Connect with us

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម អាចកើនដល់ ៥ពាន់លានដុល្លារ នៅត្រឹមឆ្នាំ ២០២០

ភ្នំពេញ ៖ មន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម បានបង្ហាញពីជំនឿថា ការកំណត់គោលដៅបង្កើនទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ឲ្យកើនដល់ ៥ពាន់លានដុល្លារ នៅត្រឹមឆ្នាំ ២០២០ នឹងសម្រេចតាមផែនការ ខណៈដែលភាគីទាំងពីរ បានឯកភាពគ្នាពន្លឿនការដោះស្រាយបញ្ហាដែលនៅសេសសល់ទាក់ទងទៅនឹងកិច្ចសម្រួលពាណិជ្ជកម្មឆ្លងដែន ឲ្យបានឆាប់បំផុត។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមកាលពីសប្តាហ៍មុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងលោក ង្វៀន​ សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម បានឯកភាពគ្នាជំរុញពាណិជ្ជកម្មប្រទេសទាំងពីរឲ្យកើនដល់ ៥ពាន់លានដុល្លារនៅ ឆ្នាំ ២០២០។

ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន សំដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កម្ពុជា និងវៀតណាម ក៏បានចុះអនុស្សរណៈយោគយល់គ្នា លើការចរចាបញ្ចប់កិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មតាមព្រំដែននៃប្រទេសទាំងពីរ។

ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា តាមរយៈអនុស្សរណៈយោគ យល់គ្នានេះ នឹងរួមចំណែកដល់កិច្ចសហប្រតិបត្តិការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ពីរ ។ ក្រៅពីនេះ គួបផ្សំជាមួយការខិតខំអនុវត្តនូវអ្វីដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមកថែមទៀតនោះ វានឹងអាចសម្រេចផែនការ ៥ពាន់លានដុល្លារជាក់ជាពុំខានឡើយ ។

ឯកឧត្តមបញ្ជាក់ថា សព្វថ្ងៃនេះ រាជរដ្ឋាភិបាល កំពុងបង្កើនការទាក់ទាញវិនិយោគិនបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម ក៏ដូចជាកសិ-ឧស្សាហកម្ម ដើម្បីធ្វើពិពិធកម្មនាំចេញ ហើយវា​ក៏ នឹងបង្កើនតម្លៃនាំចេញបន្ថែមដែរ ខណៈបច្ចុប្បន្ន ភាគច្រើនការនាំចេញកសិផលរបស់កម្ពុជា ជាផលិតផលមិនទាន់កែច្នៃ ។

គួររំលឹកថា កម្ពុជា និងវៀតណាម បានចុះកិច្ចព្រមព្រៀងស្តីពីការជៀសវាសការយកពន្ធត្រួតគ្នា និង ការបង្ការការកិបកេងបន្លំពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល នៅថ្ងៃទី៣១ មីនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ។

កម្ពុជា-វៀតណាម ក៏ធ្លាប់បានកំណត់ទិសដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកើនដល់ ៥ពាន់ លានដុល្លារនៅត្រឹមឆ្នាំ ២០១៥ ប៉ុន្តែរហូតមកដល់ឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានត្រឹមតែ ៣,៨ពាន់ លានដុល្លារប៉ុណ្ណោះ ។  

មុខទំនិញសំខាន់ៗរបស់វៀតណាម នាំចូលមកកម្ពុជា កាលពីឆ្នាំ២០១៧ មានដូចជា ដែកថែប និងដែកដែល តម្លៃ ៥២១លានដុល្លារ ប្រេងឥន្ធនៈតម្លៃ ៣៧៥លានដុល្លារ និងជីកសិកម្ម សម្លៀកបំពាក់ គ្រឿងម៉ាស៊ីន និងផលិតផលប្លាស្ទិក។

រីឯមុខទំនិញសំខាន់ៗរបស់កម្ពុជាដែលនាំចេញទៅវៀតណាម ភាគច្រើន ជាផលិតផលធ្វើពីឈើ ដែលមានតម្លៃ ២១៤ លានដុល្លារស្វាយចន្ទី តម្លៃ ១៦៨លានដុល្លារ និង កៅស៊ូ តម្លៃ ១៣៨លានដុល្លារ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម