Connect with us

ប្រមុខរាជរដ្ឋាភិបាល អំពាវនាវអោយរួមគ្នាអភិវឌ្ឍន៍ និងអភិរក្សតំបន់ឆ្នេរសមុទ្រកម្ពុជា

ភ្នំពេញ ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងវិស័យឯកជន ចូលរួមដោយស្មារតីទទួលខុសត្រូវ ក្នុងការអភិវឌ្ឍន៍ និង អភិរក្ស តំបន់ឆ្នេរសមុទ្រកម្ពុជា ។ ជាមួយគ្នានេះ សូមចូលរួមសហការថែរក្សាសោភ័ណភាព អនាម័យ បរិស្ថាន ដែលជាកត្តាចម្បង ដែលមិនអាចខ្វះបានក្នុងការថែរក្សាតំបន់ឆ្នេរសមុទ្រអោយស្រស់ ស្អាតគង់វង្សយូរអង្វែង ។

តាមរយៈសារលិខិតមុនពេលពិធីបុណ្យសមុទ្រលើកទី៧ ឆ្នាំ ២០១៨ នៅខេត្តកោះកុងចាប់ផ្តើម សម្តេច តេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព ជា “មាសបៃតង” រួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតនិងបង្កើនឱកាសការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោលជំរុញការនាំចេញនៅនឹងកន្លែង ទ្រទ្រង់កំណើនសេដ្ឋកិច្ច ចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ ។ ក្រៅពីនេះ វិស័យនេះ ចូលរួមជួយដល់ការអភិវឌ្ឍ និង ការថែរក្សាការពារបរិស្ថាន ធនធាន ធម្មជាតិ និង វប្បធម៌ប្រពៃណី ប្រកបដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវខ្ពស់ ។

សម្តេចតេជោ បានលើកឡើងថា តំបន់ឆ្នេរកម្ពុជា បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ជាប៉ូលសេដ្ឋកិច្ច ក្នុងការទាក់ទាញការវិនិយោគ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និង ត្រូវបានចាត់ទុក ជាគោលដៅទេសចរណ៍ដ៏មានភាពទាក់ទាញ និង ប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅកម្ពុជា ។ ជាមួយនេះ តំបន់កោះមួយចំនួន ក៏កំពុងធ្វើការអភិវឌ្ឍឲ្យក្លាយទៅជារមណីយដ្ឋានទេសចរណ៍ tourism resort ដែលមានផលិតផល និង សេវាកម្មកម្រិតស្តង់ដារអន្តរជាតិ គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែបទាំងផ្លូវគោកផ្លូវ ទឹក និងផ្លូវអាកាស ។

ទោះយ៉ាងណា សម្តេច បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ ទាមទារចាំបាច់ឲ្យមានការអភិវឌ្ឍទីក្រុងស្អាត/ទីក្រុងបៃតង ឆ្នេរស្អាត កោះស្អាត និងបៃតង ដែលជាគំរូអភិវឌ្ឍន៍គិតគូរដល់ការអភិរក្សថែរក្សាសម្បត្តិវប្បធម៌ ធនធានធម្មជាតិ និងបរិស្ថាន ប្រកបដោយនិរន្តភាពពោល គឺអភិវឌ្ឍន៍ដើម្បីអភិរក្ស ដោយត្រូវធានាឱ្យបាននូវនិរន្តភាព និង តុល្យភាពខាងផ្នែកសេដ្ឋកិច្ចសង្គមវប្បធម៌និងបរិស្ថាន។

គួររំលឹកថា ចាប់ពីឆ្នាំ ២០១១មក តំបន់ឆ្នេរសមុទ្រកម្ពុជា បានក្លាយជាសមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក ហើយកិត្តិនាមនេះ បាននិងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយឧត្ដមភាព និង ភាពទាក់ទាញខ្ពស់ ចូលរួមចំណែកសម្រេចចក្ខុវិស័យអាស៊ាន ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក និងប្រកបដោយភាពកក់ក្តៅ ។

ក្នុងបរិបទនេះ រាជរដ្ឋាភិបាល បានកំណត់ប្រារព្ធពិធីបុណ្យសមុទ្រ ជារៀងរាល់ឆ្នាំ ដែលមិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់ឆ្នេរសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី 4 ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ៖ កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ 2050 ដោយផ្ដោតការយកចិត្តទុកដាក់អភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និង ការទទួលខុសត្រូវ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម