Connect with us

ក្រសួងសុខាភិបាល បារម្ភពីការផ្ទុះឡើងនៃជម្ងឺគ្រុនឈាមក្នុងខែធ្នូនេះ ខណៈករណីជម្ងឺ គ្រុនឈាម កំពុងមានសញ្ញាកើនឡើង

ភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខភិបាល  បានអំពាវនាវឲ្យប្រជាជនទាំងអស់ ចូលរួមក្នុងការបំបាត់ជំរកដង្កូវទឹកជុំវិញផ្ទះ និងទីសាធារណៈនានា ដើម្បីបង្ការករណីជំងឺគ្រុនឈាម ខណៈដែលនៅដើមខែធ្នូ ឆ្នាំនេះ ករណីជំងឺគ្រុនឈាមលើកុមារ និងមនុស្សធំ មានការកើន ឡើង។

តាមសេចក្តីជូនដំណឹងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខភិបាល បានបញ្ជាក់ថា មូលហេតុដែលជំងឺគ្រុនឈាមកើនឡើង ពីព្រោះឆ្នាំនេះ ជាខួបកើនឡើងនៃជំងឺគ្រុនឈាម ដែល មានរៀងរាល់ ៤ ទៅ ៥ឆ្នាំម្តង។ 

នាយកដ្ឋានក៏បានអោយដឹងថា ឆ្លើយតបនឹងបញ្ហានេះ កម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនឈាមក្រសួងសុខាភិបាល និងបណ្តារមន្ទីរសុខាភិបាល ខេត្ត រាជធានី បានចាត់វិធានរួចហើយក្នុងការបាញ់ថ្នាំសំលាប់មូសខ្លា និងត្រៀមបើកយុទ្ធនាការដាក់ថ្នាំអាបែតបន្ថែមទៀត និងការអប់រំសុខភាព ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានអំពាវនាវឲ្យប្រជាជនទាំងអស់ ការពារកូនកុំឲ្យមូសខាំ ដោយពាក់ខោអាវគ្របជិតខ្លួន ពាក់ស្រោមជើង និងគេងក្នុងមុងជានិច្ចទាំងពេលថ្ងៃនិងពេលយប់ ។

ជាមួយគ្នានេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក៏បានអំពាវនាវដល់ពលរដ្ឋឲ្យនាំកូនទៅមន្ទីរពេទ្យជាបន្ទាន់ បើឃើញកូនក្តៅខ្លួនខ្លាំង ផ្តល់ថ្នាំមិនចុះកំដៅ ឬ សង្ស័យថាមានជំងឺគ្រុនឈាម ។

សូមបញ្ជាក់ថា រោគសញ្ញាជំងឺគ្រុនឈាមរួមមាន គ្រុនក្តៅខ្លាំង ឈឺក្បាល ឈឺក្រោយរង្វង់ភ្នែក ឈឺពោះ ក្អួត និងករណីខ្លះមានកន្ទួលក្រហមលើស្បែក ឬសញ្ញាហូរឈាម ។

តាមរបាយការណ៍នាពេលកន្លងមកបានឲ្យដឹងថា កាលពីឆ្នាំ២០១៧ ប្រទេសកម្ពុជាមានករណីជំងឺគ្រុនឈាមចំនួន ៦.៣៧២ករណី  ដោយបានធ្លាក់ចុះ ៥០ ភាគរយពីចំនួន ១២.៨៤៣ ករណីកាលពីឆ្នាំ២០១៦៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម