Connect with us

ក្រសួងកសិកម្ម នឹងទទួលបានថវិកាជិត១០០លានដុល្លា សម្រាប់កម្មវិធីគ្រប់គ្រងធនធានជលផល និង វារីវប្បកម្ម

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានប្រកាសថា សហភាពអឺរ៉ុប បានសម្រេចផ្តល់ថវិកាប្រមាណ ៨៧លានអឺរ៉ូ ស្មើនឹងជិត ៩៩លានដុល្លារអាមេរិក សម្រាប់អនុវត្តន៍កម្មវិធីគ្រប់គ្រងធនធានជលផល ក៏ដូចជាការអភិវឌ្ឍវិស័យវារីវប្បកម្មនៅកម្ពុជា ។

ការប្រកាសនេះ បានធ្វើឡើង ខណៈដែលឯកអគ្គរដ្ឋទូតអឺរ៉ុប លោក George Edgar ចុះពិនិត្យការប្រមូលផលត្រីនៅតាមដងទន្លេសាប និង ការចិញ្ចឹមត្រីនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល នៅរសៀលថ្ងៃទី១៣ ខែធ្នូ។

បើតាមលោក George Edgar ការចុះហត្ថលេខាលើការផ្តល់ជំនួយនេះ នឹងធ្វើឡើងនៅប៉ុន្មានថ្ងៃមុខនេះ។ លោកឯអគ្គរដ្ឋទូតអឺរ៉ុប បានអះអាងថា ការគ្រប់គ្រងវិស័យជលផល ក៏ដូចជាវារីវប្បកម្ម គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការផ្តល់អាហារូបត្ថម្ភ និងធានាដល់សន្តិសុខស្បៀងនៅកម្ពុជា។

ទាក់ទិននឹងការទទួលបានជំនួយនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កញ្ចប់ថវិកាជំនួយនេះ នឹងប្រើសម្រាប់អភិរក្ស និងគ្រប់គ្រងធនធានជលផល ។ ក្រៅពីនេះ មួយចំណែកទៀត នឹងប្រើសម្រាប់ជួយដល់សហគមន៍ចិញ្ចឹមត្រី ធ្វើយ៉ាងណាឲ្យគាត់មានលទ្ធភាពទទួលបានចំណូលច្រើន ។ ទន្ទឹមនេះ ក៏មានការជំរុញទៅដល់ការ        បណ្តុះបណ្តាលសហគមន៍នេសាទ ដែលមានលទ្ធភាពជួយការពារផងដែរ ។

គួររំលឹកថា កាលពីខែវិច្ឆិកាកន្លងទៅ ក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រាងហិរញ្ញប្បទានប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដែលក្នុងនោះមួយមានចំនួនទឹកប្រាក់ ២៥ លានអឺរ៉ូ សម្រាប់កម្មវិធីជំរុញវិស័យជនផលប្រកបដោយចីរភាពនិងបរិយាប័ន សំដៅដល់ការអភិវឌ្ឍន៍វិស័យវារីវប្បកម្ម ទាំងទឹកសាប និងសមុទ្រ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម