Connect with us

សម្តេចតេជោ៖ វារីអគ្គិសនីសេសានក្រោម២ នឹងជួយដោះស្រាយបញ្ហាច្រើនដល់ការអភិវឌ្ឍប្រទេសនិងជីវភាពពលរដ្ឋ

ខេត្តស្ទឹងត្រែង៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានបង្ហាញនូវមោទនៈភាពចំពោះការសម្រេចបាននូវសមិទ្ធផលវារីអគ្គីសនីសេសានក្រោម២ ដែលជាការវិនិយោគរួមគ្នារវាងចិនកម្ពុជា និងវៀតណាម ហើយជាវារីអគ្គិសនីដំបូងគេវិនិយោគដោយអ្នកវិនិយោគខ្មែរ គឺ អ្នកឧកញ៉ាគិត ម៉េង ។

ថ្លែងក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់វារីអគ្គីសនីសេសានក្រោម២ដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែង សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច ពិតជាសប្បាយរីករាយចំពោះវារីអគ្គិសនីសេសានក្រោម២ នេះ ដែលនឹងផលិតថាមពលធំជាងគេនៅកម្ពុជានិងជាវារីអគ្គិសនីទី៧ ដែលសម្តេច បានអញ្ជើញសម្ពោធ ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាការបង្កើតវារីអគ្គិសនីសេសានក្រោម២ មិនមែនជាការវិនិយោគដោយប្រថុយប្រថាន គ្មានការគិតគូរជាមុននោះទេ។សម្តេចតេជោ បានថ្លែងថា វារីអគ្គិសនីនេះ គឺជាការចូលរួមចំណែកដ៏សំខាន់ ក្នុងការអនុវត្តន៍គោលនយោបាយរបស់សម្តេច ដែលបានដាក់ចេញតាំងពីឆ្នាំ ១៩៨៧ គឺ ទឹកផ្លូវ ភ្លើង និង មនុស្ស ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា មុនសាងសង់វារីអគ្គិសនីសេសានក្រោម២ ដែលជាវារីអគ្គិសនីសាងសង់ទំនប់កាត់ទន្លេនេះ សម្តេច បានធ្លាប់ស្គាល់វារីអគ្គិសនីចំនួនពីរ ក្នុងនោះរួមមាន វារីអគ្គិសនីនៅអតីតសហភាពសូវៀត គឺ វារីអគ្គិសនីទប់ទំនប់កាត់ទន្លេវ៉ុលហ្កាក្រា និង វារីអគ្គិសនីណាំងឹមនៅក្នុងប្រទេសឡាវ ដែលជាវារីអគ្គិសនីសាងសង់ទំនប់កាត់ទន្លេផងដែរ ។

សម្តេច តេជោ បានលើកឡើងថា វារីអគ្គិសនីនៅអតីតសហភាពសូវៀត នៅផ្នែកខាងលើទំនប់បានក្លាយជាតំបន់ទេសចរណ៍ទាក់ទាញ និង ជាកន្លែងស្ទួចត្រី។ សម្តេច ថា បទពិសោធន៍នៃវារីអគ្គិសនីនៅប្រទេសទាំងពីរនេះហើយ ដែលសម្តេច យកមកសម្រាប់ជាមូលដ្ឋានសម្រេចចិត្ត សាង​សង់វារីអគ្គិសនីសេសានក្រោម២ ។

សម្តេចតេជោ បានសង្កត់ធ្ងន់ថាវារីអគ្គិសនីសេសានក្រោម២ ដែលផលិតថាមពលបានរហូតដល់ ៤០០មេហ្គាវ៉ាត់នេះ បានដោះស្រាយបញ្ហាច្រើនណាស់ដល់ការអភិវឌ្ឍប្រទេសមិនគ្រាន់តែជាបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋទេ តែត្រូវផ្គត់ផ្គង់ទៅវិស័យកសិកម្មនិងក្នុងវិស័យឧស្សាហកម្ម ព្រមទាំងវិស័យសេវាផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថាបើមិនមានការប្រឹងប្រែងអភិ​វឌ្ឍន៍វារីអគ្គិសនីទេកម្ពុជាអាច នឹងប្រឈមការខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់នៅឆ្នាំ២០២០។

សូមបញ្ជាក់ថា នៅថ្ងៃទី ១៧ ខែធ្នូនេះ វារីអគ្គសនីធំជាងគេបំផុត ជាប្រវត្តិសាស្ត្រនៅកម្ពុជា គឺ វារីអគ្គិសនីសេសានក្រោម២ បានចាប់ផ្តើមដំណើរការតួប៊ីនទាំង៨របស់ខ្លួន ដោយអាចផលិតថាម​ពលអគ្គិសនីបានបរិមាណ៤០០មេហ្គាវ៉ាត់ ។ ការចាប់ផ្តើមដំណើរការពេញលេញនៃវារីអគ្គិសនីសេសានក្រោម២នេះ នឹងជួយបង្រ្គប់ស្ទើតែទាំងស្រុង ការខ្វះខាតថាមពលអគ្គិសនីនៅប្រទេសកម្ពុជាទាំងមូល។។

ស្ថានីយវារីអគ្គិសនីសេសានក្រោម២ត្រូវបានវិនិយោគរួមគ្នាដោយក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន HydrolancangInternational Energy ក្រុមហ៊ុននៅកម្ពុជា RoyalGroup របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន EVNមកពីប្រទេសវៀតណាម ជាមួយនឹងទុនវិនិយោគក្នុងទឹកប្រាក់ជាង៨០០លានដុល្លារអាមេរិក៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម