Connect with us

រមណីយដ្ឋានអង្គរ លែងប្រឈមនឹងបញ្ហាអសន្តិសុខទៀតហើយ តែកំពុងប្រឈមនឹងបញ្ហាប្រែប្រួលអាកាសធាតុ និងបរិស្ថាន

សៀមរាប ៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ជាប្រធានអាជ្ញាធរជាតិអប្សរា បានអះអាងថា បច្ចុប្បន្នរមណីយដ្ឋានបេតិកភណ្ឌពិភពលោក-អង្គរ លែងប្រឈមនឹងបញ្ហាអសន្តិសុខ ប្រាង្គប្រាសាទដួលរលំ ឬការលួចវត្ថុបុរាណទៀតហើយ។ ក៏ប៉ុន្តែ បានកំពុងជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតដូចជា ការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន ការគ្រប់គ្រងការតាំងទីលំនៅថ្មីនៅក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ ការគ្រប់គ្រងលំហូរភ្ញៀវទេសចរ ។


លោកស្រី រដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា បញ្ហាទាំងនោះ ចាំបាច់ត្រូវរកដំណោះស្រាយ និងវិធីសាស្ត្រទប់ទល់ឱ្យបានសមស្រប និងមានប្រសិទ្ធិភាពទាំងក្នុងបច្ចុប្បន្ន និងអនាគត។
តែទោះយ៉ាងណា លោកស្រី រដ្ឋមន្រ្តី បានលើកឡើងថា អង្គរ មានសំណាងល្អ ដែលមានក្រមប្រតិបត្តិសម្រាប់ឱ្យភ្ញៀវទេសចរគ្រប់ជាតិសាសន៍គោរពតាម និងមានអង្គការធានាគុណភាពជប៉ុន (JQA) ដែលតែងធ្វើសវនកម្មផ្ទៃក្នុង/ក្រៅ លើផ្នែកគ្រប់គ្រងប្រព័ន្ធបរិស្ថាននៅតំបន់អង្គរ រហូតទទួលបានវិញ្ញាបនបត្រ ធានាគុណភាពជប៉ុនដល់ទៅ៥លើក។ ប៉ុន្តែទោះជាយ៉ាងណាក៏នៅតែបារម្ភ និង បន្តការខិតខំរកដំណោះស្រាយបន្តទៅទៀតលើបញ្ហាទាំងនេះបន្តផងដែរ។


គួររំលឹកថា កម្ពុជា និងស្ថាប័នដៃគូរ ទើបបានប្រារព្ធខួបលើកទី២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ដែលជាយន្តការអន្តរជាតិដើម្បីកៀងគរធនធានថវិកា ជំនាញបច្ចេកទេស និងធនធានមនុស្សពីសហគមន៍អន្តរជាតិ ដើម្បីធ្វើការជួសជុល អភិរក្ស និងលើកតម្លៃប្រាសាទនានា ក៏ដូចជាការអភិវឌ្ឍរមណីយដ្ឋានបេតិកភណ្ឌពិភពលោក-អង្គរ ៕

   

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម