Connect with us

សហភាពអឺរ៉ុប កំពុងរៀបចំផ្តល់ហិរញ្ញប្បទានឥតសំណង ចំនួន ១១៥ លានអឺរ៉ូ ដល់កម្ពុជា

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា បានអះអាងថា សហភាពអឺរ៉ុប កំពុងរៀបចំផ្តល់ហិរញ្ញប្បទានឥតសំណង សរុបចំនួន ១១៥ លានអឺរ៉ូ សម្រាប់កម្មវិធីចំនួន ៣ នៅក្នុង ប្រទេសកម្ពុជា ។

ការអះអាងបញ្ជាក់នេះ បានធ្វើឡើងក្នុងជំនួបរវាងលោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងលោក ច្សច អេដហ្គា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ។

លោក ច្សច អេដហ្គា បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនៃការអនុវត្តគម្រោងនានាក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយសហភាពអឺរ៉ុប ។ ក្នុងស្មារតីបន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការ សហភាពអឺរ៉ុប កំពុងរៀបចំផ្តល់ហិរញ្ញប្បទានឥតសំណងសរុបចំនួន ១១៥ លានអឺរ៉ូ សម្រាប់កម្មវិធីចំនួន ៣ រួមមាន៖

(១) កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចំនួន ២២ លានអឺរ៉ូ បន្ថែម,

(២) កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) ចំនួន ៨៧ លាន អឺរ៉ូ និង

 (៣) កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី ៣ ចំនួន ៦ លានអឺរ៉ូទៀត ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រផែ្នកហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណសហភាពអឺរ៉ុប ចំពោះជំហរបន្តគាំទ្រ និង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលបន្ថែមទៀត ដែលឆ្លុះបញ្ចាំងអំពីសុភវិនិច្ឆ័យចំពោះសមិទ្ធផល ដែលរាជរដ្ឋាភិបាលខិតខំសម្រេចបាន ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានបង្ហាញការគាំទ្រជាគោលការណ៍ចំពោះសំណើកម្មវិធីទាំង ៣ នេះ ព្រមទាំងបានសន្យាជួយសម្របសម្រួល និងសហការរៀបចំជាមួយក្រសួង ជំនាញពាក់ព័ន្ធដើម្បីឈានទៅចុះហត្ថលេខាកិច្ចព្រមព្រៀងឱ្យទាន់ដើមឆ្នាំ ២០១៩ នេះ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម