ធនាគារសហគ្រាសធុនតូច និងមធ្យម នឹងចេញជារូបរាងនៅឆ្នាំ ២០១៩ ជាមួយទុន ១០០លានដុល្លារអាមេរិក
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងប្រាប់អ្នកសារព័ត៌មានអោយដឹងថា ការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមនឹងលេចចេញជារូបរាងនៅឆ្នាំ ២០១៩ខាងមុខនេះ ។
លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចកំពុងរៀបចំផ្នែកបច្ចេកទេស ហើយថ្មីៗនេះ ស្ថាប័ននីតិបញ្ញត្តិ ក៏ទើបតែបានអនុម័តច្បាប់គ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០១៩រួចហើយដែរ ដែលច្បាប់នេះ មានចែងពីការអនុញ្ញាតឲ្យរាជរដ្ឋាភិបាល អាចចាយថវិកាប្រមាណ ១០០លានដុល្លារ សម្រាប់បង្កើតធនាគារ SMEs នេះ ។
លោកឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា ធនាគារនេះ នឹងដើរតួនាទីដ៏សំខាន់សម្រាប់ជួយដល់វិស័យ សហគ្រាសធុនតូច និងមធ្យម មិនថាតែផ្នែកទុន និង ជំនួយបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជំរុញឲ្យសហគ្រាសធុនតូច និងមធ្យម ចេះរៀបចំផែនការអាជីវកម្ម ចេះតាមដានត្រួតពិនិត្យអាជីវកម្មដើម្បីធានាថា អាជីវកម្មរបស់ខ្លួន អាចផ្តល់ផលចំណេញ ដំណើរការទៅបានល្អ និងចូលរួមជំរុញកំណើនសេដ្ឋកិច្ច ។
បន្ថែមពីលើនេះ លោក ឧបនាយករដ្ឋមន្ត្រី បានឲ្យដឹងដែរថា រាជរដ្ឋាភិបាល ក៏ទើបតែបានចេញអនុក្រឹតមួយ ផ្តល់ការលើកទឹកចិត្តបន្ថែមទៅដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីឲ្យសហគ្រាសក្នុងវិស័យនេះ អាចមានលទ្ធភាពបង្កើនសមត្ថភាពរបស់ខ្លួន សម្រាប់បម្រើទីផ្សារក្នុងស្រុក និង នាំចេញទៅក្រៅប្រទេសផងដែរ ។
គួររំលឹកថា វិស័យសហគ្រាសធុនតូច និងធម្យម (SMEs) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ និង បង្កើតការងារយ៉ាងច្រើនដល់ប្រជាពរដ្ឋនៅទូទាំងប្រទេស ។ តែវិស័យនេះ ត្រូវបានគេមើលឃើញថា មានបញ្ហាប្រឈមខ្លាំងជាងគេ ក្នុងការប្រកួតប្រជែងជាមួយផលិតផលនាំចូលពីប្រទេសក្នុងតំបន់ ស្របពេលការបើកចំហរបាំងពន្ធគយកាន់តែទូលំទូលាយ។
សហគ្រាសធុនតូច និងមធ្យម ស្ទើរតែទំាងអស់ តែងតែលើកឡើងពីភាពកង្វះប្រភពទុន និង បច្ចេកទេស ដែលធ្វើឲ្យសហគ្រាសទាំងនោះពិបាកពង្រឹងសមត្ថភាពប្រកួតប្រជែង និងពង្រីក ខ្លួនជាដើម។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានសហគ្រាសធនតូច និងមធ្យមប្រមាណ ៩៩ភាគរយនៃ បណ្តាសហគ្រាសទូទាំងប្រទេស ហើយក្នុងនោះផ្តល់ការងារសរុបប្រមាណ ៧០ភាគរយនៃការងារទូទាំងប្រទេសសំរាប់ប្រជាពលរដ្ឋកម្ពុជា ។
ដោយឡែក ក្នុងអាស៊ានទាំងមូលមាន សហគ្រាសធនតូច និង មធ្យម ប្រមាណជា ៥២លានសហគ្រាសនៅប្រទេសទាំង១០ដែលមានប្រជាជនប្រមាណជា៦២០លាននាក់ ៕


- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍