Connect with us

វារីអគ្គីសនីសេសានក្រោម២ ដែលជាទំនប់ធំជាងគេនៅកម្ពុជា នឹងសម្ពោធដាក់អោយដំណើរការពេញលេញ នៅថ្ងៃទី ១៧ ខែធ្នូ

ខេត្តស្ទឹងត្រែង ៖ នាល្ងាចថ្ងៃទី១៦ ខែធ្នូនេះ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ រួមនឹងអភិ បាលខេត្តស្ទឹងត្រែង បានរៀបចំពិធីក្រុងពាលី តាមប្រពៃណីសាសនា មុននឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការទំនប់វារីអគ្គីសនី សេសាន ក្រោម២ ។
សម្រាប់ពិធីសម្ពោធជាផ្លូវការ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចអគ្គមហាសេសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨ ស្អែកនេះ។
សូមបញ្ជាក់ថា ទំនប់វារីអគ្គីសនី សេសានក្រោម២ ដែលមានសមត្ថភាពផលិតថាមពលអគ្គីសនីបាន ៤០០ មេហ្កាវ៉ាត់ គឺជាគម្រោងវារីអគ្គីសនីដ៏ធំបំផុតរបស់កម្ពុជា បើគិតមកដល់បច្ចុប្បន្ននេះ។ ទន្ទឹមគ្នានេះ ទំនប់វារីអគ្គីសនី ដែលមានប្រវែង ៦,៥គីឡូម៉ែតនេះ ក៏ជាទំនប់ដ៏វែងបំផុតក្នុងទ្វីបអាស៊ីផងដែរ។
គម្រោងនេះ គឺជាគម្រោងរួមគ្នារវាងក្រុមហ៊ុនរបស់កម្ពុជា គឺ រូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង រួមជាមួយក្រុមហ៊ុន ហួរនឹង ហាយដ្រូឡានឆាង អ៊ីនធើណាសិនណល អ៊ែនើជី (Huaneng Hydrolancang International Energy) របស់ចិន និងក្រុមហ៊ុន EVN International Joint Stock Company របស់វៀតណាម។
សព្វថ្ងៃវារីអគ្គិសនីសេសានក្រោមពីរ កំពុងដំណើរការតួប៊ីនទី ១ ដែលមានអនុភាព ៥០មេហ្គាវ៉ាត់រួចជាស្រេចហើយ ក្នុងចំណោមតួប៊ីនទាំងអស់ចំនួន ៨របស់ខ្លួន ។ មន្រ្តីជំនាញរំពឹងថា វារីអគ្គីសនីនេះ នឹងជួយរួមចំណែកធ្វើឲ្យកម្ពុជា មានឯករាជ្យភាពលើវិស័យថាមពលអគ្គិសនី និងកាត់បន្ថយការនាំចូល និងធ្វើឲ្យតម្លៃ អគ្គិសនីថយចុះផងដែរ ។
ទំនប់វារីអគ្គិសនីនេះ នឹងអាចផ្គត់ផ្គង់អគ្គិសនីដល់គ្រួសារប្រជាពលរដ្ឋតាមបណ្តោយបណ្តាញបញ្ជូន ភ្នំពេញ-កំពង់ចាម-ក្រចេះ-ស្ទឹងត្រែង ព្រមទំាងខេត្តមណ្ឌលគិរី និងរតនៈគិរី ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម