Connect with us

លោក ព្រំ សិលា បានក្លាយជាប្រធានសមាគមភាពយន្តកម្ពុជា ជំនួសលោក ឆាយ បូរ៉ា

ភ្នំពេញ ៖ សមាគមភាពយន្តកម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសរើសប្រធាន និង អនុប្រធានថ្មីដែលក្នុងនោះ លោក ព្រំ សិលា ទទួលបានការគាំទ្រអោយឡើងធ្វើជាប្រធាន ខណៈដែលលោក លៀក លីដា ធ្វើជាអនុប្រធាន ។
ការបោះឆ្នោត បានធ្វើឡើងក្រោមវត្តមានលោក ស៊ិន ចាន់សៃយ៉ា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគមភាពយន្តកម្ពុជា ព្រមទាំងសមាជិកដែលជាម្ចាស់ផលិតកម្ម ទូរទស្សន៍អនឡាញចំនួន១៨នាក់ នៃសមាជិកសរុប ២៧នាក់ ។
គួររំលឹកថា បេក្ខភាពឈរឈ្មោះ សម្រាប់ការបោះឆ្នោតមានចំនួន ៥រូប ដែលមកពីស្ថាប័នទាក់ទងនឹងវិស័យភាពយន្ត ដូចជា៖ ១. លោក ជុំ សុភា ម្ចាស់ផលិតកម្មរាហ៊ូប្រូដាក់សិន ២. លោក លៀក លីដា ម្ចាស់ផលិតកម្ម LD Pictures ៣. លោកអ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស ៤. លោក ហ៊ុយ យ៉ាឡេង ម្ចាស់ផលិតកម្មមាតុចក្រ ៥. លោកព្រំ សិលា ម្ចាស់ក្រុមហ៊ុនចែកចាយភាពយន្តឯករាជ្យ ។
តាមរយៈការបោះឆ្នោត ជុំទី១ លទ្ធផលបានទៅ លោក ព្រំ សិលា ដែលទទួលបានការគាំទ្រសម្លេង ១២ លើ ១៨សម្លេង ហើយក្នុងជុំទី២ លោក លៀក លីដាបានទទួលតំណែងជាអនុប្រធាន។
សូមបញ្ជាក់ថា លោក ព្រំ សិលា ប្រធានសមាគមថ្មី គឺជាអ្នកចែកចាយ និងផ្សព្វផ្សាយភាពយន្តក្នុងស្រុក ដែលរឿងរបស់លោកបានចែកចាយកន្លងមក មានដូចជាភាពយន្តធ្មប់ កំពូលអ្នកថតរូប វិប្បលាស/រចនា បាតដៃខ្មៅ និង រឿងស្នូរជើងអ្នកណា? ។ លោក ក៏ធ្លាប់ជាអ្នករៀបចំមហោស្រពភាពយន្តខ្លី ដូចជាមហោស្រពភាពយន្តខ្លីចតុមុខជាដើម។
ដោយឡែក លោក លៀក លីដា អនុប្រធានសមាគមថ្មី ក៏ធ្លាប់បានទទួលតំណែងជាអនុប្រធានរបស់សមាគមភាពយន្ត គឺជាម្ចាស់ ផលិតកម្ម LD Pictures ដែលជាផលិតកម្មខ្មែរផលិតភាពយន្តខ្នាតធំបានច្រើនជាងគេប្រចាំឆ្នាំ ។
គួររំលឹកថា កាលពេលកន្លងទៅថ្មីៗនេះ លោក ឆាយ បូរ៉ា បានប្រកាសលាលែងចេញពីតំណែងជាប្រធានសមាគមភាពយន្តកម្ពុជា ទាំងពាក់កណ្តាលអាណត្តិ ក្រោយដឹកនាំសមាគមអស់រយៈពេល៣ឆ្នាំ ដោយទុកពេលឲ្យអ្នកផ្សេងដឹកនាំជំនួស ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងវិស័យ ភាពយន្តខ្មែរ ដែលកំពុងធ្លាក់ការគាំទ្រផងដែរ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម