Connect with us

តម្រូវការទឹកស្អាតនៅកម្ពុជា នឹងកើនដល់ ១លានគូបក្នុងមួយថ្ងៃ គិតត្រឹមឆ្នាំ ២០៣០

ភ្នំពេញ ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអោយដឹងថា តម្រូវការទឹកស្អាតនៅកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ ដែលតាមការរំពឹងទុក នៅឆ្នាំ២០៣០ តម្រូវការទឹកស្អាត នឹងកើនដល់ ១លានគូបក្នុងមួយថ្ងៃ ។
លោកទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា ការកើនឡើងនូវតម្រូវការទឹកស្អាត វាចាំបាច់អោយស្ថាប័នផ្គត់ផ្គង់ទឹកស្អាត ពង្រឹងលទ្ធភាពផ្គត់ផ្គង់អោយមានប្រសិទ្ធភាព ។
ឯកឧត្តមបន្តថា ការចុះអនុស្សារណៈយោគយល់គ្នានាព្រឹកនេះ នឹងជួយបង្កើនលទ្ធភាពទទួលបានទឹកស្អាត និងមានគុណភាព ដោយក្រុមហ៊ុន មានបច្ចេកវិទ្យាខ្ពស់និងដំណោះស្រាយដោយនវានុវត្តន៍។
កាលពីដើមសប្តាហ៍នេះ លោករដ្ឋមន្រ្តី ក៏បានធ្វើការព្រមាណក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតឯកជន ដែលមិនអនុវត្តតាមផែនការអាជីវកម្ម នឹងត្រូវដកអាជ្ញាប័ណ្ណ មិនអោយធ្វើប្រតិបត្តិការបន្តទៀតនោះទេ ។


បើតាមលោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ មានក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតឯកជនជាច្រើន មិនបានពង្រីកតំបន់ចែកចាយ តាមផែនការដែលបានបង្ហាញដើម្បីទទួលបានអាជ្ញាប័ណ្ណ។ ដូចនេះ ប្រសិនបើប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត មិនអាចពង្រីកបណ្ដាញចែកចាយទៅដល់តំបន់ជាច្រើន តាមផែនការ ដែលបានសន្យា ក្រសួងនឹងចាត់វិធានការដកអាជ្ញាប័ណ្ណ ចាប់ពីឆ្នាំ២០១៩ ដោយអនុញ្ញាតឲ្យប្រតិបត្តិករថ្មីៗ ជំនួសវិញ ។
ទន្ទឹមគ្នានេះ ឯកឧត្តម រដ្ឋមន្ដ្រី ក៏បានជំរុញឲ្យក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ត្រូវបំពាក់បច្ចេកវិទ្យា និង គំរូពាណិជ្ជកម្មថ្មីៗ ក្នុងការជំរុញប្រសិទ្ធភាពការគ្រប់គ្រងទឹកស្អាត ដើម្បីអាចពង្រីកតំបន់ចែកចាយ ។
បើតាមរបាយការណ៍បានឲ្យដឹងថា ក្រសួងឧស្សាហកម្ម បានផ្ដល់អាជ្ញាប័ណ្ណ ២៤០ ដល់ក្រុមហ៊ុនទឹកស្អាតឯកជន សម្រាប់ការផ្គត់ផ្គង់ទូទាំងប្រទេស។ ក្រៅពីនេះ មានសហគ្រាសទឹកស្អាតគ្រប់គ្រងដោយរដ្ឋ ១០ ផ្សេងទៀតផងដែរ ។ ប្រតិបត្តិករទាំងអស់រួមបញ្ចូលគ្នា អាចផ្គត់ផ្គង់ទឹកស្អាតប្រហែល ១ ភាគ ៣ ប៉ុណ្ណោះនៃប្រជាជនកម្ពុជា ដែលភាគច្រើននៅតំបន់ទីក្រុង ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម