Connect with us

ការស្ទង់មតិ ៖ ពលរដ្ឋ ៧៥ភាគរយ នៅតែមានទំនោរទិញអចលនទ្រព្យនៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ ៧៥ភាគរយនៃប្រជាពលរដ្ឋ ២០០០នាក់ ដែលត្រូវបានស្ទង់មតិ បានបង្ហាញថា ចង់ទិញគម្រោងអចលនទ្រព្យនៅរាជធានីភ្នំពេញ ខណៈខេត្តព្រះសីហនុ មានត្រឹមតែ៩ភាគរយ និង ខេត្តសៀមរាប មានតែ ៥ភាគរយប៉ុណ្ណោះ ។

យោងតាមការស្ទង់មតិចាំឆ្នាំរបស់ក្រុមហ៊ុន Realestate.com.kh បានបង្ហាញថា រាជធានីភ្នំ​ពេញ នៅតែជាទីតាំងដែលគេចង់បាន ច្រើនជាងគេ សម្រាប់តម្រូវការអចលនទ្រព្យ ។

ការស្ទង់មតិ ក្នុងចំណោមមនុស្ស ២០០០នាក់ រកឃើញថា ៧៥ ភាគរយ មានបំណងចង់ទិញអចលនទ្រព្យនៅកន្លែងណាមួយនៅក្នុងរាជធានី ។ ខណៈខេត្តព្រះសីហនុ សម្រាប់ឆ្នាំនេះ មាន ៩ភាគរយ បានបង្ហាញថាពួកគេចាប់អារម្មណ៍ទិញអចលនទ្រព្យ បើធៀបទៅឆ្នាំ២០១៧មានត្រឹមតែ ៨ភាគរយ ប៉ុណ្ណោះ ។

ដោយឡែក តម្រូវការសម្រាប់ខេត្តសៀមរាប បានទាក់ទាញអ្នកទិញអចលនទ្រព្យបានត្រឹមតែ ៥ភាគរយ នៃអ្នកដែលបានចូលរួមក្នុងការស្ទង់មតិ ។ តម្រូវការសម្រាប់ទីក្រុងដែលមានប្រា​សាទអង្គរវត្តនេះ បានធ្លាក់ចុះ បើធៀបនឹងរបាយការណ៍កាលឆ្នាំ២០១៧ ។

លោក Tom O’Sullivan នាយកប្រតិបត្តិនៃក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា ដោយសារ ៧៥ភាគរយនៃប្រជាជនកម្ពុជា នៅតែរស់នៅទីជនបទ ដូច្នេះរាជធានីភ្នំពេញជាទួទៅ គឺជាជម្រើសដំបូង នៅពេលដែលពួកគេស្វែងរកឱកាសការងារ ឬ ធ្វើអាជីវកម្មផ្សេងៗ ។

លោក បានបញ្ជាក់ថា ទីបំផុតអ្នកដែលអាចមានលទ្ធភាពរស់នៅក្នុងទីក្រុង ពួកគាត់ នឹងទិញអចលនទ្រព្យមួយនៅក្នុងទីក្រុង ។ តែលោកថា វិនិយោគិន និង អ្នកទិញផ្ទះជាច្រើន កំពុងចាប់ផ្តើមសំឡឹងទៅកាន់តំបន់ឆ្នេរសមុទ្រ ដូចជាខេត្តព្រះសីហនុ និងខេត្តសៀមរាប ដែលស្ថិតនៅប៉ែកភាគពាយព្យរបស់កម្ពុជា ។

ក្រៅពីទីតាំងសំខាន់ទាំងបីនេះទីផ្សារបន្ទាប់ គឺមានដូចជាខេត្តកំពត កែប ក្រុងប៉ោយប៉ែត បាត់ដំបង និង ខេត្តកំពង់ចាមដែលត្រូវបានគេមើលឃើញថាមានតម្រូវការកើនឡើង។ តាមការស្ទង់មតិឆ្នាំនេះ បានបង្ហាញថា១១ភាគរយនៃអ្នកស្វែងរកអចលនទ្រព្យ បានសម្លឹងមើលការទីតាំងផ្សេងក្រៅពីរាជធានីភ្នំពេញខេត្តព្រះសីហនុ ឬ សៀមរាប ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម