Connect with us

នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវដល់ធុរជនវៀតណាម ចូលមកវិនិយោគនៅកម្ពុជាឲ្យបានច្រើនថែមទៀត

ប្រទេសវៀតណាម ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់អ្នកវិនិយោគវៀតណាម ដែលមិនទាន់បានមកកម្ពុជា សូមមកសិក្សាស្វែងយល់ពីសក្ដានុពល និងការលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបតិ្តការទ្វេភាគីរវាងកម្ពុជា និងវៀតណាម។
ការអំពាវរបស់ប្រមុខរាជរដ្ឋភិបាលកម្ពុជានេះ បានធ្វើឡើងនៅក្នុងវេទិកាធុរកិច្ចវៀតណាម-កម្ពុជា ដែលធ្វើនៅទីក្រុងហាណូយ ប្រទេសវៀតណាម ។ វេទិការធុរកិច្ចដ៏សំខាន់នេះ គឺមានការអញ្ជើញចូលរួមពីនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក ក៏ដូចជាពាណិជ្ជករ អ្នកធុរកិច្ចកម្ពុជា និងវៀតណាមជាច្រើនផងដែរ។
នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរថាគន្លឹះអំពីការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន ព្រមទាំងកាលានុវត្តភាព និងសក្ដានុពលវិនិយោគនៅកម្ពុជា។

សម្តេចតេជោលើកឡើងអំពីសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០១៨ ត្រូវបានប៉ាន់ស្មានថា នឹងមានកំ ណើនក្នុងអត្រា ៧,៣% ហើយសម្រាប់រយៈពេលមធ្យមខាងមុខ កម្ពុជាអាចរក្សាបានអត្រាកំ ណើនប្រមាណ ៧% ក្នុងមួយឆ្នាំ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ បានប្រកាសធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិ ស្ថានប្រកបដោយភាពអំណោយផល ជាពិសេស គឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។

ជាមួយគ្នានេះសម្តេចតេជោបានមានប្រសាសន៍ទៀតថា កម្ពុជា និងវៀតណាម បានចាប់ផ្តើមមានទំនាក់ទំនងល្អនឹងគ្នាជាយូរលង់ណាស់មកហើយ ដែលឆ្នាំ ២០១៨ នេះជាខួបលើកទី ៥១ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរផងដែរ។
គួររំលឹកថា ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងកម្ពុជា និងវៀតណាម ក្នុងឆ្នាំ២០១៧ សម្រេចបានប្រមាណ ២,១៣ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣០% ធៀបនឹងឆ្នាំ ២០១៦។

ការនាំចេញពីប្រទេសកម្ពុជាទៅប្រទេសវៀតនៅមានទំហំតូចនៅឡើយ។ ជាក់ស្តែង ការនាំចេញរបស់កម្ពុជាទៅប្រទេសវៀតណាមក្នុងឆ្នាំ ២០១៧ មានចំនួន ៣៤២ លានដុល្លារអាមេរិក ធៀបនឹងការនាំចូលរបស់កម្ពុជាពីវៀតណាម ក្នុងឆ្នាំ ២០១៧ មាន ប្រមាណ ១,៨ ពាន់លានដុល្លារអាមេរិក។
ក្នុងក្របខណ្ឌនៃការវិនិយោគផ្ទាល់ពីវៀតណាម គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនវៀតណាមចំនួន ៧៥ គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២,៤ ពាន់លានដុល្លារ ដែលផ្តោតសំខាន់លើវិស័យ កសិកម្ម និងហេដ្ឋា-រចនាសម្ព័ន្ធ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម