Connect with us

ក្រុមហ៊ុនយក្សផ្នែកអាកាសចរចិន និងសហរដ្ឋអាមេរិក ចាប់ដៃគូរពង្រីកការហោះហើររួមគ្នា

ប្រទេសចិន ៖ ក្រុមហ៊ុនអាកាសចរចិន China Southern Airlines និង ក្រុមហ៊ុនអាកាសចរអាមេរិក AmericanAirlines បានពង្រីកភាពជាដៃគូជាមួយគ្នា ដើម្បីធ្វើអោយអ្នកដំណើរទៅមក​រវាងចិន​និងអាមេរិក អាចហោះហើរ​បានកាន់តែងាយស្រួល។

ក្រោយពីបានប្រកាសអំពីការសម្រេចរបស់ខ្លួន ថា នឹងដកខ្លួនចេញពីសម្ព័ន្ធអាកាសចរ SkyTeam ដែលស្ថិតក្នុងចំណោមសម្ព័ន្ធអាកាសចរធំបំផុតទាំងបីរួចមក ក្រុមហ៊ុនអាកាសចរ China Southern Airlines បានចុះកិច្ចព្រមព្រៀងជាច្រើន ជាមួយក្រុមហ៊ុនអាកាសចរ American Airlines ដើម្បីពង្រីកលេខកូដហោះហើររួមគ្នា អមជាមួយនឹងសហប្រតិបត្តិការអាជីវកម្មសំខាន់ៗផ្សេងទៀត​ផងដែរ។

បើយោងតាមកិច្ចព្រមព្រៀងនេះ សហប្រតិបត្តិការលេខកូដហោះហើរ នឹងដាក់អោយប្រើប្រាស់នៅតាមជើងហោះហើររបស់​ក្រុមហ៊ុនទាំងពីរ ទាំងទៅ និងមក រវាងអាមេរិកនិងចិន។ លេខកូដហោះហើរដែលពង្រីកបន្ថែមនេះ នឹងចាប់ផ្ដើមដំណើរការ​នាដើមឆ្នាំ២០១៩ ។

លោក វូ គ័រស៊ែង ប្រធានគ្រប់គ្រងទូទៅផ្នែកសហប្រតិបត្តិការអន្តរជាតិនៃក្រុមហ៊ុន China Southern Airlines បានអោយដឹងថា ក្រោយពេលដែលសហប្រតិបត្តិការលេខកូដហោះហើររួម ចាប់ផ្ដើមដំ​ណើរ​ការទៅ អ្នកធ្វើដំណើរ អាចជិះយន្ដហោះរបស់ក្រុមហ៊ុន American Airlines ទៅកាន់២១ទីក្រុង ។ ក្រុមហ៊ុន China Southern Airlines និង American Airlines នឹងផ្ដល់ជើងហោះហើរ ចំនួន៦៤ជើង ជារៀងរាល់ថ្ងៃ សម្រាប់ទៅមករវាងចិននិងអាមេរិក។”

ក្រៅពីនេះ ក្រុមហ៊ុនអាកាសចរទាំងពីរ ក៏នឹងផ្ដល់អត្ថប្រយោជន៍ និងកន្លែងសម្រាកដល់អតិថិជនរបស់ក្រុមហ៊ុនផងដែរ នាឆ្នាំ​ក្រោយនេះ។ ទន្ទឹមគ្នានេះ អ្នកដំណើររបស់ក្រុមហ៊ុន នឹងអាចឆែកវ៉ាលីរបស់ពួកគេបានគ្រប់ពេលវេលា រហូតទាល់តែដល់គោលដៅចុង​ក្រោយ ដោយមិនចាំបាច់ check in ម្ដងទៀតនោះ នៅពេលដែលឡើងយន្តហោះទៅកាន់គោលដៅបន្ទាប់ទៀតនោះទេ ។

លោក ចូវ ចៀនជន សាស្ត្រាចារ្យ វិទ្យាសា្ថនគ្រប់គ្រងអាកាសចរស៊ីវិលចិន បានលើកឡើងថា សម្រាប់ពលរដ្ឋសាមញ្ញ សហប្រតិបត្ដិការរវាងក្រុមហ៊ុនអាកាសចរក្នុងស្រុកជាមួយនឹងក្រុមហ៊ុនអា​កាសចរបរទេស នឹងជួយ​សម្រួលដល់ការឆ្លងដែន ដោយវានឹងផ្ដល់ជម្រើសដល់ពួកគេកាន់តែច្រើនជាងមុន។

ក្រុមហ៊ុន China Southern Airlines ដែលមានស្នាក់ការធំនៅក្រុងគ័ងចូវ គឺជាក្រុមហ៊ុនអាកាសចរធំជាងគេ​​នៅក្នុង​ប្រទេសចិន ដោយមានយន្ដហោះដល់ទៅជាង ៨០០គ្រឿង ។ ប្រៀបធៀបនឹងអាស៊ី ក្រុមហ៊ុននេះ ជាប់ចំណាត់ថ្នាក់លេខ១ តែបើប្រៀបធៀបនឹងពិភពលោក ក្រុមហ៊ុននេះ ជាប់លេខបី ។ ក្នុង១ថ្ងៃ ក្រុមហ៊ុននេះ មានជើងហោះហើរជាង៣ពាន់ ទៅកាន់២២៤គោលដៅ ទូទាំងពិភពលោក។

ដោយឡែកក្រុមហ៊ុន AmericanAirlines ដែលមានស្នាក់ការធំនៅក្រុង Fort Worth រដ្ឋ Texas គឺជាអ្នកចូលរួមបង្កើតសម្ព័ន្ធ Oneworldដែលមានក្រុមហ៊ុនសមាជិកជាច្រើន ដែលកំពុងផ្ដល់សេវាហោះហើរ ទៅកាន់ជាង១ពាន់គោលដៅទូទាំង​ពិភពលោកតាមរយៈជើងហោះហើរ ប្រហែល១ម៉ឺន៤ពាន់២៥០ ជើង ក្នុង១ថ្ងៃ។ចិនគឺជាអ្នកជំរុញដ៏សំខាន់សម្រាប់ទីផ្សារអាកាសចរស៊ីវិលក្នុងពិភពលោក។ គេព្យាករណ៍ថាចិននឹងក្លាយជាទីផ្សារអាកាសចរ​ធំជាងគេក្នុងពិភពលោក នៅពាក់កណ្ដាលឆ្នាំ២០២០ខាងមុខ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម