Connect with us

រាជធានីភ្នំពេញ និងខេត្តចំនួន៥ នឹងមានការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា

សៀមរាប ៖ ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចំនួន៥ ដើម្បីបង្ក្រាបបទល្មើសនេះឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។

ការិយាល័យដែលទើបសម្រេចបង្កើតនោះ រួមមាននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ខេត្តស្វាយរៀង, ខេត្តព្រះសីហនុ ខេត្តសៀមរាប រួមនឹងខេត្តបន្ទាយមានជ័យ ដែលបច្ចុប្បន្នកំពុងតែរៀបចំរចនាសម្ព័ន្ធ និងកំពុងបណ្ដុះបណ្ដាលមន្ដ្រីជំនាញ ដើម្បីឈានទៅបើកជាបន្តបន្ទាប់ ។

ថ្លែងក្នុងពិធីផ្លាស់ប្តូរមុខតំណែងអភិបាលខេត្តសៀមរាប នៅថ្ងៃទី ១៣ ខែធ្នូនេះ សម្ដេចក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សម្តេច បានស្នើរអោយបង្កើតការិយាល័យនេះ នៅតាមស្នងការនគរបាលរាជធានីខេត្ត ខណៈដែលផ្នែកប្រឆាំងបទ ល្មើសបច្ចេកវិទ្យានេះ មានតែនៅថ្នាក់អគ្គស្នងការនគរបាលជាតិប៉ុណ្ណោះ ដែលមិនទាន់មាននៅ ថ្នាក់ខេត្តនៅឡើយ ។

បើតាមសម្តេចក្រឡាហោម ស ខេង ក្រោយពេលបង្កើតនៅតាមបណ្តារាជធានី-ខេត្តទាំង៥នេះ ហើយ ក្រសួងនឹងឈានទៅបង្កើតនៅគ្រប់ខេត្តទូទាំងប្រទេសតែម្តង ។

ដោយឡែក បើតាមប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលត្រូវបានដកស្រង់សម្តី បានអោយដឹងថា នៅពេលនេះ ក្រសួង កំពុងតែរៀបចំរចនាសម្ព័ន្ធ និង បណ្ដុះបណ្ដាលដល់មន្ដ្រីជំនាញ ដែលត្រូវបំពេញភារកិច្ច​នេះ ។​

គួររំលឹកថា កាលពីពេលថ្មីៗនេះ សមត្ថកិច្ចកម្ពុជា បានបើកប្រតិបត្តិការបង្រ្កាបជាបន្តបន្ទាប់លើ ករណីបទល្មើសបច្ចេកវិទ្យានេះ ដែលក្នុងនោះ ជនជាតិចិន ជាច្រើនរយនាក់ ត្រូវបានចាប់ខ្លួន ច្រើនជាងគេ ពាក់ព័ន្ធនឹងបទល្មើសនេះ ។

បើតាមរបាយការណ៍ បានបង្ហាញថា រយៈពេល ៤ឆ្នាំដោយគិតពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨នេះ សមត្ថកិច្ចកម្ពុជា បានបង្ក្រាបនិងចាប់ខ្លួនជនជាតិចិន ជាង២ពាន់នាក់ ពាក់ព័ន្ធនឹងការឆបោក និងជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត ហើយត្រូវបានបញ្ជូនពួកគេ ទៅប្រទេសចិនវិញ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម