Connect with us

រដ្ឋមន្រ្តីឧស្សាហកម្ម អំពាវនាវអោយមានការបោះទុនវិនិយោគបង្កើតរោងចក្រឧស្សាហកម្មខ្នាតធំ នៅកម្ពុជា

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម គាំទ្រអោយមានការបោះទុនវិនិយោគបង្កើត រោងចក្រឧស្សាហកម្មខ្នាតធំនៅកម្ពុជា ដើម្បីរក្សាកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងល្បឿនថេរមួយ យ៉ាងល្អ ។
ការគាំទ្រនេះ បានធ្វើឡើងខណៈ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចូលរួមសម្ពោធជាផ្លូវការរោងចក្រផលិតក្បឿង និង ទុយោទឹករបស់ក្រុមហ៊ុន ជីបម៉ុង នៅថ្ងៃទី០៧ ធ្នូនេះ ។
លោករដ្ឋមន្រ្តី បានលើកឡើងថា ការបង្កើតរោងចក្រឧស្សាហកម្មខ្នាតធំផលិតក្បឿង និងទុយោ បែបនេះ ជាការចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការធ្វើឲ្យសេដ្ឋកិច្ចជាតិ កាន់តែមានការរីកចម្រើនទៅមុខ រក្សាបានកំណើនសមស្របតាមល្បឿនថេរមួយ ដែលតាមការរំពឹងទុក គឺនៅឆ្នាំ២០១៩ ខាងមុខ អាចនឹងសម្រេចបាន ប្រមាណជាង ៧,១ភាគរយ ។

បើតាមលោករដ្ឋមន្រ្តី វិស័យឧស្សាហកម្ម បានចូលរួមចំណែកក្នុងផលទុនសរុបក្នុងស្រុក (ផសស) ចំនួន ៣០ភាគរយ និង បានធ្វើការអភិវឌ្ឍ ព្រមទាំងពង្រីករចនាសម្ព័ន្ធសេដ្ឋកិច្ចឧស្សាហកម្ម ដែលផ្តោតសំខាន់ លើការពង្រីកមូលដ្ឋានផលិតកម្ម និងការធ្វើពិពិធកម្មមុខទំនិញឧស្សាហកម្ម។ តាមទិន្នន័យបង្ហាញថា ក្នុងឆ្នាំ២០១៨នេះ គឺទទួលបានលទ្ធផលប្រមាណជា ២១ភាគរយ ខុសពីដំណាក់កាលមុន ដែលរចនាសម្ព័ន្ធឧស្សាហកម្ម ផ្តោតទៅលើផ្នែករោងចក្រកាត់ដេរស្ទើរតែ ១០០ភាគរយ ។

ក្នុងន័យនេះ លោកទេសរដ្ឋមន្រ្តី បានអំពាវនាវ ទាំងផ្នែករដ្ឋ និងផ្នែកឯកជន ត្រូវកៀកដៃគ្នា សហការគ្នាឲ្យជិតស្និទ្ធ និងរួមគ្នាជាធ្លុងដ៏រឹងមាំមួយ ដើម្បីឆ្លើយតបទៅនឹងគោលដៅដ៏ពិសិដ្ឋ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ គឺការបង្កើតការងារឲ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាព ជូនដល់ប្រជាជនកម្ពុជា ពិសេសសម្រាប់ស្រទាប់យុវជន តាមរយៈការផ្តល់ជំនាញ, ព័ត៌មានទីផ្សារការងារ, ការកែលម្អលក្ខខណ្ឌការងារ, លើកកម្ពស់សកម្មភាពធុរកិច្ច និងការជំរុញការវិនិយោគទាំងក្នុងប្រទេស និងក្រៅប្រទេស៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម