Connect with us

និសិ្សត៣ក្រុម បានឈ្នះពានរង្វាន់ឆ្នាំ២០១៨សម្រាប់អត្ថបទស្រាវជ្រាវវិទ្យាសាស្រ្តសុខាភិបាល


ភ្នំពេញ ៖ និស្សិតចំនួន៣ក្រុម បានទទួលបានពានរង្វាន់ជ័យលាភីលើកទី៦ ឆ្នាំ២០១៨ នៃស្នាដៃអត្ថបទស្រាវជ្រាវល្អជាងគេ ក្នុងការប្រលងប្រជែងពានរង្វាន់គីណាល់ ។

លោកឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់បានថ្លែងថា ការប្រលងប្រជែងអត្ថបទស្រាវជ្រាវឆ្នាំ២០១៨នេះគឺក្នុងគោលបំណងលើកទឹកចិត្តដល់និសិ្សតផ្នែកសុខាភិបាល ក្នុងប្រ​ទេសកម្ពុជាឲ្យចាប់អារម្មណ៍លើការសិក្សាស្រាវជ្រាវ ស្របទៅតាមបទដ្ឋានវិទ្យាសាស្រ្តអន្តរជាតិធ្វើឲ្យនិសិ្សតមានសមត្ថភាព និងសក្តានុពលគ្រប់គ្រាន់ក្នុងមុខជំនាញរបស់ពួកគេ ។ ក្រៅពីនេះគឺចង់ឲ្យនិសិ្សតផ្នែកសុខាភិបាលទទួលបានការងារ ដែលសមស្របទៅនឹងទេពកោសល្យនៅពេលដែលចាប់ផ្តើមមុខរបរ និង រួមចំណែកក្នុងការអភិវឌ្ឍន៍ការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្តក្នុងប្រទេសកម្ពុជា។

លោក មៀច សុផាន់ណា  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានថ្លែងក្នុងកម្មវិធីប្រគល់ពានរង្វាន់ដល់ជ័យលាភី ថា តាមរយៈជ័យលាភីនេះ គឺបានបង្ហាញពីសមត្ថភាព និងការយកចិត្តទុកដាក់របស់និស្សិតដែលស្រលាញ់ផ្នែកវិស័យសុខាភិបាល។

 លោក បានលើកឡើងថា អ្នកជំនាញសុខាភិបាល ត្រូវតែមានវិជ្ជាជីវះ និងឯកទេសច្បាស់លាស់ ដើម្បីជាក្តីសង្ឃឹម និងសង្រ្គោះ ដល់អ្នកជំងឺ។ជាមួយគ្នានេះ លោក មៀច សុផាន់ណា  បានរំពឹងថា និស្សិតទាំង៣ក្រុម ដែលបានទទួលពានរង្វាន់ជ័យលាភីគីណាល់ ឆ្នាំ២០១៨ នឹងក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការជួយដល់វិស័យសុខាភិបាលនៅកម្ពុជា នាពេលខាងមុខ។

សូមបញ្ជាក់ថា ការប្រលងប្រជែងអត្ថបទស្រាវជ្រាវក្នុងឆ្នាំនេះ មានបេក្ខជនចូលរួមចំនួន ២៦ក្រុម មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន៦ផ្សេងគ្នា ដូចជា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាកលវិទ្យាល័យពុទ្ធិសាស្រ្ត សាកលវិទ្យាល័យអន្តរជាតិ សាកលវិទ្យាល័យន័រតុន សាលា       បច្ចេក​ទេសថែទាំវេជ្ជសាស្រ្ត និងវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលខេមរភូមិន្ទ ក្រោមប្រធានបទ “ឱសថសម្រាប់ជំងឺគ្រុនក្តៅ និងការថែទាំ” ។ ការប្រលងប្រជែងពានរង្វាន់គីណាល់ ត្រូវបានបង្កើតឡើងដោយមូលនិធិគីណាល់ ក្រោមជំនួយឧបត្ថម្ភពី សហគ្រាសផលិតឱសថប៉េប៉េអឹម ដែលជាសហគ្រាសផលិតឱសថដំបូងគេនៅកម្ពុជា និងក្រុមហ៊ុនខនហ្វីរេល។

គួរបញ្ជាក់ដែរថាពានរង្វាន់គីណាល់ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ក្នុងគោលបំណងលើកទឹកចិត្តឲ្យនិសិ្សតជំនាន់ក្រោយឲ្យយកគំរូតាម លោកឱសថបណ្ឌិត កុកសុខគីម ដែលកាលពី៥៩ឆ្នាំមុន លោកបានរកឃើញឱសថបំបាត់ការឈឺចុកចាប់មានឈ្មោះថា ឱសថគីណាល់ដែលជាឱសថដំបូងគេផលិតនៅកម្ពុជា បន្ទាប់ពីប្រទេសទទួលបានឯករាជ្យពេញលេញ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម