Connect with us

បច្ចេកវិទ្យាទាញថាមពលពីស្នូលផែនដី ជួយកម្តៅលំនៅដ្ឋានពលរដ្ឋចិន ក្នុងរដូវរងា ដោយមិនប៉ះ ពាល់បរិស្ថាន

ប្រទេសចិន ៖ ថាមពលពីស្នូលផែនដី កំពុងក្លាយជាប្រភពកម្ដៅដ៏សំខាន់ សម្រាប់តំបន់ជាច្រើននៅខេត្តហ័រប៉ី ប៉ែកខាងជើងប្រទេសចិន ។ ការទាញយកថាមពលនេះមកប្រើប្រាស់ គឺជាផ្នែកមួយនៃការខិតខំរបស់រដ្ឋាភិបាលកណ្ដាលចិនដែលចង់កម្ដៅផ្ទះ​ប្រជាជននៅតាមទីប្រជុំជន ដោយប្រើថាមពល ដែលមិនប៉ះពាល់បរិស្ថាន។ តំបន់ថ្មី ស៊ាំងអាន (Xiongan) គឺជាតំបន់ពាណិជ្ជកម្មដែលកំពុងរីកចម្រើននិងមានទីតាំងនៅជាយក្រុងប៉េកាំង និង ក្រុង​ធានជីន។

អ្នកស្រី ស៊ុន និងចៅស្រីអាយុ៥ខែរបស់គាត់អាចដើរដោយជើងទទេបាននៅក្នុងផ្ទះរបស់គាត់ ដែលមានកម្ដៅក្នុងសីតុណ្ហភាព​២៧អង្សារសេនាអំឡុងរដូវរងារនេះ។ ក្រៅពីអ្នកស្រី ស៊ុនក៏នៅមានអ្នកដទៃទៀតនាតំបន់ ស៊ាំងអាន នេះ ដែលពាក់ខោអាវវាលនាខែរងារនេះដែរដោយសារតែមានគម្រោងកម្ដៅផ្ទះ ដោយប្រើថាមពលដែលមិនប៉ះពាល់បរិស្ថាន។

អ្នកស្រី ស៊ុន បានអោយដឹងថា ម៉ាស៊ីនកម្ដៅនេះ ដំណើរការល្អណាស់ និង មិនប៉ះពាល់បរិស្ថាន។ កាលពីមុន អ្នកស្រី បានដុតធ្យូងថ្ម ដើម្បីកម្ដៅផ្ទះ​ នាខែរងារ ដោយចំណាយលុយអស់ជិត៦០០ដុល្លារអាមេរិកឯណោះ ។ តែឥឡូវ គាត់ចំណាយអស់តែប្រហែល១៥០ដុល្លារទេ ។

ដោយវិនិយោគរួមគ្នាចាប់ពីឆ្នាំ២០០៩មក ក្រុមហ៊ុនផលិតថាមពលរបស់រដ្ឋចិន ឈ្មោះថា ស៊ីណូផិច (Sinopec) បានបោះទុនប្រហែល៥៨លានដុល្លារអាមេរិក ទៅក្នុងគម្រោងផលិតថាមពលពីស្នូលផែនដី នៅតំបន់ស៊ាំងអាន នេះ។

លោក វ៉ាង សៀវម៉ៅ ជាប្រធានគ្រប់គ្រងអង្គភាពថាមពលពីស្នូលផែនដីរបស់ក្រុមហ៊ុនស៊ីណូផិច នៅស៊ាំងអាន បានអោយដឹងថា ដំណើរការនៃការកម្ដៅនេះ គឺពឹងផ្អែកលើរង្វិលទឹកហូរ ។ លោក ថា អណ្ដូង​ក្រោមដីទាំងនោះ បានបូមទឹក ដែលមានស៊ីតុណ្ហភាពប្រហែល ៧០ អង្សារសេ មុនពេលដែលវាហូរចូលមកក្នុង​ប្រព័ន្ធ​កម្ដៅ។

អ្នកនាង ស៊ុន ឆាយសៀរគឺជាប្រធានផ្នែកបច្ចេកវិទ្យា នៅក្រុមហ៊ុនអភិវឌ្ឍថាមពលពីស្នូលផែនដីបៃតង ស៊ីណូផិច។គាត់បានប្រាប់ថា ស្ទើរតែគ្រប់ផ្ទះទាំងអស់នៅតំបន់ថ្មី ស៊ាំងអាន នេះគឺកំពុងប្រើកម្ដៅដែលចេញពីទឹកអណ្ដូងដែលមានជម្រៅដល់ទៅ១៥០០ម៉ែត នៅខាងក្រោមដី៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម