Connect with us

បែលហ្ស៊ីកវាយបកចុងម៉ោង ទម្លាក់ជប៉ុនត្រឹមវគ្គ១៦ ក្រុម ចុងក្រោយ FIFA World Cup 2018

ក្រុមជម្រើសជាតិបែលហ្ស៊ីក បានសាងភាពញាប់ញ័រដល់អ្នកគាំទ្រខ្លួន ពោលគឺជាការវាយបក យកឈ្នះជប៉ុនយ៉ាងមិនគួរអោយជឿ ដើម្បីឡើងទៅវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ FIFA World Cup 2018។

ក្រោមក្រសែភ្នែកអ្នកគាំទ្រផ្ទាល់ ជាង៤ម៉ឺននាក់ នាទីលាន Rostov Arena ក្រុមទាំងសងខាងមិនអាចទម្លាយសំណាញ់ទីគ្នាឡើយ នៅ៤៥នាទីដំបូង បើទោះមានឱកាសល្អដូចគ្នាច្រើនដងក្តី។ យ៉ាងណាក្តី មកដល់វគ្គទី២ បានតែ៣នាទី ការវាយសម្រុកដ៏ស្វិតស្វាញរបស់ជប៉ុន បានធ្វើអោយពួកគេបើកឆាកនាំមុខ១គ្រាប់ ដែលជាថ្វីជើងរបស់ ហ្កេនគិ ហារ៉ាហ្គូឈិ (Genki Haraguchi)។

ដល់នាទី៥២ ក្រុមរហស្សនាមសាម៉ូរៃខៀវ កាន់តែរីករាយថែមទៀត ក្រោយ កីឡាករ តាកាស៊ី អ៊ីនូអ៊ិ (Takashi Inui) បានស៊ុតនាំមុខគ្រាប់ទី២។ បែលហ្ស៊ីក ហាក់តក់ស្លុតបន្តិចតែពួកគេមិនបោះបង់ក្តីសង្ឃឹមនោះឡើយ។ នាទី៦៩ពួកគេចាប់ផ្តើមមានពន្លឺខ្លះ ក្រោយការតែតចូលទី ១គ្រាប់របស់កីឡករ ចាន វើតុងហិន (Jan Vertonghen) ហើយ៥នាទីក្រោយមក កីឡាករលេងម៉ូតសក់សំពោង ម៉ារ៉ូនី ហ្វេឡានី (Marouane Fellaini) បាននាំកម្លាំងចិត្តបន្ថែមទៀត ដល់បែលហ្ស៊ីក គឺការតែតចូលទីតាមស្មើបានសម្រេច។

ក្រោយស្មើគ្នាដូចនេះ ទាំងជប៉ុន ទាំងបែលហ្ស៊ីក ស៊ុតតែស្ថិតក្នុងភាពគ្រោះថា្នក់រៀងខ្លួន ហើយពួកគេកាន់តែបង្កើន ការលេងថែមទៀត ដើម្បីរកគ្រាប់បាល់យកជ័យជំនះ។ យ៉ាងណាក្តី ចុងក្រោយ សំណាងបានទៅខាង បែលហ្ស៊ីក ក្រោយ ជប៉ុនមានចន្លោះប្រហោង អោយ ណាសើ ឆាតលី (Nacer Chadli) ស៊ុតចូលទីបានសម្រេច នៅនាទី៩០+៤ យកឈ្នះការប្រកួតតែម្តងគឺ ៣ទល់នឹង២។ ដូចនេះ បែលហ្ស៊ីកត្រូវបន្តឡើងទៅជួប ប្រេស៊ីល នៅវគ្គ៨ក្រុមចុងក្រោយ រីឯជប៉ុនដែលជាក្រុមអាស៊ីនៅសល់តែមួយគត់ត្រូវវេចសម្ពាយត្រឡប់ទៅផ្ទះវិញ ទាំងខកចិត្តត្រឹមវគ្គ១៦ក្រុមនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម