Connect with us

ធនាគារពិភពលោក៖ កម្ពុជា អាចរៀនពីបទពិសោធន៍ប្រទេសវៀតណាម ដើម្បីទាក់ទាញភ្ញៀវទេសចរបានច្រើនជាងមុន

ភ្នំពេញ ៖ ធនាគារពិភពលោក បានលើកឡើងក្នុងរបាយការណ៍របស់ខ្លួនថា បទពិសោធន៍មេរៀនផ្នែកវិស័យទេសចរណ៍នៅវៀតណាម ប្រហែលជាអាចអនុវត្តបាននៅកម្ពុជា ខណៈដែលប្រទេសកម្ពុជា នៅទទួលបានចំណែកតូច និងថយចុះប៉ុណ្ណោះ ប្រសិនបើសម្លឹងមើលទីផ្សារទេសចរណ៍នៅប្រទេសថៃ និង វៀតណាម ។
យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក ដែលបានចេញផ្សាយកាលពីចុងខែវិច្ឆិកាកន្លងទៅថ្មីៗនេះ បានឲ្យដឹងថា ប្រទេសកម្ពុជា បានទាក់ទាញ ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦លាននាក់ នៅក្នុងឆ្នាំ២០១៧ ខណៈប្រទេសថៃ និងវៀតណាម ទទួលបានភ្ញៀវទេសចរបរទេស ៣៥,៤ លាននាក់ និង ១២,៩លាននាក់ ។
របាយការណ៍បញ្ជាក់ថា បើសម្លឹងមើលទីផ្សារទេសចរណ៍ប្រទេសក្បែរខាងកម្ពុជា ទាំង ពីរនេះរួមបញ្ចូលគ្នា គឺមានទំហំធំធេង តែកម្ពុជាទទួលបានតែចំណែកតូចនិងថយចុះប៉ុណ្ណោះ ។ តែជាលទ្ធផល កម្ពុជា ទទួលបានត្រឹមតែ ១០ភាគរយ នៃចំនួនភ្ញៀវទេសចរសរុប ដែលមកទស្សនាប្រទេសថៃ និង វៀតណាម នៅក្នុងឆ្នាំ២០១៧ ពោល គឺថយចុះពី ១២ភាគរយ ក្នុងឆ្នាំ ២០១៤ ។ នេះឆ្លុះបញ្ចាំងថា ភ្ញៀវទេសចរបរទេស មិនទាន់យល់ដឹងច្រើនពីសក្តានុពលរបស់កម្ពុជា ដែលធ្វើឲ្យប្រទេសនេះ នៅតែមិនទាន់ទទួលបានជោគជ័យខ្លាំង ក្នុងការទាក់ទាញភ្ញៀវទេសចបរទេស ដែលមកកម្សាន្តប្រទេសជិតខាងរបស់ខ្លួន ។


របាយការណ៍នេះ ក៏បានបញ្ជាក់ថា ជាង៨០ភាគរយនៃភ្ញៀវទេសចរបរទេស មកកាន់ប្រទេស កម្ពុជា គឺជាអ្នកទស្សនាជាលើកដំបូង ។ ដោយសារគោលដៅទេសចរណ៍ និងការធ្វើពិពិធកម្ម ផលិតផលទេសចរណ៍មានកំណត់ ដែលធ្វើឲ្យភ្ញៀវទេសចរមានប្រមាណតែ ១៦,៥ភាគរយនៃចំនួនភ្ញៀវទេសចរបរទេស ចង់មកទស្សនាប្រទេសកម្ពុជាវិញ បើប្រៀបធៀបទៅនឹងប្រទេសថៃមានជាង ៥០ភាគរយ។
ការសិក្សាមួយបានចង្អុលបង្ហាញថា ការមកទស្សនាម្តងទៀតរបស់ភ្ញៀវទេសចរបរទេសអាច បណ្តាលមកពីកត្តាជាច្រើន ក្នុងនោះ រួមបញ្ចូលទាំងការពេញចិត្តជាមួយការស្នាក់នៅ, ការដើរទិញឥវ៉ាន់, ភោជនីយដ្ឋាន និងអាហារ រួមនឹងអាកប្បកិរិយារបស់ប្រជាជនក្នុងស្រុក ដែលជាទូទៅមានភាពរួសរាយ និង ការកម្សាន្តសប្បាយជាដើម ។
ធនាគារពិភពលោក បានលើកឡើងថា ប្រទេសវៀតណាមបានធ្វើយ៉ាងល្អឥតខ្ចោះ ចាប់តាំងពីឆ្នាំ ២០១៦មក ដែលការមកដល់នៃភ្ញៀវទេសចរបរទេស បានកើនឡើងជិត ៣០% ក្នុងមួយឆ្នាំ។ បញ្ហាសំខាន់ៗដូចជា ការកំណែទម្រង់ទូលំទូលាយ រួមទាំងការអនុវត្តច្បាប់វិស័យទេសចរណ៍, គោលនយោបាយអនុគ្រោះលើកទឹកចិត្តការវិនិយោគក្នុងវិស័យទេសចរណ៍, ការផ្តល់អាទិភាពសម្រាប់ការលើកកម្ពស់ផ្នែកធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងចាត់ទុកការលើកកម្ពស់ការផ្សព្វផ្សាយវិស័យទេសចរណ៍ គឺជាផ្នែកមួយក្នុងចំណោមវិធានការសំខាន់ៗ ដែលបានជួយជំរុញវិស័យទេសចរណ៍របស់វៀតណាម។


ជុំវិញបញ្ហានេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលស្គាល់ថា ការអភិវឌ្ឍវិ ស័យទេសចរណ៍កម្ពុជា នាពេលបច្ចុប្បន្ន ពិតជាបោះជំហានក្រោយប្រទេសថៃ និងវៀតណាម ហើយថា ការសិក្សារៀនសូត្រពីចំណុចខ្លាំងផ្នែកវិស័យនេះពីប្រទេសជិតខាង គឺជារឿងចំាបាច់មួយដែរ ។
តែយ៉ាងណាក៏ដោយឯកឧត្តមបានលើកឡើងថា កម្ពុជា ទើបតែទទួលបានសន្តិភាពពេញលេញក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ហើយការទាក់ទាញភ្ញៀវទេសចរបរទេសបានក្នុងរង្វង់ជាង ៥លាននាក់ទៅ ៦លាននាក់របស់កម្ពុជានាពេលនេះ គឺអាចចាត់ទុកថាភាពជោគជ័យមួយ ព្រោះវិស័យនេះ បានរួមចំណែកក្នុង GDP ប្រមាណ ១០ភាគរយក្នុងមួយឆ្នាំ។
ក្រសួងទេសចរណ៍ព្យាករថា ចំនួនភ្ញៀវទេសចរបរទេស មកទស្សនាកម្ពុជា នឹងកើនដល់ចំនួន១៥លាននាក់ នៅឆ្នាំ២០៣០ខាងមុខនេះ ដោយផ្តល់ប្រាក់ចំណូលដល់កម្ពុជាចំនួន ១ម៉ឺនលានដុល្លារ និងបង្កើតការងារបាន រហូតដល់ទៅ២លាននាក់ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម