Connect with us

នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសបញ្ចុះថ្លៃអគ្គិសនីចាប់ពីឆ្នាំ២០១៩ ដល់ ២០២៥

ខេត្តស្ទឹងត្រែង៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ សម្តេចអគ្គ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រើប្រាស់ឱកាសដែលអញ្ជើញ​សម្ពោធដាក់ឲ្យដំណើរការវារីអគ្គិសនីសេសានក្រោម២ ដែលជាវារីអគ្គិសនីផ្តល់ថាមពលធំជាងគេនៅកម្ពុជា ដើម្បីប្រកាសអំពីការបញ្ចុះតម្លៃអគ្គិសនីទូទាំងប្រទេស ចាប់ពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២០ និងផែនការនៃការបញ្ចុះតម្លៃអគ្គិសនីពីឆ្នាំ២០២១ ដល់ ឆ្នាំ២០២៥។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការទម្លាក់ថ្លៃអគ្គិសនីរបស់រាជរដ្ឋាភិបាលនេះ គឺធ្វើពិតប្រាកដមិនមែនជាការសន្យាខ្យល់នោះទេ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រើសើរឡើង។

សម្ដេចតេជោ ហ៊ុន នាយករដ្ឋមន្ត្រី បានប្រកាសថា នៅសល់តែ១៤ថ្ងៃទៀតទេ ដល់ឆ្នាំ២០១៩ តម្លៃប្រើប្រាស់អគ្គីសនីនៅក្នុងប្រទេសកម្ពុជានឹងត្រូវបញ្ចុះថ្លៃ ទៅតាមប្រភេទនៃការប្រើប្រាស់នីមួយៗដូចខាងក្រោម៖

  • ប្រភេទទី១៖ ការទិញតាមចរន្តតុងស្យុងខ្ពស់ បច្ចុប្បន្ននេះគឺតម្លៃ ០,១២៤$​/Kwh (៥០៣រៀល) នឹងចុះនៅត្រឹម ០,១១៧$/Kwh (៤៧០រៀល) នៅឆ្នាំ២០១៩ និងឆ្នាំ២០២០​។ អ្នកទិញតាមចរន្តតង់ស្យុងមធ្យម អនុស្ថានីយនៅក្នុងរាជធានីភ្នំពេញ ដែលបច្ចុប្បន្ននេះតម្លៃ ០,១៤៧៥$/Kwh(៥៩៨រៀល) នឹងចុះទៅដល់ ០,១៣៥០$/Kwh(៥៤៧រៀល) នៅឆ្នាំ២០១៩ និងនៅឆ្នាំ២០២០ ០,១៣៣០$/Kwh(៥៣៩រៀល) / អ្នកទិញតាមចរន្តតង់ស្យុងមធ្យមតាមខេត្តដែលតម្លៃបច្ចុប្បន្នគឺ ០,១២៦០$/Kwh(៥១១រៀល) ដែលនឹងចុះដល់ 0,១២២០$/Kwh(៤៩៥រៀល) នៅឆ្នាំ២០១៩ និងឆ្នាំ២០២០ តម្លៃរក្សាដដែល។
  • ប្រភេទទី២​៖ ប្រភេទប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ដែលទិញតាមខ្សែបញ្ជូនរង និងខ្សែតង់ស្យុងមធ្យមនៃតំបន់ចែកចាយ ដែលបច្ចុប្បន្នគឺតម្លៃ ០,១៦៥០$/Kwh(៦៧៦រៀល) នៅក្នុងរាជធានីភ្នំពេញ និង ០,១៦៤០$/Kwh(៦៧២រៀល) នៅតាមខេត្ត ដែលនឹងបញ្ចុះតម្លៃ ចុះ ០,១៤៧០$/Kwh(៥៩៥រៀល) ឆ្នាំ២០១៩ និង ០,១៤៦០$/Kwh(៥៩២រៀល) ឆ្នាំ២០២០។
  • ប្រភេទទី៣៖ គឺប្រើប្រាស់ក្នុងពាណិជ្ជកម្ម និងរដ្ឋបាល ដែលទិញតាមខ្សែបញ្ជូនរង និងខ្សែតង់ស្យុងមធ្យមនៃតំបន់ចែកចាយ តម្លៃបច្ចុប្បន្នគឺ ០,១៦៥០$/Kwh(៦៧៦រៀល) នៅទីក្រុងភ្នំពេញ ០,១៦៤$/Kwh(៦៧២រៀល)នៅតាមបណ្ដាខេត្ត ដែលនឹងចុះនៅត្រឹម ០,១៥៩០$/Kwh(៦៤៥រៀល) នៅឆ្នាំ២០១៩ និងបន្តចុះនៅត្រឹម០,១៥៨០$/Kwh(៦៤០រៀល) នៅឆ្នាំ២០២០។
  • ប្រភេទ៤៖ ប្រភេទប្រើប្រាស់តាមលំនៅដ្ឋាន ១ដល់១០Kwh ក្នុង១ខែ ដែលការប្រើប្រាស់បច្ចុប្បន្នភ្នំពេញ គឺ៦១០រៀល/Kwh និងតាមខេត្ត៤៨០រៀល/Kwh ដែលនឹងចុះនៅត្រឹម៣៨០រៀល/Kwh នៅឆ្នាំ២០១៩ និង ២០២០។ ការប្រើប្រាស់ចាប់ពី ១១ដល់៥០Kwh ដែលការប្រើប្រាស់បច្ចុប្បន្នគឺ ៦១០រៀល/Kwh នឹងចុះនៅត្រឹម៤៨០រៀល/Kwh នៅឆ្នាំ២០១៩- ២០២០។ ការប្រើប្រាស់ចាប់ពី ៥១Kwh ដល់ ២០០Kwhក្នុង១ខែ ដែលពេលនេះ នៅភ្នំពេញគឺ ៧៧០រៀល/Kwh តាមបណ្ដាខេត្ត៧២០រៀល/Kwh នឹងចុះនៅត្រឹម៦១០រៀល/Kwh នៅឆ្នាំ២០១៩​-២០២០​​។ លំនៅដ្ឋានដែលប្រើប្រាស់លើសពី ២០០Kwhក្នុង១ខែ ដែលបច្ចុប្បន្នតម្លៃគឺ​ ៧៧០រៀល/Kwh នៅក្រុងភ្នំពេញ និង ៧៥០រៀល/Kwhនៅតាមខេត្ត ដែលនឹងចុះថ្លៃនៅត្រឹម៧៤០រៀល/Kwh នៅឆ្នាំ២០១៩ និង៧៣០រៀល/Kwhនៅឆ្នាំ២០២០។
  • ប្រភេទទី៥៖ ការបូមទឹកក្នុងវិស័យកសិកម្ម ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៧ព្រឹក ត្រូវបង់៤៨០រៀល/Kwh នៅបន្ត ៤៨០រៀលKwh ដដែល។​
  • ប្រភេទទី៦៖ ការប្រើប្រាស់នៅតាម សាលារៀន មន្ទីពេទ្យ មណ្ឌលសុខភាព តម្លៃកំពុងប្រើប្រាស់បច្ចុប្បន្នគឺ ៧៧០រៀល/Kwh នឹងចុះនៅត្រឹម ៦១០រៀល/Kwh នៅឆ្នាំ២០១៩-២០២០។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តម្លៃអគ្គិសនីដែលនិយាយគ្នានេះ គឺជាតម្លៃអគ្គិសនីសម្រាប់ឆ្នាំ២០១៩ និង២០២០ប៉ុណ្ណោះ ត្រូវសិក្សាដើម្បីត្រៀមរៀបចំតម្លៃនៅឆ្នាំ២០២១ ដល់ ២០២៥ ហើយក៏សុំអះអាងជូនប្រជាពលរដ្ឋថា ឲ្យសិក្សា​ មិនមែនឲ្យសិក្សាដំឡើងថ្លៃទេ គឺឲ្យសិក្សាចុះថ្លៃ។

សម្តេចតេជោនាយករដ្ឋមន្ត្រី​ ក៏បានបញ្ជាក់ថា ការបញ្ចុះតម្លៃអគ្គិសនីសម្រាប់ឆ្នាំ២០១៩ និង២០២០នេះ គឺជាការជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការជំរុញការអភិវឌ្ឍន៍ដល់វិស័យឧស្សាហកម្មរបស់កម្ពុជាផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម