Connect with us

វីង ត្រួសត្រាយផ្លូវបន្ថែមទៀត សម្រាប់សេវាផ្ទេរប្រាក់ និងទទួលប្រាក់ពីក្រៅប្រទេស ជាពិសេសប្រទេសថៃ

ភ្នំពេញ ៖ ធនាគារឯកទេសវីង បានប្រកាសពីកិច្ចសហការណ៍ជាដៃគូថ្មីរបស់ខ្លួន ជាមួយធនាគារកម្ពុជាពាណិជ្ជ (CCB) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់ធនាគារ Siam Commercial Bank (SCB) នៅប្រទេសថៃ។

កិច្ចព្រមព្រៀងនេះ បានត្រួសត្រាយផ្លូវសម្រាប់សេវាផ្ទេរប្រាក់ និងទទួលប្រាក់ពីក្រៅប្រទេស រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក៏ដូចជាបណ្តា ប្រទេសដទៃទៀត ដែលមានធនាគារជាដៃគូរបស់ធនាគារ SCB នៅទីនោះ។

ភាពជាដៃគូនេះ នឹងជួយធ្វើឱ្យប្រសើរឡើងនូវសេវាកម្មផ្ទេរប្រាក់ និងទទួលប្រាក់ដែលផ្ញើមកកាន់កម្ពុជា ដោយជួយកាត់បន្ថយតម្លៃសេវាផ្ទេរប្រាក់ និងលើកកម្ពស់សុវត្ថិភាព នៃប្រតិបតិ្តការ ផ្ទេរប្រាក់។

លោក Kamalkant Agarwal ប្រធានជាន់ខ្ពស់ផ្នែកធនាគារអន្តរជាតិរបស់ធនាគារ SCB បាននិយាយថា ជាមួយនឹងកិច្ចព្រមព្រៀងភាពជាដៃគូ ដែលបានចុះហត្ថលេខាជាមួយធនាគារ វីង នេះ ធនាគារ CCB សង្ឃឹមថា នឹងចាប់ផ្តើមសករាជថ្មី នៃសេវាកម្មផ្ញើប្រាក់ឆ្លងប្រទេសនៅកម្ពុជា តាម   រយៈការប្រើប្រាស់អនុភាពនៃបច្ចេកវិទ្យាប្លុកឆេន (BlockChain)។

លោក  បន្ថែមថា ភ្នាក់ងារវីងជាង ៦០០០កន្លែង និងជំហរទីផ្សារដែលបានបង្កើតឡើងនៅកម្ពុជារបស់ពួកគេ នឹងពង្រឹងប្រព័ន្ធអេកូ (ecosystem) ទូទាត់ថ្មីនេះបន្ថែមទៀត។ ធនាគារ CCB នឹងដើរតួជាស្ពានតភ្ជាប់ រវាងធនាគារឯកទេស វីង និងធនាគារ SCB ដើម្បីធានាថា ភាពជាដៃគូនេះ នឹង     ផ្តល់ជូននូវបទពិសោធន៍ល្អប្រសើរដល់អតិថិជន។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង  បានមានប្រសាសន៍ថា ជំហានគួរអោយចាប់អារម្មណ៍នេះ គឺគ្រាន់តែជាការចាប់ផ្តើមនៃដំណើរការភ្ជាប់ទំនាក់ទំនងកម្ពុជា ឲ្យពេញ​លេញជាមួយពិភពលោកទាំងមូល ។ លោក ចូចូ ម៉ាឡូឡូស បានបន្តថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតនេះ អតិថិជនរបស់វីង នឹងអាចទទួលបាននូវភាពងាយស្រួល ក្នុងការទទួលបានប្រាក់ពីប្រទេសថៃ តាមរយៈសេវាកម្មរបស់ធនាគារ SCB និងបណ្តាប្រទេសផ្សេងទៀត តាមរយៈដៃគូរបស់ធនាគារ SCB នៅទូទាំងពិភពលោក។ អ្នកទទួលនៅប្រទេសកម្ពុជា អាចទទួលបានប្រាក់បញ្ញើពីភ្នាក់ងារវីងជាង ៦០០០កន្លែង ឬ តាមរយៈកម្មវិធីនៅលើស្មាតហ្វូន ។

បច្ចុប្បន្នអតិថិជនរបស់ វីង នៅកម្ពុជា អាចទទួលប្រាក់បញ្ញើពីជាង ២០០ ប្រទេសនៅជុំវិញពិភពលោក ហើយ វីង ទើបតែបានណែនាំសេវាកម្ម Wing2World  និងសេវាកម្មផ្ទេរប្រាក់ទៅក្រៅប្រ​ទេស រួមមាន ប្រទេសហ្វីលីពីន និងប្រទេសវៀតណាម។ នៅពេលដែលសេវាផ្ទេរប្រាក់ មកពីក្រៅប្រទេសរវាងធនាគារទាំងពីរ នឹងត្រូវបានណែនាំក្នុងរយៈពេលបីខែទៀតនោះ ភាពជាដៃគូរវាងធនាគារឯកទេសវីង និងធនាគារ CCB នឹងនាំមកនូវការផ្ទេរប្រាក់ ទៅក្រៅប្រទេស រួមមានប្រទេសថៃ និងប្រទេសផ្សេងទៀតនៅក្នុងពិភពលោក នាពេលអនាគត។

បើយោងតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានពលករខ្មែរជាង១លាននាក់ នៅក្នុងប្រទេសថៃ នៅក្នុងឆ្នាំ២០១៨ ដែលភាគច្រើននៃពួកគេ បាននឹងកំពុងផ្ញើប្រាក់ត្រលប់មកផ្ទះវិញឲ្យដល់មនុស្សជាទីស្រលាញ់របស់ពួកគេ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម