Connect with us

ជីវិតតួឯកស្រី «ផ្លូវទៅកាន់ភូមិ» សេង ស្រីនាង ពិតជាកំសត់ទាំងក្នុង និង ក្រៅសាច់រឿង

តារាសម្តែង សេង ស្រីនាង ហៅ អូននាង ទទួលបានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ បន្ទាប់ពីបានទទួលតំណែងជាតួឯក ក្នុងរឿងភាគ «ផ្លូវទៅកាន់ភូមិ» ដែលបានចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ MyTV កាលពី៦ខែកន្លងទៅនេះ។ ហើយការសម្តែងរបស់កញ្ញាបានទទួលការចាប់អារម្មណ៍ និងកោតសរសើរមិនដាច់ពីមាត់ពីសំណាក់ទស្សនិកជនចំពោះទេពកោសល្យសម្តែងក្នុងរឿងមួយនេះ។ តាមរយៈរឿងមួយនេះកញ្ញាតំរូវឲ្យដើរតួរជា តួរទឹកភ្នែកដែលតែងតែបង្ហាញពីការអាណិតអាសូរដល់កុមារជនបទ និងជីវភាពអ្នកស្រែ ចម្ការដែលជួបបញ្ហាលំបាកផ្សេងៗ។ ក្នុងសាច់រឿង ទាមទារតម្រូវឲ្យកញ្ញាបង្ហាញពីអារម្មណ៍ទុក្ខសោក នឹងជីវភាពក្រីក្រដែលផ្ទុយស្រលះពីជីវភាពកូនអ្នកមាននៅទីក្រុង
ភ្នំពេញដែលកញ្ញាតំរូវឲ្យសម្តែងក្នុងរឿងនោះ តែតាមពិតទៅអតីតកាលរបស់ កញ្ញា អូន នាងក៏ធ្លាប់ជួបប្រវត្តិកំសត់មិនសូវជាខុសពីក្នុងរឿងប៉ុន្មានដែរ។

កើតឆ្នាំ១៩៩២ ក្នុងគ្រួសារជីវភាពមិនសូវជាមានបាននាទីក្រុងភ្នំពេញ អ្នកម្តាយរបស់ អូននាងត្រូវបង្ខំចិត្តផ្ញើកូនស្រីនៅជាមួយនឹងមឹង និងយាយនៅពេលខ្លះដើម្បីឲ្យរស់នៅ ព្រមទាំងអាចទៅសាលារៀនបានខណៈពេល ដែលម្តាយអូននាងត្រូវចេញទៅរកស៊ីនៅទីឆ្ងាយ។
អូននាងបាននិយាយថា៖ «តាំងពីក្មេងមកខ្ញុំចាប់ផ្តើមជីវិតឯករាជ្យដោយខ្លួនឯង ព្រោះប៉ាម៉ាក់ ខ្ញុំមិនសូវជាមានលុយ ហើយត្រូវរស់នៅជាមួយមឹងនិងយាយពេលខ្លះដើម្បីជួយ ធ្វើការពួកគាត់ឲ្យបានលុយបន្តិចបន្តួច សន្សំទុកទិញសម្ភារៈផ្ទាល់ខ្លួនផងថែមទាំងទៅរៀនខ្លួនឯងផង និយាយរួមគឺ ត្រូវតែដោះស្រាយដោយខ្លួនឯងគ្រប់ជំពូក»។

ពេលបញ្ចប់ថ្នាក់ទី ១២នៅវិទ្យាល័យ ឥន្រ្ទទេវី កញ្ញាត្រូវបងស្រីថ្លៃ ផ្ញើឲ្យនៅហាត់ដើរម៉ូតនៅ កន្លែងបង្រៀនដើរម៉ូតមួយកន្លែងដែលជាពេលមួយ ផ្តល់ឱកាសដល់កញ្ញាឈានចូលក្នុងវិស័យសម្តែង រឿងភាគទូរទស្សន៍ និងភាពយន្តខ្នាតធំ។

បន្ទាប់ពីបានទទួលការសម្តែង ក្នុងខ្សែភាពយន្តភាគរបស់ទូរទស្សន៍មួយ ដែលតំរូវឲ្យដើរតួរជា
តួរឆ្នាស់ ក្នុងរយៈពេលបីឆ្នាំកន្លងទៅនេះកញ្ញាអូននាងបានខិតខំពុះពារ សម្តែងទាំងតួរឯក និង តួររង ចំនួន១០រឿងរួចមកហើយ។ រយៈពេលប៉ុន្មានឆ្នាំនេះកញ្ញាបាននិយាយថា៖ «ខ្ញុំបានទទួលការណែនាំពីលោកគ្រូៗមួយចំនួន និងជាពិសេសតំរង់ទិសឲ្យក្លាយជាតួរកំសត់នេះក្នុងរឿផ្លូវទៅកាន់ភូមិនេះឯង»។
សម្រាប់គោលបំណងរបស់នៅថ្ងៃអនាគតកញ្ញាអូននាងបានបង្ហើបឲ្យដឹងថាកញ្ញាចង់ពង្រឹង ខ្លួនឲ្យក្លាយជាតារាសម្តែងក្នុងភាពយន្តខ្នាតធំហើយថែមទាំងឈានជើងទៅកាន់តួរនាទីសំខាន់ៗក្នុងរឿងភាគទូរទស្សន៍ ក៏ដូចជាខ្សែភាពយន្តខ្នាតធំផងដែរ។

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម