Connect with us

ខេត្តបន្ទាយមានជ័យ អាចប្រឈមនឹងកង្វះទឹកប្រើប្រាស់ក្នុងរដូវប្រាំងខាងមុខនេះ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម បានព្រមានថា ខេត្តបន្ទាយមានជ័យ អាចប្រឈមនឹងកង្វះខាតទឹកសម្រាប់ប្រើប្រាស់នៅក្នុងរដូវប្រាំងខាងមុខនេះ ប្រសិនបើ ប្រជាពលរដ្ឋ នៅតែបន្តធ្វើសកម្មភាពទាញទឹកយកមកបង្កបង្កើនផលស្រូវប្រាំងយ៉ាងគំហុកដូចពេលនេះ ដោយមិនមានវិធានការទប់ស្កាត់ទាន់ពេលវេលាទេនោះ ។


កាលពីចុងសប្តាហ៍ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានជួបជាមួយមន្ត្រីអាជ្ញាធរមកពីភាគីពាក់ព័ន្ធ និង មានការចូលរួមពីលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ។
ក្រសួងធនធានទឹក បានអោយដឹងថា តាមការពិនិត្យជារួម ផែនការបង្កបង្កើនផលស្រូវប្រាំងនៅក្នុងខេត្តបន្ទាយមានជ័យ គឺមានចំនួន ២២០០០ ហិកតា ប៉ុន្តែដោយសារឆ្នាំនេះ តម្លៃស្រូវបានខ្ពស់ ប្រជាកសិករ បានសម្រុកដាំដុះយ៉ាងគំហុក ដែលមកដល់ពេលនេះ សម្រេចបានលើផ្ទៃដីរហូតដល់ ៤៥៨៨១ ហិកតា ហើយផ្ទៃដីមួយចំនួន ក៏កំពុងតែធ្វើការភ្ជួររាស់ ត្រៀមនឹងសាបព្រោះបន្ថែមទៀតផងដែរ។
បញ្ហាទាំងនេះ បានធ្វើឲ្យមានការប្រឈមនឹងកង្វះខាតទឹកនាពេលខាងមុខ ក្នុងនោះ មិនត្រឹមតែទឹកសម្រាប់ការងារបង្កបង្កើនផលប៉ុណ្ណោះទេ សូម្បីតែទឹកសម្រាប់តម្រូវការប្រើប្រាស់ ក៏អាចប្រឈមផងដែរ។


តាមកិច្ចប្រជុំ អាជ្ញាធរខេត្ត ពិសេសអាជ្ញាធរដែនដីក៏បានទទួលស្គាល់ដែរថា ចាប់តាំងពីពាក់ កណ្តាលខែតុលាមក មន្ទីរ បានចេញសេចក្តីជូនដំណឹងរួចមកហើយ អំពីសក្តានុពលទឹកសម្រាប់បង្កបង្កើនផលស្រូវប្រាំង ។ ជាមួយនេះ អាជ្ញាធរខេត្ត ក៏ដូចជាស្រុក ឃុំពាក់ព័ន្ធ ក៏បានជួយផ្សព្វផ្សាយអំពីបញ្ហានេះឲ្យបានដល់ប្រជាពលរដ្ឋដែរ ប៉ុន្តែប្រជាពលរដ្ឋនៅតែបន្តធ្វើយ៉ាងគំហុក ទើបធ្វើឲ្យមានការប្រឈមដូចនាពេលនេះ ។
បើយោងតាមការព្យាករណ៍ នៅរដូវប្រាំងខាងមុខនេះ អាចអូសបន្លាយទៅដល់ពាក់កណ្តាលខែ ឧសភា ទើបមានភ្លៀងកក់ខែ ។ ដូចនេះ ប្រសិនបើទាញទឹកទាំងអស់យកទៅស្រោចស្រព ខេត្តបន្ទាយមានជ័យ គឺមានការប្រឈមខ្លាំងនឹងកង្វះខាតទឹកសម្រាប់ការប្រើប្រាស់។
ដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរខេត្ត បានអះអាងថា នឹងបន្តចុះទប់ស្កាត់ការដាំដុះថ្មីៗបន្ថែមទៀត ខណៈមន្ទីរធនធានទឹកខេត្ត នឹងបន្តជួយអន្តរាគមន៍ស្រូវដែលបានដាំដុះរួច ទៅតាមលទ្ធភាព ដោយត្រូវយកចិត្តទុកដាក់ជាសំខាន់ផងដែរ ទៅលើការរក្សាទឹកទុកសម្រាប់ការប្រើប្រាស់នារដូវប្រាំងខាងមុខ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម