកសារណាដែលផ្ដល់នូវផលប្រយោជន៍លើការដោះស្រាយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ លើបញ្ហាព្រំដែននេះ ។ ទោះជាយ៉ាងណា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ដ្រីឡាវ ក៏បានធ្វើការប្ដេជ្ញាចិត្តខ្ពស់ដើម្បីដោះស្រាយបញ្ចប់បញ្ហាព្រំដែនរវាងប្រទេសទាំងពីរឲ្យបានកាន់តែឆាប់ ។ ទាក់ទងនឹងបញ្ហាព្រំដែននៅខេត្តស្ទឹងត្រែង នាយករដ្ឋមន្ដ្រីឡាវ បានអះអាងថា ភាគីទាំងពីរ បានឯកភាពគ្នាលើគោលការណ៍៣ចំណុច ចំពោះបញ្ហាអូតាង៉ាវ និងអូអាឡៃ ក្នុងនោះ

  • ទី១៖ មិនឲ្យមានវត្តកងកម្លាំងទ័ព នៃប្រទេសទាំងពីរឈរជើង
  • ទី២៖ មិនឲ្យប្រជាជនទៅធ្វើអាជីវកម្ម ឬប្រកបរបរនៅចំណុចនោះ
  • ទី៣៖ នៅពេលត្រួតពិនិត្យត្រូវតែធ្វើរួមគ្នា ទាំងលើកគោក ផ្លូវទឹក និងផ្លូវអាកាស។

បើតាមសន្និសីទសារព័ត៌មាន សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា-ឡាវ បានឯកភាពគ្នា នឹងសាងសង់ស្ពានឆ្លងកាត់ព្រំដែន តភ្ជាប់ពីខេត្តព្រះវិហារ និង ខេត្តចំ ប៉ាសាក់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទសឡាវ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម