Connect with us

ពិធីបុណ្យសមុទ្រលើកទី៧ នឹងចាប់ផ្តើមស្វាគមន៍ភ្ញៀវទេសចរ ចាប់ពីថ្ងៃទី១៤ ខែធ្នូ ស្អែកនេះ

កោះកុង ៖ ពិធីបុណ្យសមុទ្រលើកទី៧ (ជុំទី២) នៅខេត្តកោះកុង នឹងចាប់ផ្តើមពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ស្អែកនេះ ដែលមានរយៈពេល៣ថ្ងៃ ដោយរំពឹងថា នឹងអាចទាក់ទាញភ្ញៀវទេសចរ យ៉ាងតិច ៩ម៉ឺននាក់ ។
ពិធីបុណ្យសមុទ្រ ឆ្នាំនេះ ប្រារព្ធធ្វើឡើង ក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណី» ដែលគ្រោងនឹងមានការអញ្ជើញចូលរួមបើកជាផ្លូវការពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអោយដឹងថា ភាគីកម្ពុជា និងភាគីថៃ បានឯក ភាពសម្របសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋទាំងសងខាង ក្នុងការទៅមកទស្សនាកម្សាន្តនៅខេត្តកោះកុង និងខេត្តត្រាត ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យសមុទ្រនេះផងដែរ ។
សម្រាប់ប្រជាពលរដ្ឋ ដែលទៅទស្សនាពិធីបុណ្យសមុទ្រហើយមានបំណងចង់ទៅលេងកម្សាន្តនៅខេត្តត្រាត ប្រទេសថៃ ត្រូវយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប័ណ្ណសម្គាល់យានយន្ត និង ប័ណ្ណបើកបរ ។ ជាមួយនេះ ប្រសិនបើមានកូនចៅក្មេងៗទៅជាមួយ ត្រូវដាក់រូបថតរបស់ពួកគេ ដើម្បីបញ្ជាក់ជូនសមត្ថកិច្ចប្រចាំនៅច្រកព្រំដែនចាំយាម ។
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកោះកុង ក៏បានសហការគ្នារៀបចំតំបន់រមណីយដ្ឋានទេសចរណ៍មួយចំនួនទៀត សម្រាប់ត្រៀមទទួលភ្ញៀវទេសចរ ក្នុងឱកាសបុណ្យសមុទ្រផងដែរ ដូចជា រមណីយដ្ឋានវិស្សមកាលតារាសាគរ តំបន់អេកូទេសចរណ៍ឆាយអារ៉ែង តាតៃ ព្រៃកោងកាង ឆ្នេរខ្សាច់ប៉ាក់ខ្លង រមណីយដ្ឋានចេតិយឃុនឆាង តំបន់ជុំវិញក្រុងខេមរភូមិន្ទ ព្រមទាំងកម្មវិធីកីឡា និងកម្មវិធីកម្សាន្តជាច្រើនទៀតផងដែរ។
បើតាម លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បាននិយាយថា ក្រុមការងារបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ រួមទាំងតំបន់រមណីយដ្ឋាន និងកន្លែងកម្សាន្តក្នុងខេត្តសម្រាប់ពិធីបុណ្យសមុទ្ររួចរាល់ហើយ។
ជាមួយគ្នានេះ ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង ក៏បានអះអាងថា មកដល់ពេលនេះ ផ្ទះសំណាក់ និងសណ្ឋាគារ នៅក្នុងក្រុងខេមរភូមិន្ទ ត្រូវបានភ្ញៀវទេសចរជួល និងកក់ទុកជិតពេញអស់ហើយ មានតែនៅតាមជាយក្រុងតិចតួចប៉ុណ្ណោះ ។ ប៉ុន្តែភ្ញៀវទេសចរ នៅមានជម្រើសទៅស្នាក់នៅខេត្តត្រាត ប្រទេសថៃក៏បានដែរ ។ លោក បានអោយដឹងថា ខាងភាគីថៃ ក៏បានត្រៀមបន្ទប់ស្នាក់នៅ សម្រាប់ភ្ញៀវទេសចរទៅពីកម្ពុជា ដល់ទៅជាង ៦០០បន្ទប់ឯណោះ ប៉ុន្តែមកដល់ពេលនេះ ភ្ញៀវទើបតែជួលអស់ជាង ១០០បន្ទប់ នៅឡើយទេ ពោលគឺនៅដល់ទៅជាង ៤០០បន្ទប់ទៀត។ សម្រាប់តម្លៃស្នាក់នៅខាងថៃវិញ គឺមិនលើសពី៣០ដុល្លារឡើយ ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម