Connect with us

នៅកម្ពុជា មានសន្តិសុខឯកជនជិត ៣ម៉ឺននាក់ កំពុងបំពេញការងារ ចូលរួមការពារសន្តិសុខ និង សុវត្ថិភាពសង្គម

ភ្នំពេញ ៖ តាមតួរលេខពីអគ្គស្នងការនគរបាលជាតិ បានអោយដឹងថា នៅទូទាំងប្រទេសកម្ពុជា គិតមកទល់បច្ចុប្បន្ន មានសន្តិសុខឯកជន ដែលកំពុងបំពេញការងារចំនួនជាង ២ម៉ឺន ៦ពាន់នាក់ ដែលបានចូលរួមចំណែកក្នុងការការពារសន្តិសុខសុវត្ថិភាពដល់សង្គម ។

យោងតាមរបាយការណ៍ ដែលបានលើកឡើងដោយលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការ រងនគរបាលជាតិ និង ជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានអោយដឹងថា បច្ចុប្បន្ន នេះ ភ្នាក់​ងារសន្ដិសុខឯកជនទូទាំងប្រទេស មានចំនួន ២៦,៥៦៥ នាក់ ( ស្រី ២,៣៨១ នាក់ ) ក្នុង នោះ ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន សរុប ចំនួន ២៣៩ ក្រុមហ៊ុន និង សហគ្រាស គ្រឹះ​ស្ថានជ្រើសរើសភ្នាក់ងារសន្ដិសុខឯកជន ( មិនធ្វើសេវាសន្ដិសុខឯកជន ) មាន ចំនួន ១,៨៦៧ គ្រឹះស្ថាន ។

លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានបញ្ជាក់ថា វិស័យសន្តិសុខឯកជន ក៏បានរួមចំណែកមួយ ក្នុង ការថែរក្សាសន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគ និង ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ។

ទោះបីជាយ៉ាងណា លោកឧត្តមសេនីយ៍ឯក បានលើកឡើងថា ទន្ទឹមគ្នានឹងការកើនឡើងនៃចំនួនសន្តិសុខឯកជន ក៏ទាមទារឲ្យមានជំនាញច្បាស់លាស់ក្នុងការគ្រប់គ្រង ដើម្បីស៊ីសង្វាក់គ្នាជាមួយអាជ្ញាធរ ក្នុងគោលបំណងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និង សង្គម ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតផងដែរ ។

សូមបញ្ជាក់ថា នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងសន្តិសុខឯកជនដល់មន្ត្រីនគរបាលជាតិកម្ពុជា នៅថ្ងៃទី ១៩ ខែធ្នូនេះ លោកអគ្គស្នងការរងនគរបាលជាតិ ក៏បានស្នើសុំដល់ភាគីសន្តិសុខ សៀងហៃ ប្រទេសចិន បន្តជួយ បណ្តុះបណ្តាលគ្រូបង្គោលសម្រាប់មន្ត្រីនៃនាយកដ្ឋានគ្រង់គ្រងសន្តិសុខឯកជនកម្ពុជា បន្ថែមទៀតផងដែរ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម