Connect with us

ធនាគារឯកទេស វីង ចាប់ផ្តើមសេវាកម្មផ្ទេរប្រាក់ទៅក្រៅប្រទេស ជាលើកដំបូង Wing2World

ភ្នំពេញ ៖  ធនាគារឯកទេស វីង បានប្រកាសពីដំណើរការសេវាផ្ទេរប្រាក់ទៅក្រៅប្រទេស ជាលើកដំបូងរបស់ខ្លួន តាមរយៈ Wing2World ។

អតិថិជនកម្មវិធីស្មាតហ្វូនវីង នៅពេលនេះអាចធ្វើការផ្ទេរប្រាក់ទៅកាន់ប្រទេសហ្វីលីពីន ដែលអ្នកទទួលប្រាក់អាចទទួលប្រាក់ពីធនាគារណាមួយ ក្នុងចំណោមសាខាទាំង ៨០ នៅទូទាំងប្រ​ទេសហ្វីលីពីន  និង ផ្ទេរប្រាក់ទៅកាន់ប្រទេសវៀតណាម ដែលអ្នកទទួលប្រាក់អាចទទួលបានដោយផ្ទាល់នៅសាខាធនាគារ Sacom ណាមួយក៏បានឬ ទទួលដោយផ្ទាល់ពីបុគ្គលិករបស់ធនាគារ។

ការប្រកាសនេះ បានធ្វើឡើង ខណៈ វីង បានផ្តល់សេវាទទួលប្រាក់មកពីជាង ២០០ ប្រទេសទូទាំងពិភពលោក ។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង បានឲ្យដឹងថា ជំហាននេះ គឺស្របទៅនឹងបេសកកម្មរបស់វីង ក្នុងការបង្កើតភាពងាយស្រួលមួយកម្រិតទៀត សម្រាប់អ្នកប្រើប្រាស់សេវាកម្មរបស់ខ្លួន។ វាជាគោលបំណងរបស់ វីង ក្នុងការតភ្ជាប់ប្រទេសកម្ពុជា ជាមួយប្រទេសជាច្រើនទៀត។ វីង បានឈានមុខគេ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុចល័តនៅកម្ពុជា អស់រយៈពេល ១០ ឆ្នាំមកហើយ និងជាធនាគារមួយ ដែលបានត្រួសត្រាយផ្លូវ ក្នុងការបង្កើតសង្គមមួយ ដែលធ្វើការទូទាត់ដោយមិនប្រើសាច់ប្រាក់នៅកម្ពុជា ។ លោក បានបញ្ជាក់ថា ពិភពលោកនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ Fintech បានបង្កើតឱកាសថ្មីៗជាច្រើន សំរាប់ធនាគារចល័តជារៀងរាល់ថ្ងៃ ។

លោក ចូចូ ម៉ាឡូឡូស បានបន្ថែមថា  ប្រសិនបើអ្នកត្រូវការផ្ញើ ឬទទួលប្រាក់ពីក្រៅប្រទេស អ្វីដែលអ្នកត្រូវការ គឺកម្មវិធីស្មាតហ្វូនវីង ។ ភាពងាយស្រួលប្រើកម្មវិធីនេះ នឹងផ្តល់ឱ្យអ្នកប្រើប្រាស់របស់វីង អាចចូលទៅកាន់ Wing2World ដែលជាច្រកទៅកាន់ពិភពលោក នៃភាពងាយស្រួល។ វីង បាននិងកំពុងផ្តល់សេវាកម្មផ្ទេរប្រាក់មកពីប្រទេសជាង ២០០ រួចទៅហើយ ហើយរំពឹងថា ចំនួននេះ នឹងកើនឡើងស្វ័យគុណ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

អ្នកចង់ផ្ញើប្រាក់ ទៅប្រទេសហ្វីលីពីន និងវៀតណាម ពីប្រទេសកម្ពុជា តាមរយៈកម្មវិធីស្មាតហ្វូន វីង WingMoney និង Wing2World ត្រូវមានគណនីស្តង់ដារបស់ វីង ដែលបានចុះបញ្ជីរួចជាមួយកម្មវិធី។ ប្រាក់ដែលត្រូវផ្ញើ ត្រូវបានផ្ញើជាប្រាក់ដុល្លារអាមេរិក ហើយអាចត្រូវបានទទួលបានជាប្រាក់ដុល្លារអាមេរិក ប្រសិនបើគណនីរបស់អ្នកទទួល គឺជាប្រាក់ដុល្លារអាមេរិក ឬ ប្រាក់ដែលត្រូវទទួលបានជា “ប៉េសូ” ហ្វីលីពីន ឬ “ដុង” វៀតណាម។ ប្រាក់ថ្លៃបញ្ញើ មិនត្រូវបានបង់ដោយអ្នកទទួលនោះទេ ហើយភាគច្រើន ប្រតិបត្តិការផ្ទេរប្រាក់នេះ អាចនឹងត្រូវបានបញ្ចប់ ក្នុងរយៈពេលតែ១ថ្ងៃ។

Wing2World គឺជាសេវាកម្មផ្ទេរប្រាក់អន្តរជាតិរបស់វីង ដែលផ្តល់ជូនទាំងសេវាផ្ទេរប្រាក់ និងទទួលប្រាក់ពីក្រៅប្រទេស។ វីងបានផ្ដល់លទ្ធភាពដល់អ្នកធ្វើអន្តោប្រវេសន៍រាប់ពាន់នាក់ និងអ្នកទទួលផលពីពួកគេក៏ដូចជាជនបរទេសជាច្រើន ដែលរស់នៅក្នុងប្រទេសកម្ពុជាផងដែរ។គួររម្លឹកថា វីងបានចាប់ផ្តើមដំណើរការ Wing2World កាលពីដើមសប្តាហ៍នេះដោយអនុញ្ញាតឱ្យអ្នកមានគណនីវីងទាំងអស់ អាចទទួលប្រាក់ដែលផ្ទេរពីជាង២០០ប្រទេស  ដែលរួមមានប្រទេសថៃ, កូរ៉េខាងត្បូង, ជប៉ុន, អូស្រ្តាលី, សហរដ្ឋអាមេរិកបារាំង, ម៉ាឡេស៊ី និងសិង្ហបុរី៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម