Connect with us

កម្ពុជា គ្រោងនឹងស្នើសុំកម្ចីហិរញ្ញប្បទានពីចិនបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍វិស័យអទិភាពសំខាន់ៗ

ភ្នំពេញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា គ្រោងនឹងស្នើសុំកម្ចីហិរញ្ញប្បទានពីប្រទេសចិនបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាស្ត្រ ក៏ដូចជាវិស័យអាទិភាពសំខាន់ៗមួយចំនួនទៀតរបស់កម្ពុជា។

ក្នុងពិធីសម្ពោធដាក់អោយដំណើរការទំនប់វារីអគ្គីសនីសេសានក្រោម២​ សម្តេចតេជោ បានថ្លែង អោយដឹងថា នាពេលខាងមុខនេះ សម្តេច នឹងដឹកនាំគណប្រតិភូកម្ពុជា ទៅបំពេញទស្សនកិច្ចនៅ​ប្រទេសចិន ហើយពេលនោះនឹងមានការចុះហត្ថលេខាមួយចំនួនទាក់ទងនឹងបញ្ហាកម្ចីហិរញ្ញប្បទានពីភាគីចិន ។

ក្រៅពីនេះ សម្តេចតេជោ ក៏បានកោតសរសើរការវិនិយោគរបស់ចិននៅកម្ពុជា ដែលរហូតមកទល់នឹងពេលនេះ មិនដែលមានការរអាក់រអួល ឬ ជាប់គាំងអ្វីទាំងអស់ បើទោះបីស្ថិតក្នុងស្ថានភាពពិភពលោក ជួបវិបត្តិសេដ្ឋកិច្ចក្នុងអំឡុងឆ្នាំ ២០០៨ ក៏ដោយ។

ទន្ទឹមនឹងនេះសម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការភាពជាដៃគូរដ៏ល្អរវាងកម្ពុជា និងចិន ដោយការវិនិយោគ ការផ្តល់ជំនួយ និងកម្ចីសម្បទានពីប្រទេសចិន បានជួយរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា យ៉ាងធំធេង។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ ទំហំហិរញ្ញប្បទាន​សហប្រតិបត្តិការ​ពី​រដ្ឋាភិបាលនៃ​សាធា​រណរដ្ឋ​​ប្រជាមានិត​ចិន ​​មាន​ចំនួនសរុប​ប្រមាណ ៥៨០០លានដុល្លារអាមេរិក ក្នុងនោះ ឥណទាន​សម្បទាន​មាន​​សរុប​​ចំនួនប្រមាណ ៤៤០០លានដុល្លារអាមេរិក និងហិរញ្ញប្ប​ទាន​​​ក្នុងក្របខ័ណ្ឌនៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​​បច្ចេកទេស ​ចំនួនប្រមាណ ១៤០០លាន ដុល្លារអាមេរិក។

យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០១៧ កម្ពុជា​ ជំពាក់បំណុលបរទេសជាង ៦ពាន់លានដុល្លារ ដែលស្មើនឹង ៣៣ភាគរយ នៃផលិតផលក្នុងស្រុក សរុប (GDP) ហើយភាគច្រើនប្រភពកម្ចី ផ្តល់ដោយចិន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម