Connect with us

វារីអគ្គីសនីដ៏ធំជាងគេនៅកម្ពុជា គឺ សេសានក្រោម២បានចាប់ផ្តើមដំណើរការពេញលេញ ជួយបំពេញកង្វះថាមពលអគ្គិសនីសម្រាប់ពលរដ្ឋ 

ភ្នំពេញ ៖ នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៨នេះ វារីអគ្គសនីធំជាងគេបំផុត ជាប្រវត្តិសាស្ត្រនៅកម្ពុជាគឺ វារីអគ្គិសនីសេសានក្រោម២ បានចាប់ផ្តើមដំណើរការតួប៊ីនទាំង៨របស់ខ្លួន ដោយអាចផលិតថាមពលអគ្គិសនីបានបរិមាណ៤០០មេហ្គាវ៉ាត់ ។ ការចាប់ផ្តើមដំណើរការពេញលេញនៃវារីអគ្គិសនីសេសានក្រោម២នេះ នឹងជួយបង្រ្គប់ស្ទើតែទាំងស្រុង ការខ្វះខាតថាមពលអគ្គិសនីនៅប្រទេសកម្ពុជាទាំងមូល។។
ស្ថានីយវារីអគ្គិសនីសេសានក្រោម២ ត្រូវបានវិនិយោគរួមគ្នាដោយក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន Hydrolancang International Energy ក្រុមហ៊ុននៅកម្ពុជា Royal Group របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន EVN មកពីប្រទេសវៀតណាម ជាមួយនឹងទុនវិនិយោគក្នុងទឹកប្រាក់ជាង៨០០លានដុល្លារអាមេរិក ។

ស្ថានីយវារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅខេត្តស្ទឹងត្រែង ភាគឥសាននៃប្រទេសកម្ពុជា ដែល មានចម្ងាយប្រវែង៧០គីឡូម៉ែតពីព្រំប្រទល់ប្រទេសឡាវ និង ចម្ងាយ២០០គីឡូម៉ែតពីព្រំប្រទល់ប្រទេសវៀតណាម ។ វារីអគ្គិសនីនេះ ត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ៣ម៉ឺន៦ពាន់ហិកតា និងមានកម្ពស់សរុប៨០ម៉ែត ក្នុងនោះកម្ពស់៧៥ម៉ែតជាកម្ពស់សម្រាប់ទប់ទឹក និងកម្ពស់៥ម៉ែតសម្រាប់ការពារហានិភ័យពីកម្រិតកម្ពស់ទឹកខ្ពស់ជ្រុលដែលយូរៗកើតមានម្តង។
តាមការប៉ាន់ស្មានរបស់រាជរដ្ឋាភិបាល នៅពេលវារីអគ្គិសនីមួយនេះដំណើរការពេញលេញ នឹងអាចផ្តល់ប្រាក់ចណូលពន្ធដល់រដ្ឋប្រមាណ៣០លានដុល្លារក្នុង១ឆ្នាំៗ ។ ជាងនេះទៅទៀត បើយោងតាមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនវិនិយោគ និងរាជរដ្ឋាភិបាល គឺបន្ទាប់ពីដំណើរការអាជីវកម្មអស់រយៈពេល៤០ឆ្នាំ គំរោងវារីអគ្គិសនីទន្លេសេសានក្រោម២នេះ នឹងត្រូវផ្ទេរជូនរាជរដ្ឋាភិ បាលជាអ្នកគ្រប់គ្រង់វិញម្តង ដែលនេះបានឆ្លុះបញ្ចាំងពីការចូលរួមចំណែកដ៏សំខាន់របស់ក្រុមហ៊ុនឯកជនជាមួយរដ្ឋាភិបាលកម្ពុជា។

ក្រៅពីបានចូលរួមសំខាន់ក្នុងដំណើរការផលិតកម្ម ការពង្រីកថាមពលអគ្គិសនី ក៏ជាផ្នែកមួយសំខាន់សំរាប់ជំរុញវិស័យផ្សេងៗទៀតអោយរីកចំរើនផងដែរ។ តំលៃអគ្គសនីនៅកម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់ស្របគ្នានឹងការកាត់បន្ថយការទិញអគ្គិសនីពីប្រទេសជិតខាង ក៏ដោយសារតែវត្តមានស្ថានីយវារីអគ្គិសនី ។ បច្ចុប្បន្ននេះ ប្រភពថាមពលអគ្គិសនី បានមកពីវារីអគ្គិសនីមានចំណែកដល់ទៅជិតពាក់កណ្តាលនៃបរិមាណថាមពលអគ្គិសនីសរុបដែលកម្ពុជាផលិតបាន។ ហើយផែនការទម្លាក់តំលៃអគ្គិសនីនៅកម្ពុជា ពីពេលបច្ចុប្បន្នដល់ឆ្នាំ២០២០ខាងមុខនេះ ព្រមជាមួយការធ្វើអោយកម្ពុជាមានឯករាជ្យភាពខាងថាមពលអគ្គិសនី គឺផ្អែកលើមូលដ្ឋានសំខាន់បានមកពីប្រភពវារីអគ្គិសនី។
ទាក់ទងនឹងផលប្រយោជន៏នៃការបញ្ចុះតម្លៃអគ្គិសនីនៅប្រទេសកម្ពុជា សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន មានប្រសាសន៏ថា ការបញ្ចុះតម្លៃអគ្គិសនីបាន នាំមកនូវការប្រកួតប្រជែងរវាងកម្ពុជាជាមួយប្រទេសជិតខាង ហើយការបញ្ចុះថ្លៃគអគ្គិសនីនេះវាមិនគ្រាន់តែជួយសម្រួលដល់ម្ចាស់រោងចក្រ ម្ចាស់សណ្ឋាគារ និងម្ចាស់អាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែប្រាក់ចំណេញពីការបញ្ចុះថ្លៃអគ្គិសនីវានឹងបានទៅជាប្រយោជន៏ដល់ការដំឡើងប្រាក់ខែកម្មករកម្មការិនីទៀតផង។

យោងតាមរបាយការណ៏របស់អាជ្ញាធរអគ្គិសនីកម្ពុជា បានបង្ហាញថា កង្វះខាតថាមពលអគ្គិសនីនៅពេលបច្ចុប្បន្នបានជំរុញអោយកម្ពុជាត្រូវទិញថាមពលពីប្រទេសជិតខាងកម្ពុជា ដូចជា ប្រទេសវៀតណាម ថៃ និងប្រទេសឡាវជាងដើម ។ បច្ចុប្បន្ន កម្ពុជាបានទិញថាមពលអគ្គិសនីពីប្រទេសទាំងនេះចំនួនជាង៤០០ មេហ្គាវ៉ាត់ ដោយបានធ្វើអោយទឹកប្រាក់យ៉ាងច្រើនត្រូវហូរចេញពីកម្ពុជាក្នុង១ឆ្នាំៗ។
តែទោះជាយ៉ាងណា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាទាំងមូលចាប់ផ្តើមកាត់បន្ថយការទិញថាមពលអគ្គិសនីពីក្រៅប្រទេសជាបន្តបន្ទាប់ និងកាន់តែច្រើនជាងមុន និងមាននិន្នាការទៅរកឯករាជខាងថាមពលអគ្គិសនីនៅពេលដ៏ខ្លីខាងមុខនេះ។ យោងតាមរបាយការណ៏អាជ្ញាធរអគ្គិសនីកម្ពុជា បានបង្ហាញថា រយៈពេល៣ឆ្នាំចុងក្រោយនេះ កម្ពុជាបានកាត់បន្ថយការទិញអគ្គិសនីពីបរទេសជាមធ្យមក្នុងអត្រា២៣% ក្នុង១ឆ្នាំៗ។
មូលហេតុដែលធ្វើអោយកម្ពុជា មានសមត្ថភាពអាចកាត់បន្ថយការទិញអគ្គិសនីពីក្រៅប្រទេស ទោះបីជាតំរូវការថាមពលអគ្គិសនីចេះតែកើនឡើងជារៀងរាល់ឆ្នាំក៏ដោយនោះ គឺដោយសារវត្តមានវារីអគ្គិសនីថ្មីៗលេចរូបរាងឡើងជាបន្តបន្ទាប់ និង បានក្លាយជាប្រភពផ្គត់ផ្គង់ថាមពលអគ្គិសនីដ៏សំខាន់នៅកម្ពុជានៅពេលនេះ។
បច្ចុប្បន្ន កម្ពុជាមានស្ថានីយវារីអគ្គិសនីកំពុងដំណើរការចំនួន៦ និងមានរោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្មចំនួន១ ប្រភពមកពីរោងចក្រដុតប្រេងខ្មៅ ប្រភពថាមពលកកើតឡើងវិញ និងប្រភពចែកចាយអគ្គិសនីតូចៗ ហើយអាចផលិតថាមពលអគ្គិសនីបានសរុបបរិមាណជាង២ពាន់មេហ្គាវ៉ាត់។
វារីអគ្គិសនី មិនមែនមានតែនៅប្រទេសកម្ពុជានោះទេ ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗនៅលើពិភពលោកជាច្រើនក៏បានពឹងផ្អែកយ៉ាងច្រើនលើប្រភពថាមពលអគ្គិសនីដែលបានមកពីវារីអគ្គិសនីនេះដែរ។

ចិនជាប្រទេសដែលមានស្ថានីយវារីអគ្គិសនីច្រើនជាងគេនៅលើពិភពលោក និងក៏ជាប្រទេសដែលមានក្រុមហ៊ុនផលិតថាមពលអគ្គិសនីធំជាងគេនៅអាស៊ី និងលេខ២ក្នុងពិភពលោក ហើយប្រទេសដែលមានវារីអគ្គិសនីច្រើនជាងគេលំដាប់ទី២គឺប្រទេសកាណាដា ប្រទេសទី៣គឺប្រេស៊ីល និងទី៤គឺសហរដ្ឋអាមេរិក៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម