Connect with us

ចំនួនកម្មករក្រោមអាយុ ធ្វើការនៅរោងចក្រ មានការថយចុះ ប៉ុន្តែលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ នៅជាបញ្ហាប្រឈម

ភ្នំពេញ ៖ ករណីកម្មករកម្មការនី ក្រោមអាយុ នៅក្នុងវិស័យកាត់ដេរ បានបង្ហាញការធ្លាក់ចុះយ៉ាងខ្លាំងពី ៧៤ ករណីក្នុងឆ្នាំ២០១៤ ដល់ ១០ករណី នៅក្នុងរបាយការណ៍បច្ចុប្បន្ន នេះបើយោងតាមសេចក្តីថ្លែងការណ៍ប្រចាំឆ្នាំ របស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) ។
បើតាមសេចក្តីថ្លែងការណ៍ ការធ្លាក់ចុះនេះ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធស្តីពីពិធីសារពលកម្មកុមារ រវាងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម និង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ។
ជាមួយនេះ ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនេះ ក៏ត្រូវបានទទួលស្គាល់ផងដែរដោយគណៈកម្មាធិការនៃអ្នកជំនាញស្តីពីការអនុវត្តស្តង់ដាររបស់អង្គការអន្តរជាតិខាងការងារ (ILO) នៅក្នុងរបាយការណ៍ឆ្នាំ ២០១៨ របស់ខ្លួន ។

សេចក្តីថ្លែងការណ៍ ក៏បានកត់សម្គាល់ភាពរីកចម្រើនយ៉ាងច្រើន ចំពោះលក្ខខណ្ឌការងារនៅក្នុងរយៈកាល ១ ទសវត្សរ៍ ចុងក្រោយក្នុងប្រទេសកម្ពុជា និងបានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងជាបន្តគឺជាភាពចាំបាច់នៅក្នុងការគាំទ្រវប្បធម៌អនុលោមភាពក្នុងវិស័យកាត់ដេរនៅកម្ពុជា ។
សេចក្តីថ្លែងការណ៍ដដែល បន្តថាភាពជាដៃគូត្រីភាគីរវាងអង្គការអន្តរជាតិខាងការងារព្រមទាំងអ្នកបញ្ជាទិញ និងរោងចក្រដែលផ្តោតលើដំណោះស្រាយចីរភាពគឺជាភាពចាំបាច់ដើម្បីធានាឲ្យមានភាពប្រសើរឡើងរយៈពេលវែង។
ទោះយ៉ាងណា សេចក្តីថ្លែងការណ៍ ក៏បានលើកឡើងពីការកើនឡើងក្នុងករណីពលករកុមារដែលមានអាយុក្រោម ១៥ ឆ្នាំនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ហើយលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ នៅតែជាបញ្ហាប្រឈមចំពោះកម្មករធ្វើការនៅក្នុងរោងចក្រតាមរយៈការស្ទង់មតិរបស់គម្រោងរោងចក្រកាន់តែប្រសើរ ។
បើតាមរបាយការណ៍ បានឲ្យដឹងថាចាប់ពីខែឧសភា ឆ្នាំ ២០១៧ ដល់ ខែមិថុនា ឆ្នាំ ២០១៨ មានករណីប្រើប្រាស់ពលករកុមារក្រោមអាយុមានចំនួន ១០ ករណី ក្នុងនោះមាន ២ ករណីកើតឡើងក្នុងរោងចក្រស្បែកជើង ហើយមាន ៨ ករណីទៀតបានកើតឡើងក្នុងរោងចក្រកាត់ដេរ ។
របាយការណ៍បន្ថែមថា ៨៥ ភាគរយ នៃរោងចក្រ ៣៩៤ រោងចក្រ មិនមានបំពាក់បរិក្ខារពេទ្យគ្រប់គ្រាន់ និងបុគ្គលិកពេទ្យនោះទេ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម