អាហារព្យាបាលប្រភេទថ្មី ធ្វើពីត្រីសម្រាប់ព្យាបាលកុមារ ជួបបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ
នំបំពង់ធ្វើពីត្រីឈ្មោះថានូទ្រីក (Nutrix) ត្រូវបានផលិត រួមគ្នាដោយយូនីសេហ្វ វិទ្យាស្ថានស្រាវជ្រាវបារាំងដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព (IRD) សកលវិទ្យាល័យកូផេនហេហ្គិន (Copenhagen University (CU)) និងក្រមហ៊ុន Danish Care Foods (DCF) ដាណឺម៉ាក សហកាជាមួយរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងររបស់កុមារ។
ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការទីតាំងផលិតនំនូទ្រីក (Nutrix) ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ ដៃគូទាំងអស់ បានប្រកាសថា នំសម្រាប់ព្យាបាលដែលផលិតសម្រាប់ញ៉ាំបានភ្លាមៗនេះ នឹងត្រូវផលិតក្នុងទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបចំពោះបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារនៅកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ថា “ការប្រកាសចាប់ផ្តើមផលិតអាហារព្យាបាលក្នុងស្រុកប្រកបដោយភាពច្នៃប្រឌិតនេះ គឺជាការបោះជំហានមួយដ៏សំខាន់ ដើម្បីឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការព្យាបាលកុមារយ៉ាងហោចណាស់ឱ្យបាន ២៥ ០០០ នាក់ក្នុង១ឆ្នាំ ដែលកំពុងជួបបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ”។
ឯកឧត្តមបានបន្ថែមទៀតថា “ការចាប់ផ្តើមផលិតអាហារព្យាបាលនេះ នឹងជួយធានាឱ្យមានផលិតផលក្នុងស្រុក សម្រាប់ព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ មានដៃគូជាច្រើនបានជួយយើងក្នុងការអភិវឌ្ឍផលិតផលនេះ ហើយយើងសង្ឃឹមថា ភាពជាដៃគូថ្មីនេះនឹងជួយឱ្យយើងអាចពង្រីកការព្យាបាលបន្ថែមទៀត ដល់កុមារដែលកំពុងជួបបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ”។
នៅកម្ពុជា មានកុមារប្រមាណ ២,៦ ភាគរយ ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាកំពុងមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ។ ដើម្បីព្យាបាលដល់កុមារទាំងនេះ អាហារព្យាបាលដែលអាចញ៉ាំបានភ្លាមៗ ត្រូវបានផ្តល់ឲ្យកុមារយកទៅញ៉ាំនៅតាមផ្ទះ ហើយប្រសិនបើពុំមានអាហារបែបនេះទេ កុមារជាច្រើននាក់ប្រហែលជាចាំបាច់ត្រូវនៅទទួលការព្យាបាលនៅមន្ទីរពេទ្យ។ ទោះជាយ៉ាងនេះក៏ដោយការស្រាវជ្រាវបង្ហាញថា កុមារដែលត្រូវការការព្យាបាលអាចទទួលបានអាហារព្យាបាលនេះនៅក្នុងកម្រិតមួយទាបប៉ុណ្ណោះពីស្ថាប័នសុខាភិបាលក្នុងប្រទេសកម្ពុជា។

លោកស្រី វីវៀនណា ប៊េលម៉ុងតេ (Wivina Belmonte) នាយកស្តីទីអង្គការយូនីសេហ្វប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិចបានមានប្រសាសន៍ថា “នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក មានកុមារអាយុក្រោម៥ឆ្នាំ ជាង ៥លាននាក់ កំពុងរងគ្រោះពី បញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ ជារៀងរាល់ឆ្នាំ ហើយវាមូលហេតុដ៏ចម្បងមួយដែលនាំឱ្យកុមារអាយុក្រោម៥ ឆ្នាំមានការបាត់បង់ជីវិត។ ការបញ្ចប់បញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ គឺជារឿងដ៏ពិបាកមួយ ដែលទាមទារឱ្យមានឆន្ទៈសង្គម និងនយោបាយ។ យើងសូមអបអរសាទររាជរដ្ឋាភិបាលកម្ពុជាចំពោះការផ្តល់អាទិភាពដល់ការឆ្លើយតបនឹងបញ្ហានេះ ដោយពង្រឹងនូវសេវាព្យាបាលនៅគ្រប់បរិបទទាំងអស់។ ប្រទេសកម្ពុជា ជាប្រទេសទី២នៅក្នុងតំបន់ដែលកំពុងផលិតដោយខ្លួនឯងនូវអាហារសម្រាប់ព្យាបាលដែលអាចប្រើប្រាស់បានភ្លាមៗនេះ”។
រាជរដ្ឋាភិបាលកម្ពុជា អាចផ្តល់នំត្រីនូទ្រីក (Nutrix) ដែលជាអាហារព្យាបាលបែបអាហារសម្រន់ និងមានតម្លៃសមរម្យនេះសម្រាប់ព្យាបាលកុមារអាយុក្រោមប្រាំឆ្នាំដែលកំពុងមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរនៅតាមសហគមន៍ ដាច់ស្រយាល និងសហគមន៍ក្រីក្រ តាមរយៈមណ្ឌលសុខភាពមូលដ្ឋាន។ នៅកម្ពុជាគេប៉ាន់ប្រមាណថា មានកុមារចន្លោះពី ៦០ ០០០ ដល់ ៩០ ០០០ នាក់ក្នុង១ឆ្នាំៗ ត្រូវការការព្យាបាលពិសេស ដូចជាការព្យាបាលតាមរយៈអាហារព្យាបាលបែបនេះជាដើម។

អាហារព្យាបាលល្បីឈ្មោះប្រើប្រាស់បានភ្លាមៗជាច្រើន ដែលផលិតពីសណ្តែកដី និងផលិតផលទឹកដោះគោ ជាទូទៅត្រូវបាននាំចូលមកក្នុងប្រទេសកម្ពុជា។ ប៉ុន្តែសម្រាប់គ្រឿងផ្សំរបស់នំនូទ្រីកនេះ គឺអាចរកបាននៅក្នុងស្រុក ដែលនាំឱ្យការផលិតនំព្យាបាលនេះ មានតម្លៃថោកជាងការនាំចូល ២០%។
លោកបណ្ឌិត ហ្វ្រេង វៀរីងហ្កា (Frank Wieringa) នៃ IRD ដែលជាស្ថាប័នកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអង្គការយូនីសេហ្វ CU និង DCF ក្នុងការអភិវឌ្ឍនំនូទ្រីកនេះក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ បានមានប្រសាសន៍ថា “តាមរយៈការប្រើប្រាស់នំ ដែលបានកែសម្រួលឱ្យស្របទៅនឹងរសជាតិ និងចំណង់ចំណូលចិត្តរបស់ពលរដ្ឋក្នុងស្រុក យើងអាចសម្រេចបាននូវលទ្ធផលពិតប្រាកដមួយឆ្លើយតបនឹងបញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជា។ នេះជារឿងដែលសំខាន់ ព្រោះថាក្រៅតែពីកុមារ ២,៦ ភាគរយដែលមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ ក៏នៅមានកុមារ ៨% ដទៃទៀត កំពុងជួបប្រទះបញ្ហាកង្វះអាហារូបត្ថម្ភក្នុងកម្រិតមធ្យមផងដែរ ដែលនេះគឺជាតួលេខមួយគួរឱ្យព្រួយបារម្ភ។
ក្រោមកិច្ចសហការជាមួយរាជរដ្ឋាភិបាល អង្គការយូនីសេហ្វ បាននឹងកំពុងសហការជាមួយក្រុមហ៊ុន Danish Care Foods ដែលជាក្រុមហ៊ុនឯកជនផលិតនំនូទ្រីកនេះ ក្នុងទីក្រុងភ្នំពេញ៕

ផ្ដល់ដោយ និង រូបភាព៖ អង្គការយូនីសេហ្វ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍