Connect with us

តំបន់រម្មណីយដ្ឋានទឹកជ្រោះសុភក្តិមិត្រ ជាឋានសួគ៌លើទឹក ប៉ុន្តែការរៀបចំនៅមិនទាន់បានល្អ

ខេត្តស្ទឹងត្រែង ៖ នេះជាទិដ្ឋភាពមួយជ្រុងនៃ«ទឹកជ្រោះសុភក្តិមិត្រ»ឬ«ទឹកធ្លាក់ព្រះរំកិល» ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលជាប់ស្រុកឆែប ខេត្តព្រះវិហារ និង ជាប់ស្រុកចម្ប៉ាសាក់ ប្រទេសឡាវ ថែមទៀតផង។
ស្ថានភាពផ្លូវទៅរមណីយដ្ឋានដ៏អស្ចារ្យមួយនេះ មានស្ថានភាពល្អគួរសមល្មម អាចទៅលេងកម្សាន្តជាលក្ខណៈគ្រួសារ ញាតិមិត្ត បានគ្រប់ពេលវេលា។
ពេលលោកអ្នកបានទៅដល់រមណីយដ្ឋានមួយនេះ គឺលោកអ្នកអាចទៅលេងរមណីយដ្ឋាន «អន្លង់ផ្សោតឈើទាល» ឬ អាចឆ្លងទូកទៅលេង«កោះល្ង» និង អាចជិះទូកទៅមើលសត្វក្អែកទឹកទន្លេមេគង្គនៅ«តំបន់រ៉ាមសា» ព្រមទាំងឆៀងមកងូតទឹកលេង ព្រមទាំងគយគន់ដើមឈើដុះច្រូងច្រាងលើផ្ទៃទឹកទន្លេមេគង្គក្បែរ«កោះហាន»ទៀតផង។

បណ្តុំរមណីយដ្ឋានទាំងនេះ គឺហាក់បីដូចជា«ឋានសួគ៌លើទឹក»មែន ។ ប៉ុន្តែអ្វីៗ ដែលគួរឱ្យហួសចិត្តបំផុត គឺរមណីយដ្ឋានដែលមានតែមួយនៅស្រុកខ្មែរនេះ បែរជាគ្មាន«ស្លាកសញ្ញាបង្ហាញផ្លូវ» គ្មាន«ធុងសំរាម»គ្រប់គ្រាន់ រហូតដល់«បង្គន់អនាម័យ»ទាល់តែសោះ។
ពិតជាសោកស្តាយចំពោះ«មាសបៃតង» ដែលគ្មានក្រដាសខ្ចប់ឱ្យបានសមរម្យ និងសាកសមតម្លៃ ដែលដូនតាបន្សល់ទុកមកដល់ថ្ងៃនេះបែបនេះណាស់។
ទោះយ៉ាងណា អ្នកធ្លាប់ទៅលេងកម្សាន្ត សង្ឃឹមថា តំបន់ទេសចរណ៍មួយនេះ នឹងមានការអភិវឌ្ឍជាបន្តបន្ទាប់ ដើម្បីកុំឱ្យយកលេស«កន្ទេលធំបន្លំដេក»ទៀត។ ជាងនេះទៅទៀត គ្មាន អ្នកណាដើរលេងសន្សំលុយនោះទេ គឺសន្សំលុយដើរលេងជួយប្រជាសហគមន៍តាមតំបន់ទេសចរឱ្យមានជីវភាពល្អប្រសើរ និងសេដ្ឋកិច្ចសហគមន៍ធូរធារជាងមុនមិនខាន ៕

ទីតាំងថត៖ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
រូបថត៖ ទី សារឿនា
ដោយ៖ ក្រុមទេសចរខ្មែរ-Khmer Tourist

    Loading...

    ពេញនិយម