ក្រសួងពីរ រួមគ្នាបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវអន្តរគ្រឹះស្ថានឧត្តមសិក្សា ដើម្បីជំរុញការសិក្សាស្រាវជ្រាវនៅកម្ពុជា
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរួមគ្នាបង្កើត មជ្ឈមណ្ឌលស្រាវជ្រាវអន្តរគ្រឹះស្ថានឧត្តមសិក្សា ក្នុងវិស័យមនុស្សសាស្រ្ត-សង្គមសាស្ត្រ ។
ការចុះហត្ថលេខាបង្កើតមជ្ឈមណ្ឌលនេះ បានធ្វើឡើងដោយលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង លោកស្រីបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមការចូលរួមពីឯកអគ្គរដ្ឋទូតសហគមអឺរ៉ុប ព្រមទាំងតំ ណាងឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋបារាំង អគ្គនាយិកានៃវិទ្យាស្ថានជាតិភាសា និង អរិយធម៌បូព៌ាប្រទេសរបស់បារាំង ។
បើតាមការចេញផ្សាយដោយក្រសួងអប់រំ បានអោយដឹងថា ក្នុងគោលដៅលើកកម្ពស់ និងអភិ វឌ្ឍការស្រាវជ្រាវ ក្នុងវិស័យមនុស្សសាស្រ្ត-សង្គមសាស្ត្រ គ្រឹះស្ថានឧត្តមសិក្សាចំនួន៣ រួមមានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងវិទ្យាស្ថានជាតិអប់រំ ព្រមព្រៀងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវអន្តរគ្រឹះស្ថានឧត្តមសិក្សា ដើម្បីពង្រឹងវិស័យមនុស្សសាស្រ្ត-សង្គមសាស្រ្ត។
លោកបណ្ឌិត ហង់ ជួន ណារ៉ុន បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងដ៏មានសារៈសំខាន់មួយនេះ នឹងក្លាយទៅជាគោលការណ៍សម្រាប់បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ ។ លោក បញ្ជាក់ថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺជាព្រឹត្តការណ៍មួយដែលអនុញ្ញាតឱ្យភាគីពាក់ព័ន្ធបង្ហាញពីជំហរឆន្ទៈរបស់ខ្លួនក្នុងការចូលរួមសហប្រតិបត្តិការគ្នា ដែលសបញ្ជាក់ឱ្យឃើញថា មជ្ឍមណ្ឌល នឹងមានដំណើរការល្អក្នុងពេលអនាគត ។
លោករដ្ឋមន្ត្រី បានបន្ថែមថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ និងបានលើកកម្ពស់ការវិនិយោគជាច្រើន ផ្នែកវិទ្យាសាស្ត្រ ដូចជាការបង្កើតអគារវិទ្យាសាស្ត្រថ្មី នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អគារវិទ្យាសាស្ត្រថ្មី នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក៏ដូចជាការវិនិយោគក្នុងគម្រោងផ្សេងៗ ទៅលើបន្ទប់ពិសោធន៍ ទៅលើអគារខាងផ្នែកវិទ្យាសាស្ត្រ និងវិស្វកម្មជាដើម។
បើតាមក្រសួងអប់រំ យុវជន និងកីឡា សម្រាប់រយៈពេលខ្លីមជ្ឈមណ្ឌលនេះនឹងក្លាយជាទីដែលគ្រឹះស្ថានឧត្តមសិក្សាទាំង៣អាចដាក់រួមបញ្ចូលគ្នានូវមធ្យោបាយសម្ភារ និងសមត្ថភាពរបស់ខ្លួន ដើម្បីរំលេចការស្រាវជ្រាវរបស់កម្ពុជាក្នុងឆាកអន្តរជាតិ។ សម្រាប់រយៈពេលវែង មជ្ឈមណ្ឌលនេះនឹងក្លាយជាកម្លាំងចលករចូលរួមលើកកម្ពស់វប្បធម៌នៃការស្រាវជ្រាវផ្នែកមនុស្សសាស្ត្រសង្គមសាស្ត្រនៅកម្ពុជាតាមរយៈការពង្រឹងវិស័យអប់រំ និងរៀបចំរចនាសម្ព័ន្ធនៃការស្រាវជ្រាវ។គួររំលឹកថា គម្រោងអភិបាលកិច្ចនិងការរំលេចឡើង នៃការស្រាវជ្រាវផ្នែកមនុស្សសាស្ត្រនៅកម្ពុជា នេះមានរយៈពេល ៣ ឆ្នាំគិតចាប់ពីខែ តុលា ឆ្នាំ ២០១៦ ដល់ ខែ តុលា ឆ្នាំ ២០១៩ ក្រោមជំនួយឧបត្ថម្ភពីសហគមន៍អឺរ៉ុបហើយគម្រោងនេះមានគោលដៅលើកកម្ពស់ និងអភិវឌ្បការស្រាវជ្រាវ ផ្នែកមនុស្សសាស្ត្រនិងនវានុវត្តន៍នៅប្រទេស កម្ពុជា ដោយពង្រឹងសមត្ថភាពគ្រឹះស្ថានឧត្តមសិក្សាជាដៃគូតាមរយៈការរៀបចំវគ្គបណ្ដុះបណ្តាលនានា៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍