Connect with us

ធនាគារពិភពលោក ជំរុញអោយរាជរដ្ឋាភិបាលកម្ពុជា រឹតបណ្តឹងលើទំហំកម្ចីរបស់ធនាគារសម្រាប់ទិញ អចលនទ្រព្យ

ភ្នំពេញ ៖ ធនាគារពិភពលោក (World Bank) ព្រមានហានិភ័យអំពីសុខភាពវិស័យហិរញ្ញវត្ថុរបស់កម្ពុជា ដែលបានភ្ជាប់វាសនានឹងសន្ទុះវិស័យអចលនទ្រព្យ នេះបើយោងតាមរបាយការណ៍ចុង ក្រោយអំពីសេដ្ឋកិច្ចកម្ពុជា ដែលបានចេញផ្សាយដោយធនាគារពិភពលោក World Bank ។

របាយការណ៍ បានលើកឡើងថា នាពេលចុងក្រោយនេះ ក្នុងវិស័យអចលនទ្រព្យ កាន់តែមានសកម្មភាពប្រថុយប្រថានច្រើនឡើង ជាពិសេសគឺការកើនឡើងនិន្នាការទិញលក់ដីធ្លី ជាមួយកង្វះព័ត៌មានច្បាស់លាស់ ឬ អត្ថប្រយោជន៍ពីការវិនិយោគ កាន់តែមិនសមប្រកប ។
សកម្មភាពប្រថុយប្រថាន ឬ ការទិញកាក់ទុក គឺជាការទិញលក់ ឬ ការបោះទុនវិនិយោគ ដោយរំពឹងទទួលបានផលចំណេញមកវិញនៅពេលអនាគត។ ការវិនិយោគទាំងនោះ មិនផ្អែកលើតម្រូវការពិតប្រាកដនោះទេ ដែលអាចជាប់គាំង លក់មិនចេញ។ បើការលក់មិនស្រួល ហើយលុយវិនិយោគនោះខ្ចីធនាគារ នោះវិស័យហិរញ្ញវត្ថុក៏ប្រឈមហានិភ័យដូចគ្នាដែរ ។

របាយការណ៍ដដែល ក៏បានជំរុញឲ្យរាជរដ្ឋាភិបាល ពិចារណាដាក់ចេញគោលការណ៍ណែនាំ ពាក់ព័ន្ធនឹងការរឹតបណ្តឹងទំហំកម្ចីរបស់ធនាគារសម្រាប់ទិញអចលនទ្រព្យ ការបង្កើនពន្ធលើការទិញទុកលក់ និង ការតម្រូវឲ្យបង្កើនទំហំប្រាក់កក់ (down payment) ជាដើម ។ រាជរដ្ឋាភិបាល គួរចាំបាច់អភិវឌ្ឍន៍គោលនយោបាយ ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈវិធានការហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយវិសាលភាព នៃសកម្មភាពប្រថុយប្រថានក្នុងវិស័យអចលនទ្រព្យ ដែលផ្ដល់កម្ចីដោយធនាគារ និងមីក្រូហិរញ្ញវត្ថុ ។

បើតាមរបាយការណ៍ នៅដំណាច់ឆ្នាំ២០១៧ កម្ចីផ្ដល់ដោយធនាគារសម្រាប់វិស័យសំណង់ និងអចលនទ្រព្យ មានកំណើន ៣៦,៣ ភាគរយ ហើយឥណទានក្នុងវិស័យនេះ បានកាន់កាប់ចំ ណែកដល់ ២៦ភាគរយនៃឥណទានរួមក្នុងឆ្នាំ២០១៧ ដែលកើនពី ២២ភាគរយនៅឆ្នាំ២០១៦៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម