Connect with us

តាមពិតបវរកញ្ញាអាមេរិកព្យាយាមទាក់ទងជាមួយបវរកញ្ញាខ្មែរដោយប្រើ App បកប្រែភាសាដើម្បីកុំឲ្យ…

បន្ទាប់ពីបវរកញ្ញារឿនណាត ដែលជាបវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជាក្នុងឆ្នាំ២០១៨នេះបានបង្ហាញឈុតតំណាងជាតិលើវេទិការបវរកញ្ញាចក្រវាល៍ Miss Universe 2018
នៅប្រទេសថៃពេលថ្មីៗនេះ ទស្សនិកជន និងអ្នកគាំទ្រជាតិ និងអន្តរជាតិ លើបណ្តាញសង្គមបានសរសើរស្ញប់ស្ញែងពីសម្រស់ និងភាពល្អដាច់បែបខ្មែរយើងមិនដាច់ពីមាត់។ ស្រាប់តែផ្ទុះការវាយប្រហារយ៉ាងកក្រើក តាមរយៈបណ្តាញសង្គមហ្វេសបុក និង Instagram ដែលអ្នកគាំទ្រខ្មែរមិនពេញចិត្តចំពោះវីដេអូ Live របស់ បវរកញ្ញាអាមេរិក និងបវរកញ្ញាអូស្រ្តាលី បានលើកឡើងថាបវរកញ្ញាខ្មែរមិនសូវចេះភាសាអង់គ្លេស ហើយមិនសូវមានទំនាក់ទំនងជាមួយអ្នកដ៏ទៃដូចបវរកញ្ញាផ្សេងទៀត។
វីដេអូមួយដែលបានផ្សព្វផ្សាយនោះ គឺជាការឆ្លើយឆ្លងជាមួយនឹងទស្សនិកជនតាមប្រព័ន្ធ Instagram ជាពិសេសការជជែកកំសាន្តសប្បាយធម្មតានៅពេលសម្រាក។ បវរកញ្ញាដែលមក ពីប្រទេសអាមេរិក បង្ហាញពីទឹកចិត្តអាណិតអាសូរ ចំពោះកញ្ញារឿន ណាតដែលមិនសូវចេះភាសា អង់គ្លេស ហើយជាពិសេសផលលំបាកក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដ៏ទៃដែល ជាបេក្ខភាពបវរកញ្ញា។ គ្រាន់តែថា ពេលដែលបវរកញ្ញាអាមេរិក Live វីដេអូដែលគាត់បានបង្ហាញពីទឹកចិត្តអាណិតអាសូរ ចំពោះបវរកញ្ញាមកពីប្រទេសកម្ពុជាទាក់ទងនឹងរឿងភាសាអង់គ្លេសនេះ ធ្វើឡើងនៅពេលដែលបវរកញ្ញាមកពីប្រទេសអូស្រ្តាលី អង្គុយនៅក្បែរនោះកំពុងរាំលេងទៅវិញ មូលហេតុមួយនេះបូកផ្សំទាំងភាពខុសគ្នារវាងការសម្តែងទឹកមុខអាណិតអាសូរ រវាងវប្បធម៌ខ្មែរ និងវប្បធម៌ខាងលិចផងបានធ្វើឲ្យផ្ទុះការរិះគន់ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមខ្មែរជាច្រើន ចំពោះបវរកញ្ញាអាមេរិក អូស្រ្តាលី និង កូឡំប៊ីដែលអង្គុយក្បែរនោះ។
កញ្ញារឿន ណាត ដែលគ្រងឈុតតំណាងជាតិ ដែលបានដើរនៅលើឆាកពោរពេញទៅដោយភាពជឿជាក់ និង ទំនុកចិត្តកាលពីប៉ុន្មានថ្ងៃមុននោះ Live វីដេអូ យំសោកស្តាយចំពោះការយល់ ច្រលំរបស់អ្នកគាំទ្រខ្មែរចំពោះបំណងល្អរបស់បវរកញ្ញាអាមេរិក។ កញ្ញារឿនណាតបានអំពាវនាវឲ្យប្រជាជនខ្មែរ កុំឲ្យយល់ច្រលំចំពោះវីដេអូនោះហើយ លើសពីនេះមានតែបវរកញ្ញាអាមេរិកទេដែលព្យាយាមប្រាស្រ័យទាក់ទងនឹងកញ្ញាក្នុងកំឡុង ពេលដែលកញ្ញាមិនសូវមានមនុស្សមកនិយាយលេងជាមួយក្នុងកម្មវិធីនិងក្រៅកម្មវិធី។
បវរកញ្ញាតំណាងឲ្យប្រទេសអាមេរិកបានចេញសារ សោកស្តាយចំពោះការយល់ច្រលំ នេះហើយថែមទាំងប្រាប់ពីវិធីក្នុងការព្យាយាមទំនាក់ទំនងគ្នាជាមួយកញ្ញារឿន ណាត ដោយប្រើ App សំរាប់បកប្រែភាសាជាពិសេសប្រាប់ពីគំរោងធ្វើដំណើររបស់គាត់មកកាន់ ប្រទេសកម្ពុជាបន្ទាប់ពីកម្មវិធីប្រលងបវរកញ្ញាចក្រវាល៍នេះចប់។

តាមរយៈ ប្រភពដែលស្គាល់កញ្ញា រឿន ណាត បានឲ្យដឹងថាកញ្ញាកើតនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ១៩៩៦។ សព្វថ្ងៃនេះ កញ្ញា រឿន ណាត កំពុងសិក្សានៅវិទ្យាល័យទួលទំពូង ថ្នាក់១២ រស់នៅជុំគ្នាជាមួយគ្រួសារ ក្នុងជីវភាពមធ្យម ហើយកញ្ញាជាកូនស្រីដែលចេះយកអសារក្នុងគ្រួសារ និងអ្នកដ៏ទៃផងដែរ ។

សូមទស្សនាវិដេអូ៖

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម