Connect with us

តោះទៅចូលរួមពិព័រណ៌យន្តហោះ លើកដំបូងនៅកម្ពុជា ដែលរៀបចំឡើងនៅថ្ងៃទី១៤ ខែធ្នូ

ភ្នំពេញ៖ ពិព័រណ៌យន្តហោះ លើកដំបូងនៅកម្ពុជា នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ក្នុងខែធ្នូ ឆ្នាំ២០១៨នេះ នាមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង ។ យោងតាមសេចក្តីប្រកាសព័ត៌មាន បានអោយដឹងថា ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា គឺជាកម្មវិធីសង្គមមួយ ដែលត្រូវបានរៀបចំឡើង ដោយក្រុមយុវជនកម្ពុជា មកពីសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ។ ក្រុមយុវជនទាំងនេះ ស្រឡាញ់ និងចូលចិត្តយ៉ាងខ្លាំងនូវជំនាញ និង មុខវិជ្ជា អំពីយន្តហោះអាកាសចរណ៍ បច្ចេកវិទ្យា ការសរសេរកូដវិស្វកម្ម និង វិទ្យាសាស្រ្តជាដើម ។
នេះគឺជាការរៀបចំឡើងលើកដំបូងបំផុត នៅក្នុងប្រទេសកម្ពុជា ដែលមានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ១៥ និង ១៦ ខែធ្នូ នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង។ ពិព័រណ៌នេះ ក៏ទទួលបានការគាំទ្រយ៉ាងខ្លំាងពីក្រសួងអប់រំ យុវជន និងកីឡា និងសហការរៀបចំពីក្រុមហ៊ុន helistar cambodia និងអង្គការស្ទែមកម្ពុជា ក្នុងគោលបំណងផ្តល់ឱកាសដល់យុវជន សិស្សនិស្សិតកម្ពុជាទាំងអស់ និង សាធារណជន បានឃើញ និងចូលទស្សនាដោយសេរីតាមរយៈការដាក់បង្ហាញយន្តហោះឯកជន private jets និងឧទ្ធម្ភាគចក្រ helicopters ទាំងផ្នែកខាងក្រៅ និង ខាងក្នុងនៃយន្តហោះ ។
ក្រៅពីនេះ ក៏មានការតាំងបង្ហាញនូវស្នាដៃទេពកោសល្យកូនខ្មែរ ដែលបានផលិតឧបករណ៍អេឡិចត្រូនិច គ្រឿងយន្ត បច្ចេកវិទ្យា និង ការសរសេរកូដផ្សេងៗជាដើម ។ ព្រឹត្តិការណ៍នេះ ជាការប្រមូលផ្ដុំនូវធនធានមនុស្ស យុវជន សិស្ស និស្សិតកម្ពុជា មកពីវិទ្យាល័យ និង សាកលវិទ្យាល័យនានាទូទាំងប្រទេសកម្ពុជា ដែលមានជំនាញផ្នែកបច្ចេកវិទ្យា ការសរសេរកូដ វិស្វកម្ម វិទ្យាសាស្រ្ត ព្រមទាំង ស្រលាញ់ចូលចិត្តចំណេះដឹងផ្នែកយន្តហោះ និង អាកាសចរណ៍ ។ លើសពីនេះ យុវជន សិស្ស និស្សិត និងអ្នកចូលរួមទាំងអស់ អាចសួរជាសំណួរទៅកាន់អ្នកបើកយន្តហោះដែលនៅទីនោះផ្ទាល់ ។ អ្វីដែលពិសេសនោះគឺ មានការប្រកួតធ្វើ និងបង្ហោះយន្តហោះកៅស៊ូ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងបណ្ដុះគំនិតទៅដល់យុវជន សិស្សនិស្សិតកម្ពុជាទាំងអស់ ។
នេះជាឱកាសដ៏ពិសេសបំផុត សម្រាប់យុវជនសិស្សនិស្សិតកម្ពុជាទាំងអស់ គួរតែចូលរួមឱ្យបានទាំងអស់គ្នា ដើម្បីទទួលបានបទពិសោធន៍ និងចំណេះដឹងអំពីយន្តហោះអាកាសចរណ៍ បច្ចេកវិទ្យា ការសរសេរកូដ វិស្វកម្ម និងវិទ្យាសាស្ត្រ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងវិស័យនេះ អោយមានការរីកចម្រើន ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម